កងកម្លាំងចម្រុះ ស្វែងរកសពស្ត្រីម្នាក់ ដែលជំនន់ទឹកភ្លៀងអូសតាមទឹក ខណៈកំពុងឆ្លងអូរព្រំដែនមកពីប្រទេសថៃ
(ប៉ៃលិន) ៖រដ្ឋបាលខេត្តប៉ៃលិន បានឲ្យដឹងថា រហូតមកដល់ថ្ងៃទី២២កញ្ញានេះ ស្ត្រីម្នាក់ដែលជំនន់ទឹកភ្លៀងអូសតាមទឹក ខណៈកំពុងឆ្លងអូរព្រំដែនមកពីប្រទេសថៃ ពុំទាន់រកឃើញសពនៅឡើយ។ សូមបញ្ជាក់ថា រសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយឯកឧត្តមចេង ញ៉ាន់ អភិបាលរងខេត្ត និងក្រុមការងារ បានអញ្ជើញពិនិត្យមើលដល់ កន្លែង កើតហេតុ និងដឹកនាំកងកម្លាំងចម្រុះដោយផ្ទាល់ បន្តស្វែងរកសពស្ត្រីរងគ្រោះ ដែលត្រូវជំនន់ទឹកភ្លៀងអូសតាមទឹក ខណៈពេលដែលរូបគាត់និងពលករខ្មែរដទៃទៀត កំពុងព្យាយាមឆ្លងអូរព្រំដែនត្រឡប់មកពី ប្រទេសថៃវិញ ហើយមកដល់ពេលនេះ សាកសពស្ត្រីរងគ្រោះ មិនទាន់រកឃើញនៅឡើយទេ។
ក្នុងឱកាសនោះ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ជំរុញដល់កម្លាំងចម្រុះទាំងអស់ ត្រូវសហការជាមួយសាច់ញាតិជនរងគ្រោះ និងភាគីថៃ ធ្វើការរុករកសពស្ត្រីរងគ្រោះនៅ តាមបណ្តោយអូរព្រំដែនឱ្យឃើញ ដើម្បីប្រគល់ឱ្យក្រុមគ្រួសារសព យកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតវិញ។
ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ដោយសារប៉ុន្មានថ្ងៃនេះ មានភ្លៀងធ្លាក់ច្រើន នៅតាមតំបន់ភ្នំផ្នែកខាងលើ ដែលបណ្តាលទឹកស្ទឹងប៉ៃលិន និងតាមអូរនានាក្នុងខេត្ត មានសភាពឡើងខុសប្រក្រតី បង្កទៅជាជំនន់ទឹកភ្លៀង ដូច្នេះបងប្អូនដែលរស់នៅតាមបណ្តោយដងស្ទឹងប៉ៃលិន និងអូរនានា ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ហើយអាជ្ញាធរមូលដ្ឋាន ត្រូវសហការជាមួយអង្គភាពជំនាញពាក់ព័ន្ធ ជាពិសេសមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត ត្រូវសិក្សារកទីតាំងរំដោះទឹកចេញ បើសិនជាជំនន់ទឹកភ្លៀងមានស្ថានភាពមិនល្អ ព្រមទាំងធ្វើការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
សូមរំលឹកថា៖ កាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ឈមនឹងស្រុកពោណាំរ៉ន ខេត្តច័ន្ទបុរី ប្រទេសថៃ ពលករឆ្លងដែន មានគ្នា៣នាក់ ត្រូវជាម្តាយ ឪពុក កូននឹងគ្នា ក្នុងនោះជនរងគ្រោះដែលបានស្លាប់និងបាត់ខ្លួនមានឈ្មោះ សេង ស្រីម៉ៅ អាយុ ៤១ឆ្នាំ រស់នៅភូមិស្វាយមាស ឃុំកណ្តុរជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ចំណែកប្តីមានឈ្មោះ ឆោ ឆេង អាយុ ៤១ឆ្នាំ និងកូនស្រីមានឈ្មោះ ឆេង ដាណេត អាយុ ១៥ឆ្នាំ បានលួចឆ្លងដែនពីប្រទេសថៃចូលមកកម្ពុជាវិញ តាមច្រក ធម្មជាតិ អូរព្រំដែនកម្ពុជា+ថៃ ខណៈស្ថានភាពទឹកកំពុងឡើងខ្លាំង ដោយជំនន់ទឹកភ្លៀង ដោយអូសជនរងគ្រោះ ទៅតាមទឹកបាត់ទៅ ហើយរហូតមកដល់ពេលនេះ រកសពមិនទាន់ឃើញនៅឡើងទេ ដោយសារស្ថានភាព អូរនៅព្រំដែនមានព្រៃច្រើន និងសម្បូរទៅដោយគ្រាប់មីន ធ្វើឱ្យក្រុមការងារ និងកងកម្លាំងចម្រុះពិបាកក្នុងការ រុករកសពជនរងគ្រោះ៕