ខូឡាជែនគឺជាប្រភពនៃប្រូតេអ៊ីនមួយប្រភេទដែលបានផ្តល់ឱ្យស្បែកមានសុខភាពល្អភ្លឺទន់រលោង។ ។ នៅពេលយើងមានវ័យកាន់តែចាស់ការផលិតនៃខូឡាជែន សម្រាប់សារពាង្គកាយក៏តិចទៅៗដែលវាបានបណ្ដាលឲ្យស្បែករបស់យើងមានសភាពជ្រីវជ្រួញ ស្គមស្គាំង ពេលខ្លះទៀតក៏បណ្ដាលឲ្យសក់ជ្រុះផងដែរ ។
បច្ចុប្បន្ននៅលើទីផ្សារគឺមានកំណើននៃការចែកចាយផលិតផលប្រភេទខូឡាជែនជាច្រើន។ តើប្រភេទថ្នាំគ្រាប់ខូឡាជែននិងម្សៅគឺជាជម្រើសដែលល្អបំផុតមែនទេ? មិនប្រាកដដែលប៉ុន្តែប្រភេទខូឡាជែនទាំងនោះគឺមានតម្លៃថ្លៃដែលតម្រូវឲ្យយើងត្រូវចំណាយច្រើនប្រសិនបើយើងចង់ប្រើប្រាស់វា។ ប្រសិនបើបងប្អូនមិនចង់ធ្វើការចំណាយច្រើនហើយចង់ឲ្យសារពាង្គកាយទទួលបានជាតិខូឡាជែនគ្រប់គ្រាន់នោះបងប្អូនអាចជ្រើសរើសបរិភោគបន្លែផ្លែឈើណាដែលជាប្រភពក្នុងការបង្កើតជាតិខូឡាជែន។
ថ្ងៃនេះយើងសូមណែនាំបន្លែផ្លែឈើទាំង៩ប្រភេទដែលជាប្រភពនៃការបង្កើតខូឡាជែនក្នុងសារពាង្គកាយ។ ខាងក្រោមគឺបន្លែផ្លែឈើទាំង៩ប្រភេទនេះ៖
១.ផ្លែក្រូច
វីតាមីនCដើរតួយ៉ាងសំខាន់ក្នុងការផលិតខូឡាជែនសម្រាប់រាងកាយ។ ដូច្នេះការទទួលជាតិវីតាមីនCគ្រប់គ្រាន់គឺចាំបាច់បំផុតសម្រាប់រាងកាយយើង។
ដូចដែលអ្នកដឹងហើយថាប្រភេទនៃផ្លែក្រូចដូចជាផ្លែក្រូចថ្លុង ក្រូចឆ្មា ក្រូចខ្វិចជាដើមគឺសំបូរទៅដោយសារធាតុចិញ្ចឹមមួយនេះ។ អ្នកអាចបរិភោគក្រូចថ្លុង ឬទំពាំងបាយជូរសម្រាប់អាហារពេលព្រឹក ក៏ដូចជាអាចបន្ថែមនូវទឹកក្រូចបន្ទាប់ពីអ្នកបរិភោគសាឡាត់ផងដែរ។
២. ផ្លែប៊ឺរី
ទោះបីជាគេដឹងថាផ្លែក្រូចជាប្រភពនៃវីតាមីនCក៏ដោយប៉ុន្តែផ្លែប៊ឺរីក៏ជាប្រភពនៃវីតាមីនCមួយទៀតផងដែរ។ សម្រាប់ផ្លែស្ត្របឺរីគឺពិតជាផ្តល់វីតាមីន C ច្រើនជាងផ្លែក្រូច។ ដើម្បីបំពេញជាតិវីតាមីនCនៅក្នុងសារពាង្គកាយរបស់អ្នកបន្ថែមទៀតនោះអ្នកអាចជ្រើសបរិភោគនូវ Raspberry, blueberries និង blackberries ជាដើម។ លើសពីនេះទៅទៀតផ្លែប៊ឺរីមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ដែលការពារស្បែកពីការបំផ្លាញ ។
៣.ផ្លែឈើនៅតំបន់ត្រូពិក
ផ្លែឈើដែលសំបូរទៅដោយវីតាមីCភាគច្រើនគឺជាប្រភេទផ្លែឈើដែលដុះនៅតំបន់ត្រូពិក។ ផ្លែឈើទាំងនោះមានដូចជាស្វាយ គីវី ផ្លែម្នាស់និងផ្លែត្របែកជាដើម។ ក្នុងផ្លែត្របែកមានបរិមាណស័ង្កសី សមល្មមដែលជាកត្តារួមផ្សំមួយទៀតសម្រាប់ផលិតខូឡាជែន។
៤. ខ្ទឹមស
ខ្ទឹមសអាចបន្ថែមរសជាតិឈ្ងុយឆ្ងាញ់នៃម្ហូបអាហារ។បន្ថែមពីនេះវាក៏អាចជម្រុញដល់ការផលិតខូឡាជែននៅក្នុងខ្លួនរបស់អ្នកផងដែរ។ ការស្រាវជ្រាវមួយបានឲ្យដឹងថា ខ្ទឹមសគឺមានស្ពាន់ធ័រខ្ពស់ដែលជួយការពារការបំផ្លាញផ្សេងៗមកលើខូឡាជែន។ ប៉ុន្តែត្រូវប្រាកដថាអ្នកបានបរិភោគវាក្នុងកម្រិតសមល្មម។
៥. បន្លែបៃតង
យើងទាំងអស់គ្នាដឹងថាបន្លែបៃតងគឺដើរតួយ៉ាងសំខាន់ក្នុងរបបអាហារដើម្បីឲ្យរាងកាយមានសុខភាពល្អ។
ប្រភទបន្លែបៃតង ក៏ដូចជាសាឡាត់ ត្រូវបានគេទទួលស្គាល់ថាមានលក្ខណៈប្រឆាំងអុកស៊ីតកម្ម។ ការសិក្សាមួយចំនួនបានបង្ហាញថាការទទួលទានបន្លែបៃតងជួយបង្កើនដល់ការផលិតខូឡាជែននៅក្នុងស្បែក ។
៦. សណ្តែក
សណ្តែកគឺជាអាហារដែលមានជាតិប្រូតេអ៊ីនខ្ពស់។ជារឿយៗវាមានផ្ទុកអាស៊ីតអាមីណូដែលចាំបាច់សម្រាប់ការសំយោគខូឡាជែន។ លើសពីនេះទៀត ភាគច្រើនគឺសំបូរទៅដោយជាតិទង់ដែងដែលជាសារធាតុចិញ្ចឹមចាំបាច់មួយទៀតសម្រាប់ការផលិតខូឡាជែន។
៧. គ្រាប់ស្វាយចន្ទី
គ្រាប់ស្វាយចន្ទីគឺជាប្រភេទគ្រាប់ធញ្ញជាតិមួយប្រភេទដ៏ពេញនិយម។ នៅក្នុងគ្រាប់ស្វាយចន្ទីមានផ្ទុកនូវសារជាតិស័ង្កសីដែលជួយបង្កើនសមត្ថភាពរបស់រាងកាយក្នុងការបង្កើតខូឡាជែន។
៨. ប៉េងប៉ោះ
ប្រភពវីតាមីន C បានលាក់ខ្លួននៅក្នុងប៉េងប៉ោះ ជាមធ្យមប៉េងប៉ោះមួយអាចផ្តល់នូវសារធាតុចិញ្ចឹមសំខាន់ៗដល់ទៅជិត ៣០%សម្រាប់កូឡាជែន។ ផ្លែប៉េងប៉ោះក៏មានផ្ទុកនូវសារជាតិ Lycopene ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលសម្រាប់ទ្រទ្រង់ស្បែកផងដែរ។
៩. ម្ទេសប្លោក
មនុស្សភាគច្រើនបានមើលរំលងម្ទេសមួយប្រភេទនេះ។ បន្លែប្រភេទនេះគឺសម្បូរទៅដោយវីតាមីន C ខ្ពស់។ វាក៏ផ្ទុកនូវសារធាតុ capsaicin ដែលជាសមាសធាតុប្រឆាំងនឹងរោគសញ្ញានៃភាពចាស់ផងដែរ។
ប្រភព៖ healthline
ប្រែសម្រួល៖ រិទ្ធី កុល្លិកា