ពលរដ្ឋតំបន់ឆ្នេរ និងអ្នកប្រកបរបរនេសាទ ត្រូវប្រុងប្រយ័ត្នខ្ពស់ ព្រោះជ្រលងសម្ពាធទាបនៅបន្តគ្របដណ្តប់ទូទាំងប្រទេស
ក្រសួងធនធានទឹក និងឧតុនិយម បានចេញប្រកាសថ្មីមួយនៅថ្ងៃអង្គារនេះ ឲ្យពលរដ្ឋនៅតាមតំបន់មាត់សមុទ្រ ពិសេសអ្នកនេសាទ និងអ្នកដំណើរតាមសមុទ្រ ប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លៀងខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី ២៤-២៧ ខែកញ្ញ។
នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក បានឲ្យដឹងទៀតថា នៅថ្ងៃទី ២៣ ខែកញ្ញា ស្អែកនេះ ប្រព័ន្ធសម្ពាធទាបនឹងអូសបន្លាយឆ្លងកាត់លើភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពបែបនេះ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល អាចមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ខណៈបណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅមធ្យម រីឯខេត្តនៅតាមតំបន់មាត់សមុទ្រ នឹងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន។
ស្ថានភាពបែបនេះ ក្រសួងធនធានទឹក បានក្រើនរំលឹកដល់ពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ អាចកើតមាន ជាពិសេសនៅតាមបណ្តាខេត្តតំបន់វាលទំនាបកណ្តាល៕ ដោយ៖ ទួន សុផល