ការចិញ្ចឹមមើលថែលកូនដែលជួយឲ្យកូនធំធាត់ឡើងជាបុគ្គលជោគជ័យមិនមែនជារឿងដែលមានរូបមន្តបកស្រាយបានច្បាស់លាស់ទេ ។ លោកសាស្ត្រាចារ្យ រ៉ូណល ហ្វឺហ្គឺសាន់ (Ronald Ferguson) ដែលមកពីសាកលវិទ្យាល័យ Harvard ដែលបានចំណាយពេលសិក្សាពីឥទ្ធិពលនៃស្តាយចិញ្ចឹមកូនលើឱកាសជោគជ័យបានប្រាប់ឲ្យដឹងថា ឪពុកម្តាយដែលដើរតួដូចខាងក្រោមនេះអាចជួយបង្កើនឱកាសជោគជ័យរបស់កូន ។
១. ដៃគូរៀន
ឪពុកម្តាយមានតួនាទីធ្វើឲ្យកូនៗចាប់អារម្មណ៍លើការរៀនសូត្រតាំងពីនៅក្មេង ឬមុនពេលចាប់ផ្តើមទៅរៀននៅសាលា ។ លោកសាស្ត្រាចារ្យគិតថាតួនាទីនេះមានសារៈសំខាន់ជាងគេក្នុងចំណោមតួនាទីទាំងអស់ ។ លោកបានប្រាប់មកទៀតថា ក្មេងដែលជោគជ័យភាគច្រើនអាចអានអក្សរងាយៗតាំងពីនៅថ្នាក់មតេយ្យ ។
២. អ្នកតាមដានការលូតលាស់
តួនាទីនេះតម្រូវឲ្យឪពុកម្តាយតាមដានបរិស្ថានដែលជួយដល់ការលូតលាស់របស់កូនៗ និងធានាថាពួកគេទទួលបានអ្វីដែលពួកគេត្រូវការ ។ វាមិនមែនមានន័យថាឪពុកម្តាយត្រូវខ្វល់ខ្វាយពីគ្រប់រឿងទាំងអស់ក្នុងជីវិតកូនៗទេ ព្រោះការធ្វើដូច្នេះធ្វើឲ្យកូនៗមិនមានភាពឯករាជ្យ ។
៣. ទស្សនៈវិទូ
លោក ហ្វឺហ្គឺសាន់ បាននិយាយទៀតថា តួនាទីនេះមានសារៈសំខាន់លេខពីរ ព្រោះវាជួយឲ្យកូនៗរកបាននូវគោលដៅក្នុងជីវិតរបស់ខ្លួន ។ ឪពុកម្តាយដើរតួជាអ្នកសួរ និងឆ្លើយសំណួរជ្រៅៗទាក់ទិនពីជីវិត និងមិនមើលងាយសមត្ថភាពរបស់កីនៗក្នុងការយល់ពីប្រធានបទនេះឡើយ ។
៤. គំរូ
តួនាទីនេះជាតួនាទីដែលឪពុកម្តាយជាច្រើនព្យាយាមដើរតួអស់រយៈពេលជាយូរមកហើយ ។ ឪពុកម្តាយដែលជោគជ័យក្នុងផ្នែកនេះជាមនុស្សដែលដឹងពីតម្លៃដែលខ្លួនគោរពច្បាស់លាស់ និងព្យាយាមបង្រៀននូវគោលការណ៍ទាំងនោះទៅកូនៗដែរ ។
៥. អ្នកចរចា
តួនាទីនេះជួយបង្រៀនដល់កូនៗឲ្យចេះគោរពអ្នកដទៃពេលដែលពួកគេព្យាយាមការពារខ្លួនឯង និងការពារអ្វីដែលពួកគេជឿជាក់លើ ជាពិសេសនៅចំពោះមុខមនុស្សដែលមានអំណាច និងឋានៈខ្ពស់ខ្ពស់ក្នុងសង្គមជាដើម ៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព