រាជធានីភ្នំពេញ៖ ពលរដ្ឋកម្ពុជានៅប្រទេសឥណ្ឌាចំនួន១៧នាក់ និងនៅប្រទេសប៉ាគីស្ថានចំនួន២២នាក់ បានធ្វើដំណើរឆ្លងកាត់ប្រទេសម៉ាឡេស៊ីត្រឡប់ទៅប្រទេសកម្ពុជា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ វេលាម៉ោង៩ព្រឹក នឹងមកដល់រាជធានីភ្នំពេញ នៅវេលាម៉ោង១០នាទី តាមជើងយន្តហោះពាណិជ្ជកម្ម របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីលេខ MH754។ នេះបើតាមការចេញផ្សាយរបស់អគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី នៅថ្ងៃទី៣១ ខែកក្កដានេះ។
តាមប្រសាសន៍ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី លោក ចឺយ វិចិត្ត បានបញ្ជាក់ថា នៅថ្ងៃនេះថា «ពលរដ្ឋកម្ពុជានៅប្រទេសឥណ្ឌាចំនួន១៧នាក់ និងនៅប្រទេសប៉ាគីស្ថានចំនួន២២នាក់ ដែលក្នុងនោះរួមមាន អ្នកដំណើរទូទៅ អ្នកមកពីព្យាបាលជំងឺ និងនិស្សិត បានធ្វើដំណើរឆ្លងកាត់ ប្រទេសម៉ាឡេស៊ីត្រឡប់ទៅប្រទេសកម្ពុជា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ វេលាម៉ោង០៩:០០ នាទីព្រឹក ហើយទៅដល់រាជធានីភ្នំពេញ នៅវេលាម៉ោង១០:០០នាទី តាមជើងយន្តហោះពាណិជ្ជកម្ម របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីលេខ MH754 ដែលមានអ្នកដំណើរសរុបចំនួន 123 នាក់ ក្នុងនោះក៏មានជនបរទេស 43 នាក់ផងដែរ»។
លោក ចឺយ វិចិត្ត បានជម្រាបជូនថា ការវិលត្រឡប់របស់ពលរដ្ឋកម្ពុជាទាំងនេះ ជាការជួយសម្របសម្រួលរបស់ស្ថានទូត ។ ពលរដ្ឋកម្ពុជាមកពីទីក្រុងញូវដែលី បានធ្វើដំណើរតាមជើងយន្តហោះពាណិជ្ជកម្មពិសេស Air India Express ដោយបានមកដល់ទីក្រុងគូឡាឡាំពួ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ហើយពលរដ្ឋកម្ពុជាមកពីប្រទេសប៉ាគីស្ថានដែលបានឆ្លងកាត់តាមទីក្រុងដូហាបានមកដល់ទីក្រុងគូឡាឡាំពួ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ។ លោកបានបញ្ជាក់ថា ដោយខ្វះបន្ទប់សណ្ធាគារសំរាប់ស្នាក់នៅក្នុងអាកាសយានដ្ឋាន KLIA-1 ស្ថានទូតបានធ្វើការសម្របសម្រួលជាមួយអាជ្ញាធរអាកាសយានដ្ឋាន ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡាស៊ី និងសណ្ឋាគារ Sama Sama ផ្ទេរអ្នកដំណើរទាំងអស់ឱ្យទៅស្នាក់នៅសាខារបស់សណ្ធាគារ Sama Sama នៅក្នុងអាកាសយានដ្ឋាន KLIA-2 វិញ។
បើយោងតាមបទបញ្ជារបស់អាជ្ញាធរ ក្នុងអំឡុង ពេលនៃការរាតត្បាតនៃជំងឺកូវីដ១៩ ការផ្ទេអ្នកដំណើរពីអាកាសយានដ្ឋានមួយទៅអាកាសយានដ្ឋានមួយទៀត មិនត្រូវបានអនុញ្ញាតទេ ។ លោកឯកអគ្គរាជទូតបានឱ្យដឹងបន្ថែមថា នៅមានប្រជាពលរដ្ឋ និងនិស្សិតកម្ពុជាដែល កំពុងជាប់គាំងនៅតាមប្រទេសផ្សេងៗបានទាក់ទងមកស្ថានទូត ស្នើសុំជួយសម្របសម្រល និងតភ្ជាប់ ជើងយន្តហោះឱ្យពួកគាត់បានវិលត្រឡប់ទៅកម្ពុជាវិញ ពីព្រោះម៉ាឡេស៊ីជាចំណុចតភ្ជាប់ការហោះហើរ ត្រង់ទៅកម្ពុជាដែលជិតបំផុតក្នុងអំឡុងពេលនេះ ហើយការចំណាយរបស់អ្នកដំណើរអស់តិចជាងគេ។
ជាពិសេស អ្នកដំណើរដែលមកពីអឺរ៉ុប អាហ្វ្រិក និងអាស៊ី អាចធ្វើដំណើរឆ្លងកាត់ទីក្រុង Dubai ឬ Doha ដែលជាកន្លែងឆ្លងកាត់អន្តរជាតិធំបំផុត ដើម្បីបន្តជើងយន្តហោះត្រង់មកកាន់ទីក្រុងគូឡាឡាំពួ រួចទៅកាន់ប្រទេសកម្ពុជាយើង។
ក្នុងអំឡុងពេលនៃការរីករាលដាលនៃជម្ងឺកូវីដ១៩ រហូតមកដល់ពេលនេះ ស្ថានទូតបាន សម្របសម្រួល និងជួយរៀបចំការវិលត្រឡប់ និងការឆ្លងកាត់របស់ប្រជាពលរដ្ឋ ពលករ-ពលការនី និងសិស្ស-និស្សិតកម្ពុជា បានចំនួន៨លើក សរុបមានចំនួន៩៤៧នាក់ ដែលក្នុងនោះរួមទាំងការ សហការបញ្ជូនពលរដ្ឋកម្ពុជា ជាប់ឃុំឃាំងនៅប្រទេសម៉ាឡេស៊ី ចំនួន១៣២នាក់ ផងដែរ៕ ត្នោត