
រាជធានីភ្នំពេញ ៖ តារាសម្តែងប្រុសស្រស់សង្ហា លោក លឹម ជាឡាយ បានធ្វើអោយមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីយប់មិញថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០កន្លងទៅនេះ ដោយតារាភាពយន្តរូបនេះបានជួបឧប្បត្តិវហេតុបើកបររថយន្តទៅបុកនឹងបង្គោលភ្លើង និងខូចខាតរថយន្តយ៉ាងដំណំ តែសំណាងល្អរូបលោកផ្ទាល់មិនបានរងរបួស ឬក៏បានបង្កជារបួសស្នាមដល់អ្នកដំណើរដទៃទៀតឡើយ ។
យ៉ាងណាមិញ ក្រោយពីជួបឧប្បត្តិវហេតុរួចមក លោក លឹម ជាឡាយ បានបង្ហោះសារមួយដែលនិយាយពីអត្តចរិតរបស់ខ្លួនទៅដល់មហាជនអោយបានដឹងថា «តាំងពីកើតមកគឺខ្ញុំជាមនុស្សបែបនេះ ចរិកត្រង់ទៅត្រង់មក ច្បាស់ៗ សម្ដីអាក្រក់ខ្លះ ហើយក៏រាងឈ្លើយបន្តិចដែរ ។ ចូលចិត្តលេងសើចច្រើន ដើម្បីអោយជីវិតមានន័យ តែខ្ញុំស្មោះត្រង់នឹងមនុស្សដែលស្មោះត្រង់នឹងខ្ញុំដូចគ្នា ។
ខ្ញុំមិនដែលគិតទៅច្រណែនជីវិតរបស់អ្នកណាទេ រាប់អានជាមួយគ្នាក៏អោយអស់ពីចិត្ត ឃើញអីនិយាយប្រាប់ហ្នឹង មិនចូលចិត្តលាក់ ។ ខ្ញុំទម្លាប់ប្រដៅខ្លួនឯងថា បើអ្នកណាមកល្អដាក់ខ្ញុំ ខ្ញុំក៏តបស្នងដោយបេះដូង»។ គួរបញ្ជាក់ផងដែរថា តារាសម្តែងប្រុសដ៏មានសមត្ថភាព និងទេពកោសល្យរូបនេះនៅក្នុងការសម្តែងរូបនេះ មិនដែលមានព័ត៌មានពីរឿងអាស្រូវជួបគ្រោះថ្នាក់បែបនេះ នាពេលកន្លងមកនោះទេ ដោយនេះជាលើកទី១ហើយ ៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព