ខេត្តព្រះសីហនុ៖ ជំងឺគ្រុនក្តៅ និងឡើងកន្ទួលចម្លែក កំពុងឆ្លងពីម្នាក់ទៅម្នាក់ផ្អើលពេញឃុំស្រុក ប្រជាពលរដ្ឋ និងមន្ត្រីមូលដ្ឋាននៅក្នុងឃុំវាលរេញ ស្រុកព្រៃនប់ បានរៀបរាប់ពីអាការៈរោគសញ្ញា ដោយចេញកន្ទួលក្រហម ក្តៅខ្លួន និងឈឺខ្លួនប្រាណ ដែលកំពុងកើតមាននោះ ត្រូវបានគេសង្ស័យថា ជាជំងឺគ្រុនឈីក។
ករណីនេះ មន្ត្រីជំនាញសុខាភិបាល បានណែនាំឱ្យពលរដ្ឋនាំអ្នកជំងឺទៅពិគ្រោះ និងពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដើម្បីកំណត់ពីរោគសញ្ញានេះឱ្យបានច្បាស់លាស់។ ប៉ុន្តែពលរដ្ឋភាគច្រើនបានព្យាយាមព្យាបាលនៅនឹងមូលដ្ឋានផ្ទាល់ ដោយមិនសូវមានអ្នកទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកឡើយ ។
ប្រការនេះហើយ ដែលធ្វើឱ្យតួលេខចំនួនអ្នកជំងឺ (សង្ស័យថា គ្រុនឈីក) នៅតាមមូលដ្ឋានខ្លះមិនច្បាស់លាស់នោះទេ ដោយខ្លះថាមានច្រើន ខ្លះទៀតថាមានតិច ដូច្នេះដែលជាការចាំបាច់ គួរតែមានកិច្ចសហការពីមន្ត្រីមូលដ្ឋានជាមួយផ្នែកសុខាភិបាល ដើម្បីពិនិត្យវាយតម្លៃឱ្យច្បាស់ លាស់ពីស្ថានភាពជំងឺ និងចាត់វិធានការជួយការពារសុខភាពរបស់ប្រជាពលរដ្ឋ៕ ត្នោត