ខេត្តបន្ទាយមានជ័យ៖ មន្ត្រីគយ និងរដ្ឋាករតំបន់៥ បានចុះបង្ក្រាបហាងលក់ទូរស័ព្ទដៃចំនួន៣កន្លែង នៅក្រុងសិរីសោភ័ណ ដោយដកហូតបានទូរស័ព្ទដៃជាង៣០០គ្រឿងដែលនាំចូលគេចពន្ធ និងគ្មានច្បាប់អនុញ្ញាត។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ស្ថិតក្នុងក្រុងសិរីសោភ័ណ។
ក្នុងប្រតិបត្តិការចុះបង្ក្រាបហាងលក់ទូរស័ព្ទដៃខាងលើនេះ គេឃើញមានវត្តមានលោក ឈួន សោភា ប្រធានការិយាល័យគយ និងរដ្ឋាករស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់ខេត្ត និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដែលដឹកនាំមន្ត្រីគយ និងរដ្ឋាករ ព្រមទាំងកម្លាំងលកងរាជអាវុធហត្ថ និងកម្លាំងនគរបាលផងដែរ។
របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ការចុះបង្ក្រាបទីតាំងលក់ទូរស័ព្ទដៃចំនួន៣កន្លែងនៅក្រុងសិរីសោភ័ណនេះ គឺដកហូតទូរស័ព្ទដៃបានចំនួនជាង៣០០គ្រឿង ដោយក្នុងនោះមានប្រភេទម៉ាក SAMSUNG ម៉ាក OPO និងម៉ាក VIVO ដែលជាទូរស័ព្ទនាំចូលគេចពន្ធ និងគ្មានច្បាប់អនុញ្ញាតិ ។
នគរបាលបញ្ចាក់ថា នៅពេលដែលមន្ត្រីគយ និងរដ្ឋាករ បានចុះពិនិត្យហាងលក់ទូរស័ព្ទទាំង៣កន្លែងនៅក្រុងសិរីសោភ័ណ និងដកហូតទូរស័ព្ទចំនួនជាង៣០០គ្រឿងរួច ហើយធ្វើកិច្ចសន្យាដល់ម្ចាស់ហាងលក់ទូរស័ព្ទឱ្យបញ្ឈប់សកម្មភាពលក់ទូរស័ព្ទគ្មានច្បាប់ ឬគ្មានពន្ធតទៅទៀត ចំណែកឯទូរស័ព្ទដែលដកហូតត្រូវបានរៀបចំឯកសាររក្សាទុកនៅការិយាល័យ ដើម្បីអនុវត្តន៍តាមច្បាប់៕ ត្នោត