ពិតណាស់ស្ដាប់ទៅវាមិនគួរឱ្យជឿទេ។ អបិយជំនឿគឺវាមាននៅជុំវិញខ្លួនរបស់យើង ហើយមិនមែនមានតែខ្មោចព្រាយបិសាចអារក្ខអ្នកតាទេវតាទេ គឺមានលើសពីនេះនិងគួរឱ្យងឿងឆ្ងល់ជាងនេះ។ នេះគឺជាការយល់ឃើញរបស់ប្អូនប្រុស វង្ស ដារ៉ូត ដែលបានទំនាក់ទំនងមករាត្រីរន្ធត់ដើម្បីចែករំលែករឿងពិតរបស់ខ្លួនដែលខ្លួនបានជួប។
គ្រប់យ៉ាងកើតឡើងកាលពីពេលថ្មីៗនេះឯង។
ខ្ញុំជាសិស្សថ្នាក់ទី 12 នៅវិទ្យាល័យ ហើយរស់នៅឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។ ដោយសារតែ Covid-19 បានរាលដាលទូទាំងពិភពលោក ប៉ុន្តែខ្ញុំមិនចង់ឱ្យវារាំងស្ទះការខិតខំប្រឹងប្រែងរៀនសូត្ររបស់ខ្ញុំ ខ្ញុំតែងតែទៅរៀនបន្ថែមនៅផ្ទះរបស់មិត្តខ្ញុំ ដែលនៅមិនឆ្ងាយប៉ុន្មានពីសាលារៀនទេ តែនៅឆ្ងាយពីផ្ទះរបស់ខ្ញុំព្រោះផ្ទះរបស់ខ្ញុំចូលតាមច្រកតូចផ្លូវគ្រួសក្រហម។
រាល់ថ្ងៃ រៀងរាល់ល្ងាចម៉ោង 6:00 ខ្ញុំតែងតែជិះកង់ត្រឡប់មកផ្ទះវិញតែថ្ងៃនេះដោយសារតែមេឃភ្លៀងឥតឈប់ហើយមិនបានយកឆត្រឬអាវភ្លៀងមកផងខ្ញុំក៏បាននៅពន្យារពេលរងចាំឱ្យមេឃរាំងភ្លៀង។ ដោយសារភ្លៀងយូរឥតឈប់ឈរស្រាកស្រាន្ត មិត្តរបស់ខ្ញុំដែលជាម្ចាស់ផ្ទះបានឃាត់ឱ្យខ្ញុំនៅគេងទីនេះមួយយប់ហើយ ប៉ុន្តែខ្ញុំមិនព្រមដោយសារខ្លាចម៉ាក់នៅផ្ទះបារម្ភ ព្រោះគាត់នៅតែម្នាក់ឯងផងហើយណាមួយមិនហ៊ានតេទៅប្រាប់គាត់ព្រោះខ្លាចរន្ទះបាញ់។
ខ្ញុំបានជិះកង់ត្រឡប់មកផ្ទះវិញទាំងភ្លៀង រីឯកាតាបសៀវភៅរបស់ខ្ញុំច្រកថង់ចងជិត ដោយខ្លាចត្រូវទឹកភ្លៀង ព្រោះខ្ញុំស្រឡាញ់សៀវភៅខ្លាំងណាស់។ នៅតាមផ្លូវមេឃងងឹតស្លុប ហើយអាកាសធាតុចុះត្រជាក់ផង ធ្វើឱ្យខ្ញុំមានអារម្មណ៍ព្រឺឆ្អឹងខ្នងខុសពីធម្មតា។ ពេលជិះមកដល់ពាក់កណ្ដាលផ្លូវត្រូវចុះផ្លូវតូចដើម្បីចូលភូមិរបស់ខ្ញុំ ស្រាប់តែខ្ញុំឮសំឡេងអ្វីម្យ៉ាង។ គឺជាសំឡេងសត្វឆ្កែកំពុងតែគ្រហឹម តែមិនដឹងថានៅទីណានោះទេ។ ខ្ញុំក៏បន្ថែមល្បឿនកង់ឱ្យកាន់តែលឿន តែសំឡេងឆ្កែក្រហឹមដូចជាហាក់កំពុងតែដេញតាមពីក្រោយយ៉ាងប្រកៀក។ ខ្ញុំងាកមើលទៅក្រោយតែមិនឃើញអ្វីទាល់តែសោះ ណាមួយងងឹតខ្លាំងផង ខ្ញុំមើលមិនឃើញបាននោះទេ។ តែពេលខ្ញុំងាកមកវិញស្រាប់តែឃើញភ្នែកមួយគូភ្លឺពណ៌លឿងនៅចំពីមុខផ្លូវ ហើយពេលពន្លឺចង្កៀងកង់ជះចំរូបរាងកាយដ៏ធំ បង្ហាញរូបឆ្កែខ្មៅដ៏ធំ កំពុងតែបញ្ចេញចង្កូមយ៉ាងកំណាច សម្លក់មករកខ្ញុំដោយសេចក្តីស្រែកឃ្លាន។ ខ្ញុំចាប់ហ្វ្រាំងកង់មិនទាន់ក៏បុកឆ្កែនោះមួយទំហឹងបណ្ដាលឱ្យដួលកង់ ហើយខ្ញុំខ្ទាតទៅម្ខាងថ្នល់។
ខ្ញុំភ័យ និងឈឺចាប់ តែពេលមើលជុំវិញខ្លួនមិនឃើញអ្វីទាល់តែសោះ។ ខ្ញុំប្រញាប់លើកកង់ហើយជិះបន្តទៅមុខទៀត តែពេលនោះស្រាប់តែឆ្កែខ្មៅធំដដែលនោះលោតពីចំហៀងមកបុកខ្ញុំមួយទំហឹងហើយខាំហែកកញ្ចឹងករបស់ខ្ញុំ តែខ្ញុំយកដៃរងបណ្ដាលឱ្យមុតដៃចេញឈាមជោកជាំប្រឡាក់ពេញអាវ។
ខ្ញុំស្រែកមួយទំហឹងអស់សំឡេងយ៉ាងខ្លាំងតាមដែលអាចធ្វើទៅបាន។ មានម៉ូតូនរណាម្នាក់ជិះពីចម្ងាយតម្រង់មករកខ្ញុំ ហើយនៅពេលដែលឃើញថាខ្ញុំគឺជាអ្នកភូមិរបស់គាត់ គាត់ក៏លើកខ្ញុំឡើងម៉ូតូហើយក៏នាំខ្ញុំមកផ្ទះខ្ញុំវិញ។
មកដល់ផ្ទះម៉ាក់របស់ខ្ញុំចេញមកទទួលដោយក្តីព្រួយបារម្ភ។ ហើយគាត់ក៏ប្រញាប់នាំខ្ញុំមកមណ្ឌលសុខភាព។ នៅថ្ងៃបន្ទាប់ក្រោយពីពិនិត្យឃើញថាខ្ញុំបានឆ្កែខាំ ម៉ាក់ក៏បាននាំខ្ញុំមកចាក់ថ្នាំតេតាណុស។
នៅថ្ងៃបន្ទាប់អ្នកភូមិខ្ញុំម្នាក់ក៏បានឱ្យដឹងថា គាត់ត្រូវបានឆ្កែខ្មៅដ៏ធំមួយខាំប្រហារនៅទីតាំងដែលបានខាំខ្ញុំនោះដូចគ្នា ហើយអ្វីដែលកាន់តែចម្លែកដូចគ្នានោះ គាត់ថានៅពេលដែលគាត់បានទាញដំបងដើម្បីវាយប្រហារទៅឆ្កែនឹងវិញ ឆ្កែនោះក៏រលាយបាត់រូបនៅនឹងមុខដែលអាចបញ្ជាក់បានយ៉ាងច្បាស់ថានេះមិនមែនជាឆ្កែមានជីវិតរស់នៅឡើយ។
ក្រោយមកទៀតអ្នកភូមិបានរកឃើញគ្រោងឆ្អឹងសាកសពឆ្កែដែលបានស្លាប់រលួយទៅជាច្រើនថ្ងៃខែមកហើយ ហើយបើមើលតាមសភាពគ្រោងឆ្អឹង បង្ហាញថា ឆ្កែនោះធ្លាប់ត្រូវបានរថយន្តបើកបុក។
តាំងពីពេលនោះមក ខ្ញុំលែងហ៊ានជិះកាត់ផ្លូវនោះនៅពេលយប់តែម្នាក់ឯងទៀតហើយ ព្រោះខ្ញុំមិនអាចដឹងថា ព្រលឹងឆ្កែខ្មៅនោះនឹងចាកចេញពីទីតាំងដែលវាបានស្លាប់នោះហើយ ឬនៅនោះទេ។ ខ្ញុំក៏មិនអាចអះអាង 100% ថាឆ្កែដែលបានខាំខ្ញុំកាលពីយប់នោះគឺជាខ្មោចឆ្កែខ្មៅ ឬក៏ជាឆ្កែព្រៃដែលមានជីវិតធម្មតានោះទេ តែការដែលត្រូវឆ្កែខាំប្រហែលរហូតមុខរបួសយ៉ាងធ្ងន់ធ្ងរនេះ គឺជាការពិតហើយបន្សល់ស្លាកស្នាមដល់ពេលនេះ ហើយក៏ធ្វើឱ្យខ្ញុំជឿនូវជំនឿថ្មីមួយទៀតថា សត្វក៏មានព្រលឹងតៃហោងបន្សលនៅក្រោយពេលស្លាប់ដែរ៕