ក្រសួងសុខាភិបាល មិនទាន់បំភ្លឺពាក់ព័ន្ធពាក្យចចាមអារ៉ាម កងទ័ពមួកខៀវ ៤នាក់ ចេញពីកន្លែងធ្វើចត្តាឡីស័ក មុនរកឃើញផ្ទុកកូវីដ ១៩
រហូតមកដល់ថ្ងៃទី ៣០ កក្តដានេះ ក្រសួងសុខាភិបាល នៅមិនទាន់ចេញមុខបញ្ជាក់ពីលើព័ត៌មានក្រៅផ្លូវការ ដែលថាកងទ័ពមួកខៀវកម្ពុជា ៤នាក់ ដែលរកឃើញផ្ទុកកូវីដ ១៩ បានចេញពីកន្លែងធ្វើចត្តាឡីស័ក មុនយកសំណាកទី ៣ របស់ពួកគាត់មកពិនិត្យ និងរកឃើញវិជ្ជមានវីរុស។
កាលពីប៉ុន្មានថ្ងៃនេះ មានលេចឮនូវព័ត៌មានចចាមអារ៉ាមមួយ ដែលនិយាយថា កងទ័ពមួកខៀវចំនួន ៤នាក់ បានត្រឡប់មកពីប្រទេសម៉ាលី ចូលមកកម្ពុជាវិញ ចាប់តាំងពីថ្ងៃទី ១០ កក្កដា កន្លងមក ត្រូវបានធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ។ ក្រោយការធ្វើចត្តាឡីស័កគ្រប់រយៈពេល ១៤ ថ្ងៃ កងទ័ពទាំងនោះត្រូវបានដោះលែងឱ្យមានសេរីភាព ពួកគេបានដើរត្រាចចរគ្រប់ទីកន្លែង បង្កឲ្យពលរដ្ឋជាច្រើន មានក្តីបារម្ភខ្លាំងពីស្ថានភាពកូវីដ ១៩ នៅកម្ពុជា ដែលអាចនឹងរាតត្បាតខ្លាំង ដូចបណ្តាប្រទេសជុំវិញកម្ពុជា ពិសេសវៀតណាម ដែលពេលនេះ ក៏កំពុងឆ្លងខ្លាំង ក្នុងសហគមន៍ពលរដ្ឋរស់នៅ។
ឆ្លើយតបករណីនេះ មន្ត្រីក្រសួងសុខាភិបាលមួយរូប (សុំមិនបញ្ចេញឈ្មោះ) មានតួនាទីទទួលបន្ទុកផ្នែកធ្វើចក្តាឡីស័ក បានប្រាប់ TNAOT APP តាមរយៈទូរសព្ទថា “ខ្ញុំមិនទាន់ទទួលបានដំណឹងដូចករណីលើកឡើងនេះទេ។ ករណីក្រុមកងទ័ពមួកខៀវ វាជាបន្ទុកខាងបន្ទាយទាហាន ហើយបើក្នុងករណីកើតមានរឿងនេះមែន ខាងក្រសួងសុខាភិបាល ច្បាស់ជាបានទទួលដំណឹងនេះជាមិនខាន”។
ទោះបីជាយ៉ាងនេះក្តី ក្រសួងសុខាភិបាលនៅតែបន្តតាមដាន ស្រាវជ្រាវករណីនេះដូចគ្នា ដើម្បីត្រៀមធ្វើការឆ្លើយតបបន្ទាន់។
យ៉ាងណាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ នៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះ បានអះអាងស្ថានភាពកូវីដ ១៩ នៅកម្ពុជា កំពុងឈានដល់បន្ទាត់ពណ៌លឿង ដែលទាមទារការប្រុងប្រយ័ត្នកាន់តែខ្ពស់ មានន័យថា កម្ពុជាកំពុងប្រឈមការផ្ទុះរាតត្បាតជំងឺកូវីដ ១៩ ជាចង្កោមគ្រប់ពេលវេលា ដោយលោក បានអំពាវនាវឲ្យពលរដ្ឋទាំងអស់ ចូលរួមការពារ ទប់ស្កាត់ និងប្រុងប្រយ័ត្នឲ្យកាន់តែខ្លាំង៕ ដោយ៖ ឃួន លក្ខិណា