ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលផ្សារកណ្តាលទី១ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០៥នឹង៣០នាទីល្ងាច បានស្រាវជ្រាវ ក៏ប្រទះឃើញមុខសញ្ញានារីសង្ស័យម្នាក់ នៅចំណុចភោជនីយដ្ឋាន Big Easy ផ្លូវ១៧២ សង្កាត់ជ័យជំនះ ក៏ឃាត់ខ្លួនយកមកសាកសួរ នៅប៉ុស្តិ៍នគរបាលផ្សារកណ្តាលទី១ តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ជាជនជាតិចិនតៃវ៉ាន់ ដែលមកដាក់ពាក្យប្តឹង កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។
លោក ទៀង ច័ន្ទសា អធិការនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា នារីសង្ស័យមានឈ្មោះ អែល នូរី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។ ចំណែកជនរងគ្រោះ ឈ្មោះ CHEN CHING-WEN ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិនតៃវ៉ាន់ មុខរបរបុគ្គលិកភោជនីយដ្ឋាន ស្នាក់នៅក្នុង Hotel Points ខាងលើ។
លោកអធិការ បន្តថា កាលពីម៉ោង៨យប់ ថ្ងៃ២២ ខែកក្តដា ឆ្នាំ២០២០ ជនរងគ្រោះបានចេញពីបន្ទប់ស្នាក់នៅលេខ៩០១ ជាន់ទី៩ Hotel Points សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ទៅធ្វើការភ្លេចចុចគន្លឹះបិទទ្វាបន្ទប់ លុះព្រឹកឡើងត្រលប់មកពីធ្វើការវិញ ឃើញទ្វារបន្ទប់បើក ហើយឥវ៉ាន់ក្នុងបន្ទប់រញ៉េរញ៉ៃ ក៏បានទៅរកមើលលុយ ស្រាប់តែបាត់លុយដែលខ្លួនទុក ចំនួន២០,០០០$ (ពីរម៉ឺនដុល្លារអាមេរិក) គាត់ក៏សម្រចចិត្តមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ផ្សារកណ្តាលទី១ តែម្តងទៅ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកលុយនោះពិតប្រាកដមែន ប៉ុន្តែនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ បានផ្ទេរប្រាក់ចំនួន ១៣៣០០$ (មួយម៉ឺនបីពាន់បីរយដុល្លារ) តាមគណនី ABA ទៅឱ្យជនរងគ្រោះវិញ។ ចំណែកប្រាក់ចំនួន៦,៧០០$ (ប្រាំមួយពាន់ប្រាំពីររយដុល្លារ) ទៀតនោះ ខ្លួនបានចាយវាយអស់ទៅហើយ។បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕ផេងភាព