
ខណៈកូនក្រុមស្ទើរបាត់ឱកាសសម្តែង រហូតមកទល់ពេលនេះតារាកំប្លែងនាយកុយ នៅតែបន្តវត្តមានសម្តែងជាមួយដៃគូចាស់ដដែលគឺនាយក្រឹម ក្នុងពេលដែលកូនក្រុមរបស់លោកស្ទើរបាត់ឱកាសម្តែង បន្ទាប់ពីស្ថានីយទូរទស្សក្នុងស្រុកមួយចំនួនបិទកម្មវិធីកំប្លែងនៅតាមឆាកតន្ត្រីនានា ។
ក្នុងពេលដែលកម្មវិធី សោភ័ណតន្ត្រី របស់ស្ថានីយទូរទស្សន៍ស៊ីធីអិនបិទនោះ ក្រុមកំប្លែងនាយកុយ ក៏បាត់ឱកាសម្តែងលើឆាកមួយនេះជាលើកទីពីរ ធ្វើឲ្យកូនក្រុមរបស់លោកស្ទើរតែបាត់ឱកាសទីផ្សារសម្តែង បើទោះបីជាក្រុមរបស់លោកនៅមានកម្មវិធីតន្ត្រីស្រុកស្រែ របស់ទូរទស្សន៍បាយ័ន ដែលត្រូវឆ្លាស់គ្នាសម្តែងមួយសប្តាហ៍ម្នាក់ជាមួយក្រុមកំប្លែងនាយក្រឹម ។
យ៉ាងណាក្ដីបើទោះបីជាក្រុមរបស់នាយ កុយ ស្ទើរតែបាត់ឱកាសសម្តែងរួមគ្នាក៏ពិតមែន ប៉ុន្តែសម្រាប់នាយកុយ ដែលេជាមេក្រុមនោះនៅមិនទាន់បាត់ឱកាសទីផ្សារសម្តែងនៅឡើយទេ ពោលតារាកំប្លែងរូបនេះ បានចូលរួមសម្តែងជាមួយដៃគូចាស់គឺនាយក្រឹម តាមរយៈកម្មវិធីសំណើចចុងសប្តាហ៍ ។
ការចូលរួមសម្តែងជាមួយនាយក្រឹម នាពេលនេះគឺមិនមែនជារឿងមួយថ្មីឡើយ សម្រាប់នាយ កុយ ក្នុងពេលដែលអ្នកទាំងពីរគឺជាដៃគូសម្តែងជាមួយគ្នាតាំងពីរដើមមកម្ល៉េះ គ្រាន់តែពួកគេបានបែងចែកក្រុមនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ បន្ទាប់ពីមានតម្រូវការទីផ្សារច្រើនពីស្ថានីយទូរទស្សន៍នានា ។
នាយហុង ដា ត្រឹមបានចេញសម្តែងខ្លះៗនៅតាមបណ្តាខេត្តនានា ចំណែកឱកាសសម្តែងនៅលើឆាកទូរទស្សន៍គឺស្ទើរតែគ្មាន ក្នុងពេលដែលនាយ ក្រិន និងប្រិមប្រិយ ស្ទើរគ្មានវត្តមានសម្តែងសោះ ពោលគឺមានតែមួយស្ថានីយប៉ុណ្ណោះដែលឲ្យពួកគេមានឱកាសម្តែងរួមគ្នាបាន ។
ក្នុងពេលដែលនាយកុយ មានឱកាសចូលរួមសម្តែងជាមួយនាយ ក្រឹម ឡើងវិញនោះ គេនៅមិនទាន់ដឹងទេថា តារាកំប្លែងរូបនេះអាចនឹងអូសទាញកូនក្រុមរបស់ខ្លួនណាម្នាក់ មកបញ្ជ្រៀបខ្លួនសម្តែងជាមួយនាយក្រឹម ឬយ៉ាងណានោះឡើយ ខណៈពេលដែលនាយ ក្រឹម ក៏មានកូនក្រុមសម្តែងគ្រប់គ្រាន់ហើយនោះ។
យ៉ាងណាក្ដីគេរំពឹងថា ក្រុមរបស់នាយកុយ នឹងអាចប្រមូលផ្តុំគ្នាសម្តែងឡើងវិញ នៅលើឆាកទូរទស្សន៍នានាជាប់លាប់ឡើងវិញ ព្រោះក្រុមរបស់លោកមានតារាកំប្លែងដែលមានទេពកោសល្យ និងទទួលបានការពេញនិយមចូលចិត្តពីអ្នកទស្សនាជាច្រើន ៕ ដោយ៖ ត្នោត