លោក វណ្ណ-មូលីវណ្ណ កើតនៅថ្ងៃ២៣ វិច្ឆិកា ១៩២៦ ឈ្មោះជាឡាតាំង Vann Molyvann គឺជាស្ថាបត្យករជើងចាស់ដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជា។
លោកបានរួមចំណែកជាច្រើនក្នុងស្ថាបត្យកម្មដែលគេហៅថា ស្ថាបត្យកម្មខ្មែរទំនើប នៅក្នុងសម័យសង្គមរាស្ត្រនិយម នៅពេលដែលវប្បធម៌ខ្មែរមានការរីកចម្រើនក្រោមព្រះរាជកិច្ចដឹកនាំរបស់អតីតព្រះមហាក្សត្រ ព្រះបាទនរោត្តម-សីហនុ។
ស្នាដៃសំខាន់របស់លោកធ្វើឱ្យមនុស្សគ្រប់គ្នាមានការកោតសរសើរមិនដាច់ពីមាត់មានដូចជា ពហុកីឡដ្ឋានជាតិ, សាលសន្និសីទចតុមុខ, វិមានឯករាជ្យ, សាលមហោស្រពជាតិសុរាម្រឹត, បុរី១០០ខ្នង, វិមានរដ្ឋចំការមន និងវិទ្យាស្ថានភាសាបរទេស ជាដើម។
ស្នាដៃដ៏ល្បីល្បាញមួយទៀតគឺភូមិគ្រឹះរបស់លោកផ្ទាល់ ដែលត្រូវបានសាងសង់ឡើងកាលពីទស្សវត្សរ៍ឆ្នាំ ៦០ នៅលើផ្ទៃដីសរុប ៩២៤ ម៉ែត្រការ៉េ។ ភូមិគ្រឹះនេះបានចែកចេញជាពីរជាន់ ដែលមានបន្ទប់គេង៤ និងបន្ទប់ទឹក៥ ដែលមានទំហំធំទូលាយ និងត្រូវបានរចនាឱ្យមានពន្លឺ ខ្យល់អាកាស និងធម្មជាតិបៃតង។
យ៉ាងណាភូមិគ្រឹះដ៏ប្រណិតនេះមិនមែនជាកម្មសិទ្ធក្រុមគ្រួសាររបស់លោក វណ្ណ-មូលីវណ្ណ ទៀតទេ ដោយលោកបានលក់ឲ្យទៅម្ចាស់ថ្មីជាច្រើនឆ្នាំមកហើយ មុនផ្លាស់ទៅរស់នៅសៀមរាប និងទទួលមរណភាពនៅទីនោះក្នុងជន្មាយុ៩០ឆ្នាំ កាលពី២០១៧៕
កែសម្រួល៖ WowCambodian /រូបថត៖ Credit to the owner