អស់រយៈពេលជាច្រើនឆ្នាំជុំវិញរឿងរ៉ាវក្តីតាំងដែលបានកើតមានឡើងចំពោះតារាចម្រៀងស្រីវ័យក្មេង និងមានរូបសម្រស់ស្រស់សោភា នាង វ៉ាន់ នីឡា ទៅលើរូបភាពបែកធ្លាយនៃរូបអាក្រាតអាសអាភាស ដែលនាងបានចោទប្រកាន់ថា អតីតគូស្នេហ៍របស់នាងបានយកទៅចែកចាយក្នុងបណ្តាញសង្គម នៅតែមិនទាន់បានដោះស្រាយ ហើយនាងនៅតែមានអារម្មណ៍ថា ពុំទាន់ទទួលបាននូវយុត្តិធម៌សម្រាប់រូបនាងពិតប្រាកដនោះទេ ។
ក្រោយពីមានរូបភាពអាក្រាតត្រូវបានបែកធ្លាយ នាង វ៉ាន់ នីឡា បានដាក់ពាក្យបណ្តឹងប្តឹងចោទអតីតគូស្នេហ៍របស់នាង ដែលជាកូនប្រុសរបស់មន្ត្រីធំមួយរូប ថា បុរសរូបនោះបានប្រើប្រាស់អំពើហិង្សាលើរូបនាងដោយចេតនា និងបង្ហោះរូបអាក្រាតជាសាធារណៈដោយគ្មានការអនុញ្ញាតពីរូបផ្ទាល់ កាលពីឆ្នាំ២០១៦ កន្លងទៅនេះ ។
ពិតណាស់ថ្មីៗនេះនាង វ៉ាន់ នីឡា បានបង្ហោះសារអោយមហាជនបានដឹងរឿងក្តីរបស់នាងដែលធ្វើឲ្យនាងមិនអាចទទួលបាននូវយុត្តិធម៌យ៉ាងដូច្នេះថា« រយៈពេលប៉ុន្មានឆ្នាំនេះ ឃើញខ្ញុំសើចសប្បាយក្អាកក្អាយ គិតថា ខ្ញុំអាចរំសាយចិត្តមែន?
គិតថា យូរៗទៅពេលដែលកាន់តែមិនទទួលបានយុត្តិធម៌ខ្ញុំ និងខ្ចិលលែងខ្វាយខ្វល់ ? ហេតុអីក៏បញ្ហាដែលកើតឡើងលើបណ្តាញសង្គម អ្នកទាំងនោះតែងតែមានច្បាប់ការពារដោះស្រោយអោយផ្តល់ភាពយុត្តិធម៌ ? ហើយចុះរឿងរបស់ខ្ញុំមិចបានមិនចេះចប់ ? ម្នាក់នឹងគេមានអំណាចខ្លាំងសំបើមណាស់មែនទេ បានជាជននេះនៅរួចខ្លួន ធ្វើដូចគ្មានរឿងអ្វីកើតឡើង ។
ព័ត៌មានលំអិត អោយកាន់តែច្បាស់ អោយកាន់តែភ្លឺ ខ្ញុំបកស្រាយនៅពេលឆាប់ៗនេះ ។ ខ្ញុំជឿហើយ បុរសពាក់សក្តិលើស្មា ដែលមានឪពុកជាមន្ត្រីជាន់ខ្ពស់ អាចធ្វើអ្វីបានស្រេចចិត្តដោយគ្មានអ្នកចាប់ទោស» ។
ដោយឃើញភាពភាពអយុត្តិធម៌របស់រូបនាងនៅតែមិនទាន់មានការបំភ្លឺ និងរកដំណោះស្រាយចំពោះរូបនាង ក៏មានមហាជនអ្នកគាំទ្របានចូលរួមលើកទឹកចិត្ត និងសូមអោយរឿងក្តីមួយនេះបានដោះស្រាយឆាប់ៗ និងសង្ឃឹមថា ពេលរឿងរ៉ាវកើតឡើងត្រូវបានបញ្ចប់នោះតារាចម្រៀងស្រីវ័យក្មេងរូបនេះអាចនឹងត្រឡប់ចូលសិល្បៈវិញ ។
បន្ថែមពីនេះ ចំពោះការបាត់មុខពីរង្វង់សិល្បៈរបស់តារាចម្រៀងស្រីរូបនេះ ពីព្រោះតែមានរឿងកើតមានឡើងជាច្រើន ដែលរូបនាងត្រូវបានអតីតគូស្នេហ៍បានយករូបភាពអាក្រាតកាយរបស់នាងទៅបង្ហោះនៅក្នុងបណ្តាញសង្គមដោយគ្មានការអនុញ្ញាតពីរូបនាង ៕ ដោយ៖ ត្នោត