Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

លោកស្រី ​កុយ ពិសី៖ វៀតណាម​បោះ​តង់​៤០​ជា​តំបន់​មិន​ទាន់​ក្លាយជា​របស់​កម្ពុជា និង​វៀតណាម​ច្បាស់លាស់

រាជធានី​ភ្នំពេញ៖ លោកស្រី កុយ ពិសី​អនុប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា​បាន​អះអាង​ថា តំបន់​ដែល​វៀតណាម​បោះ​ជាង​៤០​កន្លែង​នោះ គឺ​នៅ​តំបន់​មិន​ទាន់​ឯកភាព​គ្នា​លើ​ខ្សែ​ព្រំដែន មាន​ន័យ​ថា ទីនោះ​មិនមែន​ជា​ដី​វៀតណាម ហើយ​ក៏​មិន​ទាន់​ជា​ដី​កម្ពុជា​ពេញលេញ​នោះ​ដែរ ប្រទេស​ទាំង​ពីរ​ត្រូវ​បន្ត​ការ​ពិភាក្សា​រក​ចំណុច​ឯកភាព​បន្ត​ទៅ​ទៀត​។

ការ​លើក​របស់​លោកស្រី​បន្ទាប់​ពី​គណៈកម្មការ​កិច្ចការ​ព្រំដែន និង​អន្តោប្រវេសន៍​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សរសេរ​លិខិត​ចំហ​មួយ​ទៅ​កាន់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ប្រើប្រាស់​យន្តការ​តុលាការអន្តរជាតិ ដើម្បី​ដោះស្រាយ​ព្រំដែន​ជាមួយ​វៀតណាម ។

លោកស្រី​កុយ ពិសី បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​២៩ កក្កដា ឆ្នាំ​២០២០​យ៉ាង​ដូច្នេះ​ថា ថ្ងៃនេះ មាន​ជន​ដែល​មាន​ទម្លាប់​បន្លំ​បោកប្រាស់ និង​បំផ្លើសពាក្យ​សម្តី​របស់​ថ្នាក់ដឹកនាំ ដើម្បី​បម្រើ​ផលប្រយោជន៍ និង​ម​ហិ​ច្ច​តា​ទុច្ចរិត​របស់​ខ្លួន បាន​ច្បិច​យក​បទ​សម្ភាសន៍​របស់ខ្ញុំ​នៅ​វិទ្យុ​បារាំង RFI ថា ការ​បោះ​តង់​របស់​វៀតណាម គឺជា​រឿង​តូចតាច ប៉ុន្តែ​គេ​ពុំ​បាន​បន្ត​ស្រង់​យក​ការ​ពន្យល់​របស់ខ្ញុំ​មក​ជូន​អ្នក​ស្តាប់​នោះ​ទេ ធ្វើ​ឲ្យ​អ្នក​មើល​ហ្វេ​ស​ប៊ុ​ក របស់​ជន​អគតិ​មានការ​យល់​ខុស​មក​លើ​ខ្ញុំ ។

លោកស្រី​ថា​«​យើងខ្ញុំ និង​ថ្នាក់ដឹកនាំ​ព្រំដែន ជា​ពិសេស​សម្តេច​តេ​ជោ បាន​ដាក់​ទាំង​ជីវិត​ដើម្បី​ការពារ​ទឹកដី​មួយ​នេះ​រហូត​មក ដូច្នេះ​គ្រប់​ដង្ហើម​ចេញចូល​របស់ខ្ញុំ​មិន​ដែល​ភ្លេច​នូវ​កាតព្វកិច្ច​របស់​ខ្លួន​ឡើយ គឺ​ការពារ​ឲ្យ​បាន​បូរណភាព​ទឹកដី និង​មិន​ឲ្យ​បរទេស​ណា​មក​បំពាន​កម្ពុជា ហើយ​កម្ពុជា​ក៏​មិន​បំពាន​ទឹកដី​គេ​វិញ​ដែរ​» ។ ការ​លើក​ឡើង​របស់​លោកស្រី​លើក​ឡើង​ថា សំណួរ​ដែល​វិទ្យុ RFI សួរ​ខ្ញុំ​ថា គណៈកម្មការ​ព្រំដែន​អត់​ច្បាប់​ដែល​កំពុង​រស់នៅ​លើ​ទឹកដី​គេ​នោះ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ប្តឹង​ទៅ​អន្តរជាតិ​ពី​ការ​ដែល​វៀតណាម​បោះ​តង់​ក្នុង​ដី​កម្ពុជា តើ​ខ្ញុំ​យល់​ថា ម៉េច? ខ្ញុំ​ថា រឿង​នេះ​ខាង​ព្រំដែន​ខាង​មហាផ្ទៃ​បាន​នឹង​កំពុងធ្វើការ​ងារ​នេះ ហើយ​ៗ​វា​ជា​រឿង​ដែល​យើង​អាច​និយាយ​គ្នា​បាន ជា​ទ្វេភាគី មិនមែន​ធំដុំ​ដោះស្រាយ​មិន​ចេញ ហើយ​ចាំបាច់​ទៅ​រក​គេ​ជួយ​នោះ​ទេ ។

កម្ពុជា​បាន​ធ្វើការ​តវ៉ា​តាម​រយៈ​ក្រសួងការបរទេស​មួយ​ដង​ជា​ពីរ​ដង​ទៅ​វៀតណាម ហើយ​ៗ​វៀតណាម​ថា អស់ Covid គេ​នឹង​ដក​ចេញ ។ លោកស្រី​ថា​៖​តាម​រយៈ​សារ​នេះ ខ្ញុំ​សូម​ជម្រាប​ជូន​បងប្អូន​ថា តង់​ដែល​វៀតណាម​បោះ​ជាង ៤០ កន្លែង​នោះ គឺ​នៅ​តំបន់​មិន​ទាន់​ឯកភាព​គ្នា​លើ​ខ្សែ​ព្រំដែន មាន​ន័យ​ថា ទីនោះ​មិនមែន​ជា​ដី​វៀតណាម ហើយ​ក៏​មិន​ទាន់​ជា​ដី​កម្ពុជា ពេញលេញ​នោះ​ដែរ ប្រទេស​ទាំង​ពីរ​ត្រូវ​បន្ត​ការ​ពិភាក្សា​រក​ចំណុច​ឯកភាព​បន្ត​ទៅ​ទៀត ។ ហេតុនេះ​ជន អគតិ​ទាំងនោះ​កុំ​ចេះ​តែ​បំភ្លៃ​រឿង កុំ​ចេះ​តែ​ញុះញង់​មិនមែន​ចេះ​ស្រលាញ់​ជាតិ​អី​តែ​អស់លោក​ឯង​នោះ​ទេ យើងខ្ញុំ​ទាំងអស់​គ្នា​នៅ​ទី​នេះ ប្រឹងប្រែង​ណាស់​ទើប​កសាង​ជាតិ​បាន​ប៉ុ​ន្នេះ ជា​មោ​ទ​នៈ​សម្រាប់​កម្ពុជា​ណាស់​ទៅ​ហើយ​។ សូមកុំ​បំផ្លាញ​ជាតិ​ច្រើន​ជាង​នេះ នោះ​អ្នក​នឹង​គ្មាន​វាសនា​ល្អ​ឡើយ​»​។

យោង​តាម​ការ​ផ្សាយ​របស់​វិទ្យុ​RFI​បាន​លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​គណៈកម្មាធិកា​ិ​កា​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា​បាន​អះអាង​ថា រាជរដ្ឋាភិបាល​កំពុង​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​ហើយ ប៉ុន្តែ​បញ្ហា​ខ្លះ​ជា​រឿង​តូចតាច គឺ​អាច​ដោះស្រាយ​ដោយ​ទ្វេភាគី មិន​ចាំបាច់​ប្រើប្រាស់​យន្តការ​អន្តរជាតិ​ឡើយ ។ វិទ្យុ​បាន​ស្រង់​សំដី​លោកស្រី កុយ ពិសី អនុប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា​បាន​ចាត់​ទុក​បញ្ហា​បោះ​តង់​របស់​ទាហាន​វៀតណាម​នេះ​ថា ជា​រឿង​តូចតាច ។ រឿង​តូចតាច ដែល​លោកស្រី​ពន្យល់​ថា គឺ​ភាគី​កម្ពុជា និង​វៀតណាម​អាច​ដោះស្រាយ​គ្នា​បាន​ដោយ​ទ្វេភាគី​មិន​ចាំបាច់​ពឹងពាក់​អន្តរជាតិ​ឡើយ ។

បើ​តាម​លោកស្រី​កុយ ពិសី គឺ​ភាគី​វៀតណាម​បាន​គូសបញ្ជាក់​ជា​ផ្លូវការ​មក​កាន់​កម្ពុជា​ហើយ​ថា វៀតណាម​នឹង​រុះរើ​តង់​ចេញពី​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​វៀតណាម​វិញ នៅ​ពេល​បញ្ចប់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ព្រោះ​ការ​បោះ​តង់​របស់​ទាហាន​វៀតណាម​នេះ គឺ​ក្នុង​ន័យ​ការពារ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ ១៩​ឆ្លងកាត់​តាម​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ។

ចំពោះ​បញ្ហា​ព្រំដែន​សមុទ្រ​កម្ពុជា​-​វៀតណាម​វិញ លោកស្រី​កុយ ពិសី បាន​គូសបញ្ជាក់​ថា កម្ពុជា​មិន​ទាន់​បាន​ដោះស្រាយ​ដាច់​ស្រឡះ​ជាមួយ​វៀតណាម​នៅឡើយ​ទេ​ពោល គឺ​កម្ពុជា​រង់ចាំ​បញ្ចប់​ការ​កំណត់ព្រំដែន​គោក​ជាមួយ​វៀតណាម​ទាំងស្រុង​សិន ។

តែ​ទោះជា​បែប​នេះ​ក្តី លោកស្រី​អនុប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា​បាន​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ជំហរ​ជា​ផ្លូវការ​រួច​មក​ហើយ​ថា ព្រំដែន​សមុទ្រ​ជាមួយ​វៀតណាម គឺ​កម្ពុជា​ទទួលស្គាល់​ខ្សែ​ព្រំដែន​ប្រ៊ី​វី​យ៉ែ​ដែល​គូស​ឡើង​ដោយ​បារាំង ។ ក៏​ប៉ុន្តែ គណៈកម្មការ​កិច្ចការ​ព្រំដែន និង​អន្តោប្រវេសន៍​របស់​អតីត​បក្ស​បក្ស​ប្រឆាំង​នៅ​តែ​យល់​ថា ការ​ប្រើប្រាស់​យន្តការ​អន្តរជាតិ រួម​មាន​តុលាការ​អាជ្ញាកណ្តាល​អន្តរជាតិ តុលាការ​យុត្តិធម៌​អន្តរជាតិ ព្រមទាំង​អនុសញ្ញា និង​ច្បាប់​អន្តរជាតិ​នានា ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​គោក និង​សមុទ្រ​ជាមួយ​វៀតណាម គឺ​នឹង​មាន​ប្រកបដោយ​តម្លាភាព និង​មាន​ប្រសិទ្ធភាព​ខ្ពស់​៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព 

from: https://tnaot.com/km/m/detail/article/9539461