Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស្ត្រីម្នាក់បានទូរស័ព្ទមកខ្ញុំទាំងយប់ ហើយពេលនាងហៅខ្ញុំទៅជួប

នេះគឺជារឿងរ៉ាវដែលខ្ញុំនៅតែចងចាំច្បាស់បំផុត ហើយវាចម្លែកបំផុតក្នុងមួយខ្សែជីវិតដែលខ្ញុំបានជួបប្រទះ ហើយខ្ញុំត្រូវការចម្លើយជាច្រើន តែមកទល់ពេលនេះនៅមិនមាននរណាអាចឆ្លើយតបនឹងចម្ងល់របស់ខ្ញុំឡើយ។ 

នេះជាអ្វីដែលលោក ឃួត វឌ្ឍនៈ សព្វថ្ងៃជាភ្នាក់ងារលក់អចលនទ្រព្យម្នាក់ បានរៀបរាប់រឿងរ៉ាវរបស់លោក ហើយទទូចសុំសំពះអង្វរឱ្យរាត្រី រន្ធត់ចេញផ្សាយនូវរឿងរបស់លោកអស់រយៈពេល 6 ខែ។ លោកបានបន្តសាច់រឿងដ៏ចម្លែកនេះថា,

គឺនៅក្នុងអំឡុងឆ្នាំ 2014 ខ្ញុំនៅជានិស្សិតឆ្នាំទី 3 នៅឡើយទេ អាយុទើបតែ 22ឆ្នាំ ហើយរស់ក្នុងផ្ទះមួយម្ដុំបឹងទំពុនក្នុងក្រុងភ្នំពេញដែលម៉ាក់ប៉ាខ្ញុំបានធ្វើទុកមុនពេលដែលគាត់ចេញទៅរកស៊ីនៅខេត្តកំពង់ចាម។ 

ការងារសាលាធ្វើឱ្យខ្ញុំហត់នឿយខ្លាំងណាស់ ជាពិសេសគឺមិនចុះសម្រុងគ្នាជាមួយនឹងមិត្តរួមក្រុមដែលគ្រូបានចាត់ចែងឱ្យគួរឱ្យធុញទ្រាន់។ 

ថាខ្ញុំជាមនុស្សអាត្មានិយមឬអត្តនោម័តិក៏បាន តែខ្ញុំជឿជាក់នូវអ្វីដែលខ្ញុំហ៊ានអះអាងថាមិនត្រឹមត្រូវខ្លាំងណាស់ក្នុងការធ្វើការងារអ្វីមួយ។ 

ពេលមកដល់បន្ទប់វិញម៉ោងប្រហែលជា 7 យប់ខ្ញុំដាក់ខ្លួនដេកនៅលើគ្រែផ្លាស់សម្លៀកបំពាក់ទៅងូតទឹក តែភ្លាមនោះសំឡេងទូរសព្ទខ្ញុំ ដែលមិនបានឮជាច្រើនថ្ងៃហើយនោះស្រាប់តែរោទិ៍ឡើង។

លេខនៅលើអេក្រង់បង្ហាញលេខ 086 63 87 52 បញ្ជាក់ថាជាលេខទូរសព្ទដែលខ្ញុំមិនដែលបានឃើញពីមុនមក ព្រោះគ្រប់លេខអ្នកដែលខ្ញុំស្គាល់ទាំងអស់តែងតែ save ដាក់ឈ្មោះជានិច្ច។

ខ្ញុំចុចទទួលហើយជម្រាបសួរត្រឹមត្រូវ, ទៅតាមទម្លាប់សុជីវធម៌កូនអ្នកមានពូជ។

មួយសន្ទុះក្រោយពីស្ងាត់ឈឹង ខ្ញុំបម្រុងដាក់ទូរស័ព្ទចុះស្រាប់តែឮសំឡេងស្ត្រីម្នាក់និយាយតបមកវិញ។ 

ជាសំឡេងស្ត្រីអាយុប្រហាក់ប្រហែលនឹងខ្ញុំ បានសួរខ្ញុំថាតើជាឆរីនមែនទេ? 

សំឡេងរបស់នាងហាក់ដូចជាញាប់ញ័រ និងអស់កម្លាំង ហើយដូចជាកំពុងតែខ្លាចអ្វីម្យ៉ាង ដែលជាសំឡេងដ៏ចម្លែកបំផុតដែលខ្ញុំមិនដែលបានឮឡើយកាលពីមុនមក។ 

ខ្ញុំឆ្លើយប្រាប់ទៅវិញថាខ្ញុំមិនមែនជាឆរីនទេ ហើយនាងក៏សុំទោសខ្ញុំរួចសើចបន្តិចហើយក៏ដាក់ទូរស័ព្ទចុះប៉ុន្តែខ្ញុំឃាត់ ដែលហាក់ដូចជាមាននិស្ស័យអ្វីម្យ៉ាងច្រានចិត្តចង់ឱ្យខ្ញុំនិយាយជាមួយនាងឱ្យបានយូរ ទាំងដែលរាល់ដងខ្ញុំមិនដែលមានចំណូលចិត្តចង់និយាយទូរសព្ទជាមួយអ្នកណាឡើយ ជាពិសេសគឺមនុស្សស្រី បន្ទាប់ពីមនុស្សស្រីម្នាក់ធ្វើឱ្យខ្ញុំឈឺចាប់បំភ្លេចមិនបាន តែគ្រាន់តែជារឿងអតីតប៉ុណ្ណោះ។

ខ្ញុំបានសួរទៅនាងវិញក្នុងទឹកចិត្តព្រួយបារម្ភ និងចង់យកអាសា តែនាងក៏សើចម្ដងទៀតហើយនិយាយថា នាងមិនមានបញ្ហាធំដុំនោះទេ គ្រាន់តែនាងមកញ៉ាំអាហារតែម្នាក់ឯងហើយក៏ភ្លេចយកលុយមក ទើបទូរសព្ទទៅរកមិត្តរបស់នាង តែទូរសព្ទរបស់នាងបានរលុបលេខអស់ ហើយតាមការចងចាំរបស់នាងក៏ចុចចូលមកលេខខ្ញុំទៅ។

ខ្ញុំសួរទីតាំង និងឈ្មោះហាងដែលនាងកំពុងតែនៅនោះ ដោយទឹកចិត្តអាណិតនិងចង់ទៅចេញលុយឱ្យនាង ដែលហាក់ដូចជាមាននិស្ស័យយ៉ាងប្រទាក់។ 

នាងបដិសេធម្ដងហើយម្ដងទៀតហើយនិយាយថា នាងមិនអាចឱ្យនរណាម្នាក់នាងមិនទាន់ស្គាល់មកចំណាយលុយលើនាងឡើយ។

ក្រោយពីទទូចសុំជួយនាងមិនបានសម្រេច យើងក៏បានដាក់ទូរសព្ទចុះរៀងខ្លួន។

នៅយប់ហ្នឹងខ្ញុំដេកមិនស្កប់សោះដូចជារសាប់រសល់ ហើយមានអារម្មណ៍ថាដូចជាធ្វើខុសអ្វីម្យ៉ាងទាំងដែលខ្ញុំមិនមានកំហុសអ្វីសោះ។

ខណៈដែលកំពុងតែដេកលក់រលីវៗ ស្រាប់តែទូរសព្ទរបស់ខ្ញុំលោតសារឡើងលើអេក្រង់បង្ហាញលេខទូរស័ព្ទរបស់នាងដែលបានតេច្រឡំលេខមុននេះដែលមានឈ្មោះថា រ៉ាវីនោះ។

ក្នុងសារនោះមិនមានសរសេរអ្វីច្រើនទេ គ្រាន់តែពាក្យមួយម៉ាត់ថាអរគុណភ្ជាប់ជាមួយនឹងរូបតុក្កតាស្នាមញញឹមមួយប៉ុណ្ណោះ។ មិនគិតយូរខ្ញុំក៏ប្រញាប់ទៅវិញជាលក្ខណៈសំណួរថាអរគុណអ្វី បើខ្ញុំមិនទាន់បានជួយអ្វីមានសោះ?

បន្ទាប់ពីចុចផ្ញើសារទៅហើយមួយសន្ទុះធំមិនឃើញនាងតបមកវិញសោះ ខ្ញុំក៏សរសេរសារមួយទៀតថា និយាយតាមត្រង់ប្រសិនបើនាងព្រមឱ្យខ្ញុំជួយចេញលុយនោះវានឹងធ្វើឱ្យខ្ញុំរីករាយខ្លាំងណាស់ហើយយើងក៏នឹងស្គាល់គ្នាច្បាស់ជាងនេះ។

ក្នុងយប់នោះនាងមិនបានឆ្លើយតបទៀតនោះទេ។ ដោយចាំសារយូរពេក និងអស់កម្លាំងឈ្លោះជាមួយមិត្តរួមក្រុមកាលពីថ្ងៃផង ខ្ញុំក៏ដេកលង់លក់ក្នុងស្បៃរាត្រីដ៏ស្ងប់ស្ងាត់។

គ្រប់យ៉ាងកន្លងទៅដូចជាធម្មតា ដូចជាមិនមានអ្វីកើតឡើង ហើយក៏មិនមានបានទទួលសារថ្មី ឬការហៅចូលថ្មីពីនាងទៀតឡើយ។

ក្នុងអំឡុងពេលថ្ងៃវាដូចជារាល់ដងខ្ញុំទាស់សម្ដីជាមួយនឹងមិត្តរួមក្រុមហើយធ្វើកិច្ចការសិក្សាមិនបានសម្រេច។ ថ្ងៃនេះខ្ញុំត្រឡប់មកផ្ទះលឿនជាងរាល់ដង។ បរិភោគអាហារនៅតូបដែលខ្ញុំដាក់បាយខែហើយក៏ឡើងមកផ្ទះវិញ។ កាលដែលខ្ញុំចុះទៅបន្ទប់បាយនៅមិនបានយកទូរសព្ទទៅជាមួយទេព្រោះបានប្រើប្រាស់នៅសាលាឡើងអស់ថ្មទើបសាកថ្មទុកចោលហើយពេលខ្ញុំឡើងត្រឡប់មកផ្ទះវិញនេះនៅលើអេក្រង់ទូរសព្ទឃើញ missed call ពីរ៉ាវី។ មិនបង្អង់យូរខ្ញុំប្រញាប់តេទៅនាងវិញភ្លាម។

តែទោះជាតេទៅប៉ុន្មានដងក៏មិនអាចទាក់ទងទៅចូលឡើយដោយទូរសព្ទឆ្លើយថាលេខទូរសព្ទដែលលោកអ្នកកំពុងហៅមិនអាចទាក់ទងបានទេនៅពេលនេះ។

មួយម៉ោងក្រោយពីទស្សនារឿងកម្សាន្តធុញទ្រាន់ហើយខ្ញុំក៏សាកល្បងចិត្តទូរស័ព្ទទៅនាងម្ដងទៀត។ លើកនេះទូរស័ព្ទឆ្លើយថាលេខទូរស័ព្ទដែលលោកអ្នកកំពុងហៅកំពុងស្ថិតនៅក្រៅតំបន់សេវា។ 

ភ្លាមនោះ ស្រាប់តែនាងទូរសព្ទមកខ្ញុំវិញ ហើយខ្ញុំក៏ចុចទទួល។

ខ្ញុំបានសួរនាងថាតើនាងកំពុងនៅទីណាហើយមានបញ្ហាអ្វីឬ?

តែបន្ទាប់ពីស្ងាត់មួយសន្ទុះ នាងចាប់ផ្ដើមយំ ហើយយំអត់ឈប់ ទោះបីជាខ្ញុំព្យាយាមសួរសំណួរនាងលួងលោមឱ្យនាងផ្អាកយំសិនក៏ដោយ។ ខ្ញុំនៅស្ដាប់ទំនួញរបស់នាងដោយអត់ធ្មត់ហើយសង្ឃឹមថានឹងអាចជួយអ្វីបានខ្លះតែមួយសន្ទុះក្រោយមកនាងស្រាប់តែឈប់យំហើយក៏បិទទូរសព្ទវិញ។ 

ការនេះធ្វើខ្ញុំមានការងឿងឆ្ងល់យ៉ាងខ្លាំង ហើយមិនស្កប់ស្កល់សោះ តែខ្ញុំមិនអាចធ្វើអ្វីបាន ក្រោយពីចុចទូរស័ព្ទទៅនាងជាច្រើនដង មិនអាចទាក់ទងបានឡើយ។

រឿងរ៉ាវដ៏ចម្លែកនៃយប់នោះ បានកន្លងផុតទៅជាច្រើនថ្ងៃដោយមិនបានទទួលដំណឹងថ្មីពីនាងសោះ ហើយដោយមិនដឹងរកវិធីអ្វីដើម្បីស្រាយចម្ងល់ខ្លួនឯង ខ្ញុំក៏ព្យាយាមប្រាប់ខ្លួនឯងថាវាគ្រាន់តែជាមិត្តរបស់ខ្ញុំព្យាយាមលេងសើចជាមួយខ្ញុំ ដើម្បីបន្លាចអារម្មណ៍ខ្ញុំតែប៉ុណ្ណោះ តែក្នុងចិត្តមួយជំហានទៀតដឹងច្បាស់ថាមានអ្វីម្យ៉ាងពិតជាមិនប្រក្រតីលើរ៉ាវីប្រាកដណាស់ ហើយខ្ញុំពិតជាមានអារម្មណ៍ថាខុសយ៉ាងខ្លាំងដែលមិនអាចជួយអ្វីដល់នាងបានថ្វីបើខ្ញុំមិនមានកំហុសទៅលើរឿងនេះទាល់តែសោះក្ដី។

ជាច្រើនថ្ងៃកន្លងផុតទៅ ដោយចម្ងល់ជាច្រើននៅតែរោលរាលពេញរាងកាយខ្ញុំ ស្រាប់តែរ៉ាវីទូរសព្ទមកខ្ញុំយ៉ាងឥតព្រៀងទុក។

ខ្ញុំលើកទូរសព្ទហើយសួរដោយសុជីវធម៌ខ្ពស់។

នាងសួរសុខទុក្ខ និងនិយាយធម្មតាជាមួយខ្ញុំ ដូចជាមិនមានរឿងចម្លែកអ្វីកើតឡើងទាល់តែសោះ។ នៅពេលដែលខ្ញុំសួរពីមូលហេតុនៃការស្រែកយំរបស់នាងនាយប់នោះនាងក៏សើចហើយប្រាប់មកខ្ញុំវិញដោយសំឡេងស្រទន់ថានាយប់នោះនាងមានជម្លោះបន្តិចបន្តួចជាមួយនឹងបងស្រីរបស់នាងហើយដោយមិនមាននរណាមកប្រឹក្សាជាមួយនាង នាងក៏ទូរសព្ទមកខ្ញុំ ហើយក៏យំដើម្បីឱ្យបានធូរស្បើយអារម្មណ៍ខ្លះ។

ឮបែបនេះខ្ញុំមានអារម្មណ៍ថាធូរទ្រូង និងសប្បាយចិត្តយ៉ាងខ្លាំងហើយមានអារម្មណ៍ថាកាន់តែចូលចិត្តនាង ដោយមាននិស្ស័យប្រទាក់ក្រឡាយ៉ាងចម្លែក។ 

យើងជជែកគ្នាលេងពីនេះពីនោះអស់ពេលយ៉ាងយូរ តែខ្ញុំកត់សម្គាល់ឃើញថានៅពេលដែលសួរនាំពីបញ្ហា ឬព័ត៌មានផ្ទាល់ខ្លួនរបស់នាង គឺនាងតែងតែបង្វែងទៅនិយាយអ្វីផ្សេង ដូច្នេះខ្ញុំមិនសូវដឹងពីរឿងរ៉ាវផ្ទាល់ខ្លួនរបស់នាងឡើយ។ 

ខ្ញុំមិនដឹងថាក្រោយពីយើងដាក់ទូរស័ព្ទចុះ តើយើងអាចទំនាក់ទំនងគ្នាម្ដងទៀតបាន ឬទេដូច្នេះហើយទើបខ្ញុំសុំណាត់ជួបនាង ហើយនាងក៏យល់ព្រម ធ្វើឱ្យខ្ញុំសប្បាយចិត្តយ៉ាងខ្លាំង។

នាងបានប្រាប់ថាស្អែកថ្ងៃត្រង់ឱ្យខ្ញុំទៅជួបនាងនៅផ្ទះរបស់នាងដែលជាហាងបាយមួយកន្លែងម្តុំផ្សារធំថ្មី។ 

ស្អែកឡើង មុនពេលចេញទៅជួបនាង ខ្ញុំបានទាក់ទងទូរសព្ទទៅនាងម្ដងទៀតតែទូរសព្ទមិនចូលឡើយ។

ដោយទូរសព្ទមិនចូល ខ្ញុំមិនអាចទៅរកហាងបាយរបស់នាងបានឡើយ ព្រោះនៅទីនោះមានហាងបាយច្រើនកន្លែងណាស់។

ខ្ញុំចាប់ផ្ដើមកើតអារម្មណ៍ធុញទ្រាន់ហើយមានអារម្មណ៍ថាអន់ចិត្តជាងអារម្មណ៍ខឹងនាង។ ហេតុអ្វីក៏នាងតែងតែបាត់ទៅដោយគ្មានដំណឹងឬមួយក៏នាងលេងសើចជាមួយនឹងខ្ញុំដើម្បីកម្សាន្តអារម្មណ៍ខ្លួន?

គម្រោងដែលខ្ញុំនឹងសារភាពថាស្រឡាញ់នាងក៏ត្រូវបានរលាយដោយនាងហាក់ដូចជាផ្ដាច់ទំនាក់ទំនងជាមួយខ្ញុំជ្រះស្រឡះទៅហើយ អស់ពេលយ៉ាងយូរថ្ងៃ។

តែមានយប់មួយម៉ោង 12 អធ្រាត្រខណៈដែលខ្ញុំកំពុងតែមើល YouTube លើកុំព្យូទ័រ ទូរសព្ទរបស់ខ្ញុំស្រាប់តែរោទិ៍ឡើងធ្វើឱ្យខ្ញុំរន្ធត់ស្មារតីបន្តិចបន្តួចព្រោះរៀងរាល់ពេលណាដែលទូរសព្ទខ្ញុំរោទិ៍នៅពេលយប់ ខ្ញុំតែងតែមានអារម្មណ៍ថាតក់ស្លុត និងហាក់ដូចជាមានរឿងរ៉ាវអ្វីមួយមិនល្អកើតឡើង។ 

គឺដូចអ្វីដែលខ្ញុំគិតពិតមែន រ៉ាវីទូរសព្ទមកខ្ញុំហើយយំម្ដងទៀត។ តែលើកនេះគឺអាក្រក់ជាងពីមុនព្រោះមានសំឡេងហាក់ដូចជានរណាម្នាក់ធ្វើហិង្សាទៅលើនាង ដែលធ្វើឱ្យនាងឈឺចាប់ផ្លូវកាយយ៉ាងខ្លាំង បើស្ដាប់ទៅតាមសម្រែកស្រែកទ្រហោយំសុំអង្វរ ក របស់នាងក្នុងទូរសព្ទ។

ខ្ញុំរន្ធត់ញាប់ញ័រស្មារតី។ លើកនេះមិនមែនដូចកាលពីមុនទេហាក់ដូចជានរណាម្នាក់កំពុងតែធ្វើហិង្សាទៅលើនាងខ្លាំងមិនអាចទទួលយកបានពិតប្រាកដមែន។

ក្រោយពីទូរសព្ទផ្ដាច់ទៅខ្ញុំមិនបានចុចទៅនាងវិញទេ។ ខ្ញុំអង្គុយស្រឡាំងកាំងក្នុងបន្ទប់ងងឹតតែម្នាក់ឯង។ មួយយប់នោះខ្ញុំកើតអារម្មណ៍រវើរវាយឃើញនេះនោះដែលខួរក្បាលចេះតែផលិតរូបភាពផ្ដេសផ្ដាស។ សម្រែកនៃភាពឈឺចាប់ និងការសុំអង្វររបស់នាងដែលខ្ញុំបានឮ គឺជាសម្រែកដ៏អាក្រក់ និងគួរឱ្យសង្វេគបំផុតដែលខ្ញុំធ្លាប់ឮក្នុងមួយឆាកជីវិត។ 

នៅមិនសុខ ខ្ញុំចុចទៅនាងតែដូចកាលពីមុន គឺទាក់ទងទៅមិនបានសោះ។ ខ្ញុំតេហើយតេទៀតរហូតដល់ព្រឹកដោយមិនបានដេកសូម្បីតែបន្តិច ធ្វើឱ្យឈឺភ្នែកយ៉ាងខ្លាំង។

ព្រឹកឡើង ខ្ញុំប្រញាប់ទៅក្រុមហ៊ុនទូរស័ព្ទហើយទៅសាខាដែលមានមិត្តរបស់ខ្ញុំធ្វើការនៅទីនោះដោយសង្ឃឹមថាអាចនឹងដឹងដំណឹងអ្វីផ្សេងប្រសិនបើគេអាចជួយបាន។

ទៅដល់ មិត្តរបស់ខ្ញុំទទួលខ្ញុំក្នុងនាមជាអតិថិជននិងបុគ្គលិកក្រុមហ៊ុន ហើយខ្ញុំទទូចសុំឆែកទិន្នន័យព័ត៌មានពីលេខទូរសព្ទរបស់រ៉ាវី ព្រមទាំងបានរៀបរាប់រឿងរ៉ាវដែលខ្ញុំបានឮកាលពីយប់មិញផងដែរ ដោយសង្ឃឹមជឿជាក់យ៉ាងមុតមាំថានឹងអាចជួយរ៉ាវីបាន។

តែអ្វីដែលមិនដូចការគិតនោះ មិត្តរបស់ខ្ញុំបានបដិសេធថាគាត់មិនមានសិទ្ធិក្នុងការបើកស្វែងរកទិន្នន័យឯកជនរបស់នរណាម្នាក់ដោយមិនមានបង្គាប់ពីតុលាការឡើយ។ ហើយប្រសិនបើគាត់ហ៊ានល្មើសបែបនេះគាត់អាចនឹងត្រូវមានទោសមិនអាចលើកលែងបានឡើយពីបទចែកចាយទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដទៃដោយគ្មានការអនុញ្ញាតិ។ 

ខ្ញុំយល់ហើយក៏ត្រឡប់មកផ្ទះវិញទាំងអារម្មណ៍សោកសៅ។ 

មើលទៅប្រហែលជាមិនអាចជួយអីដល់រ៉ាវីបានទេ។ វាធ្វើឱ្យខ្ញុំមានអារម្មណ៍ថាខុសកាន់តែខ្លាំងឡើង។

តែពេលខ្ញុំមកដល់ផ្ទះ, មិត្តរបស់ខ្ញុំដែលធ្វើការនៅក្រុមហ៊ុនទំនាក់ទំនងទូរសព្ទហ្នឹង បានឆាតមកខ្ញុំប្រាប់ថា គាត់អាចលួចឆែកទិន្នន័យពីលេខនោះជូនបាន។

មួយសន្ទុះក្រោយពីការរង់ចាំយ៉ាងអន្ទះសា, គាត់បានឆាតប្រាប់ថាលេខទូរសព្ទរបស់រ៉ាវីនោះ ត្រូវបានក្រុមហ៊ុនផ្អាកដំណើរការរយៈពេល 2 ខែមកហើយ ដោយសារលេខទូរស័ព្ទមិនមានសកម្មភាពអ្វីឡើយ។

ខ្ញុំស្រងាកក្នុងចិត្តយ៉ាងខ្លាំងហើយព្យាយាមឱ្យគាត់ឆែកឡើងវិញម្ដងទៀត តែចម្លើយនៅតែដដែល គឺលេខនោះមិនមានអ្នកប្រើប្រាស់អស់រយៈពេល 2 ខែមកហើយ។ 

ខ្ញុំប្រញាប់ជិះទៅម្ដុំផ្សារថ្មី ហើយសួរអ្នកតាមផ្ទះនោះរកហាងបាយរបស់រ៉ាវី។ ក្រោយពីគេប្រាប់ទីតាំងហាងបាយហើយ អ្នកប្រាប់ទីតាំងនោះបានសួរខ្ញុំថា តើមានដំណឹងអ្វីពីនាងឬ? ធ្វើឱ្យខ្ញុំកាន់តែឆ្ងល់ តែពួកគាត់ក៏មិនបានរ៉ាយរ៉ាប់អ្វីបន្តទៀតដែរ។

ពេលទៅដល់ហាងដែលជាទីតាំងជាក់លាក់ នៅមុខហាងមានស្លាកយីហោដែលគេបានប្រាប់ខ្ញុំនោះ ខ្ញុំក៏ចូលទៅក្នុងហាងនោះហើយជួបនឹងស្ត្រីម្នាក់ទំនងជាម្ចាស់ហាងចេញមកទទួលខ្ញុំដោយរួសរាយ។ តែក្រោយពីខ្ញុំបានសួរនាំពីរ៉ាវី ស្ត្រីម្នាក់នោះស្រាប់តែធ្លាក់ទឹកមុខ។ ហើយខ្ញុំក៏បានរ៉ាយរ៉ាប់នូវអ្វីដែលខ្ញុំបានជួប ព្រមទាំងមានទំនាក់ទំនងជាមួយរ៉ាវីទៀតផង តែមិនធ្វើឱ្យនាងសប្បាយចិត្តឡើយ ហើយនាងក៏បានស្រែកថា វាមិនមែនជាពេលមកលេងសើចនឹងអារម្មណ៍នោះទេព្រោះគ្រួសាររបស់នាងកំពុងតែមានទុក្ខ។ ខ្ញុំបានសួរពីអ្នកជិតនោះដឹងមកថាក្រោយពីបានបាត់ខ្លួនទៅជាង 2 ខែមកហើយដោយមិនមានដំណឹងអ្វីសោះហើយថ្វីបើគ្រួសាររបស់នាងបានប្ដឹងប៉ូលិសជាច្រើនដងមកហើយក្តីក៏នៅតែមិនមានដំណឹង។ 

ខ្ញុំទន់ជង្គង់ហើយគ្មានអារម្មណ៍ជាម្ចាស់ការខ្លួនឯងសូម្បីតែបន្តិច។ ខ្ញុំមិនមែនវង្វេង ឬក៏ច្រឡំអ្វីឡើយ អ្វីដែលខ្ញុំបានជួបគឺជាការពិតច្បាស់ណាស់។ មកដល់ផ្ទះវិញ ខ្ញុំឆែកទូរសព្ទរកមើលសារ និងលេខរបស់រ៉ាវី។ គ្រប់យ៉ាង គឺនៅដដែលមិនបាត់ទៅណាទេ ប៉ុន្តែវាមិនអាចជាភស្ដុតាងជាក់លាក់សម្រាប់ការអះអាងថា ខ្ញុំបានទាក់ទងជាមួយនឹងមនុស្សដែលបានបាត់ខ្លួននេះឡើយ។

ម៉ោង 9 យប់ ខ្ញុំអង្គុយស្ងៀមដោយមិនធ្វើអ្វីសោះអស់ពេលជាច្រើនម៉ោង ហើយទឹកភ្នែកចេះតែហូរចេញមកឥតឈប់។ ហេតុអ្វីទើបក្លាយជាបែបនេះ?

តើរឿងរ៉ាវនេះវាបណ្ដាលមកពីអ្វី? ហេតុអ្វីទើបខ្ញុំត្រូវប្រឡូកនៅក្នុងបញ្ហានេះ?

រំពេចនោះស្រាប់តែសំលេងទូរស័ព្ទរោទ៍ឡើងបង្ហាញឈ្មោះរ៉ាវីនៅលើអេក្រង់ទូរសព្ទ។ ខ្ញុំប្រញាប់ចុចទទួលហើយអ្វីដែលខ្ញុំបានឮដំបូងបំផុតនោះ គឺជាសំឡេងស្រែកយំនិងទទូចសុំជំនួយពីខ្ញុំ។ ខ្ញុំមិនខ្វល់ថានាងកំពុងតែលេងសើចនឹងខ្ញុំឬអ្វីនោះទេ ប៉ុន្តែខ្ញុំដឹងច្បាស់ក្នុងចិត្តថានាងកំពុងត្រូវការជំនួយពិតមែន។ 

នាងបានប្រាប់ទីតាំងមួយហើយឱ្យខ្ញុំមកជួយនាងនៅពេលនេះ ដោយបញ្ជាក់យ៉ាងច្បាស់ថា នាងកំពុងតែមានគ្រោះថ្នាក់។ ខ្ញុំមិនដឹងថាខ្ញុំធ្លាប់ក្លាហានបែបនេះតាំងពីពេលណាមកនោះទេ ប៉ុន្តែខ្ញុំក៏ចាប់ទាញម៉ូតូហើយជិះទៅតាមទីតាំងដែលនាងបានប្រាប់នោះ។ ពេលមកដល់ទីតាំងដែលនាងបានប្រាប់យ៉ាងជាក់លាក់នោះ ខ្ញុំទាញទូរសព្ទមកមើលក៏ឃើញថាមិនមានសេវាទូរស័ព្ទឡើយ។ ខ្ញុំដើរចូលទៅតាមឌុបព្រៃដែលមានស្មៅដុះក្រាស់កាន់តែឆ្ងាយពីផ្លូវ ហើយក៏ឃើញកាបូបយួរដៃរបស់ស្រី។ ក្រៅពីកាបូបមួយនេះមិនមានអ្វីទៀតឡើយនៅទីនេះមិនដឹងថាខ្ញុំមិនទាន់ដើរជួប ឬក៏យ៉ាងណានោះទេ តែខ្ញុំក៏រើសយកកាបូបនោះហើយបើកមើលដោយបើកពិលពីទូរសព្ទផង។ ក្នុងកាបូបនោះមានក្រដាសវិក័យបត្រជាច្រើនសន្លឹក ហើយមានកូនកាបូបលុយមួយផង។ ខ្ញុំបើកកូនកាបូបលុយនោះឃើញលុយក្រដាស 50000 ប្រហែលជាបួនសន្លឹកហើយនឹងកាតសម្គាល់បុគ្គលិក និងអត្តសញ្ញាណប័ណ្ណដែលដាក់ឈ្មោះយ៉ាងច្បាស់ថា សុខ ចាន់ណារ៉ាវី។

ខ្ញុំស្រាប់តែព្រឺឆ្អឹងខ្នង តែព្យាយាមធ្វើចិត្តក្លាហានហើយរកមើលជុំវិញនេះទៀតក្រែងលោឃើញអ្វីដែលច្បាស់លាស់ជាងនេះ។ តែដោយអារម្មណ៍កាន់តែមិនស្រួល និងហាក់ចង់ទន់ជង្គុងដូចជារកខ្យល់ចាប់ ខ្ញុំក៏ប្រញាប់ជិះម៉ូតូទៅក្រុងវិញ ហើយតម្រង់ទៅរកហាងបាយនៅម្ដុំផ្សារថ្មីដែលត្រូវជាបងស្រីរបស់រ៉ាវី។ ដោយវាជាពេលយប់ជ្រៅហើយហាងបាយនោះបានបិទទ្វារហើយតែខ្ញុំបានគោះខ្លាំងៗ ហើយស្រែកថាមានការសំខាន់។

បុរសម្នាក់បានចេញមកបើកទ្វារហើយអញ្ជើញឱ្យខ្ញុំចូលទៅក្នុង ខណៈដែលស្ត្រីម្នាក់ទៀតដែលត្រូវជាបងស្រីរបស់វាបានដើរចេញមកដែរ។ 

គ្រាន់តែខ្ញុំនិយាយថាខ្ញុំមានដំណឹងពីរ៉ាវី អ្នកទាំងពីរហាក់មិនសប្បាយចិត្តហើយចាប់ផ្ដើមខឹង។ ស្ត្រីនោះស្រែកខ្លាំងថា បើឯងមិនឈប់និយាយអ្វីផ្ដេសផ្ដាសគ្មានការពិតទេនោះ ខ្ញុំនឹងប្ដឹងឯងពីបទរំខានសុវត្ថិភាពឯកជន។ 

មិនគិតយូរខ្ញុំក៏បានទាញអត្តសញ្ញាណប័ណ្ណដែលខ្ញុំបានរើសពីកន្លែងស្ងាត់នោះ ហើយប្រុសស្រីទាំងពីរនាក់មានទឹកមុខតក់ស្លុតយ៉ាងខ្លាំង។ រំពេចនោះខាងស្រីបានស្រែកទៅខាងប្រុសថាចាប់វាឱ្យជាប់ ហើយនាងក៏រត់ទៅទាញកាំបិតមួយដែលនៅជាប់ជញ្ជាំង រួចរត់តម្រង់មករកខ្ញុំតែខ្ញុំមិននៅអង្គុយស្ងៀមលឿនដោយភ័យតក់ស្លុត និងមិនយល់ការ។ ខ្ញុំរត់ទៅប៉ូលិសដែលនៅជិតនេះបំផុត ឯអ្នកទាំងពីរក៏មិនបានដេញតាមខ្ញុំចេញមកក្រៅឡើយ។ 

ទីបំផុតគ្រប់យ៉ាងក៏ដើរដល់ទីបញ្ចប់តែចម្ងល់ជាច្រើននៅតែមិនទាន់បានស្រាយ។

ក្រោយពីបានឃាត់ខ្លួនអ្នកទាំងពីរបានសារភាពរឿងរ៉ាវតាំងពីដើមដល់ចប់។

ម្នាក់ស្រីនេះគឺជាបងស្រីបង្កើតរបស់រ៉ាវី រីឯម្នាក់ប្រុស គឺត្រូវជាប្ដីរបស់ស្រីនេះ ដែលត្រូវជាបងថ្លៃរបស់រ៉ាវី។ 

រ៉ាវីបានមានទំនាក់ទំនងសាហាយស្មន់ជាមួយនឹងបងថ្លៃរបស់នាងរហូតដល់មានផ្ទៃពោះ។

ក្រោយពីរឿងរ៉ាវបានបែកធ្លាយដល់បងស្រីរបស់នាង បងស្រីរបស់នាងបែរជារៀបគម្រោងជាមួយនឹងប្ដីក្បត់របស់ខ្លួនហើយបានយកខ្សែរឹតកសម្លាប់រ៉ាវី ដោយបង្វែងជាករណីរត់គេច ព្រោះជាការពិត រ៉ាវីពិតជាមានជាប់ជំពាក់បំណុលគេឯងជុំទិសពិតប្រាកដមែន។

ប៉ូលីសបានបង្គាប់ឲ្យអ្នកទាំងពីរទៅចង្អុលទីតាំងដែលបានយក សព ទៅបោះចោល ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលនៅពេលដែលពួកគេទៅទីតាំងដែលខ្ញុំបានទៅរើសបានកាបូបនោះ ពួកគេមានទឹកមុខងឿងឆ្ងល់ដោយសារសាកសពនោះបានបាត់ទៅហើយ។

អ្នកទាំងពីរត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការដើម្បីធ្វើសំណុំរឿងតាមនីតិវិធីច្បាប់ហើយក្រោយពីសួរចម្លើយខ្ញុំអស់ពេលជាច្រើនម៉ោង និងបានរកឃើញថា ខ្ញុំមិនមានជាប់ទោសពៃអ្វីនឹងរឿងរ៉ាវនេះទេ ខ្ញុំក៏ត្រូវបានអនុញ្ញាតឱ្យត្រឡប់មកវិញ។

តាំងពីពេលមកខ្ញុំតែងតែមានសុបិនអាក្រក់មិនច្បាស់លាស់ ចម្លែក ដែលធ្វើឱ្យខ្ញុំនឹកឆ្ងល់ និងមិនអាចទៅរកចម្លើយពីទីណាបានឡើយ។ 

សាកសពរ៉ាវី នៅតែបាត់មកទល់ពេលនេះ។ តែការចងចាំរបស់ខ្ញុំ វាមិនអាចរលាយបាត់ពីខួរក្បាលទៅដោយងាយបាននោះទេ គឺគ្មានថ្ងៃ។ 

កន្លងមកជាច្រើនខែទើបខ្ញុំបានរកឃើញថា រ៉ាវីនិងបងស្រីរ៉ាវី គឺត្រូវជាបងប្អូនបង្កើតរបស់ខ្ញុំ ដែលត្រូវជាកូនប្រពន្ធដើមរបស់ប៉ាខ្ញុំ។

ព្រោះការដែលម៉ាក់ខ្ញុំយកប៉ាខ្ញុំហើយបានខ្ញុំមកនេះ គឺម៉ាក់ខ្ញុំគ្រាន់តែជាស្រីសាហាយរបស់ប៉ាខ្ញុំប៉ុណ្ណោះ មុននឹងគាត់លែងលះគ្នាដាច់ស្រឡះជាមួយប៉ាហើយមានប្ដីថ្មីម្នាក់ទៀត។

តាមគ្រូមន្តអាគមជំនាញម្នាក់បាននិយាយថា រ៉ាវីអាចទាក់ទងមកខ្ញុំបានដោយសារតែខ្ញុំមានជាប់សាច់ឈាមជាមួយនាងដែលមានឪពុកដូចគ្នា។

វាកន្លងទៅជាច្រើនឆ្នាំមកហើយហើយក៏មិនដែលមាននរណារំលឹករឿងរ៉ាវនេះដល់ខ្ញុំដែរ។ តែខ្ញុំចែករំលែករឿងនេះដើម្បីឱ្យគេគ្រប់គ្នាដែលបានស្តាប់រឿងរ៉ាវនេះហើយបានយល់ដឹងថា រឿងរ៉ាវចម្លែកក្នុងតថភាពសង្គម វាអាចនិងចម្លែក និងងឿងឆ្ងល់ជាងនៅក្នុងរឿងកុនទៅទៀត។

នេះគឺជារឿងរ៉ាវទាំងអស់ដែលលោកឃួត វឌ្ឍនៈ បានរ៉ាយរ៉ាប់មកក្រុមការងាររាត្រីរន្ធត់យើងយកមកចែកចាយឱ្យប្រិយមិត្តស្ដាប់ តែលោកបានសុំទទូចដាច់អហង្ការថាសុំមិនឱ្យបញ្ចេញឈ្មោះអត្តសញ្ញាណលោក និងតួអង្គនៅក្នុងរឿងរ៉ាវដែលលោកបានជួបនេះទេ ព្រោះវាអាចធ្វើឱ្យលោកមានបញ្ហាបាន។

ក្រុមការងាររាត្រីរន្ធត់សូមបួងសួងឱ្យព្រលឹងវិញ្ញាណខន្ធ កញ្ញាសុខ រ៉ាវីបានទៅកាន់សុខគតិភព៕

រៀបរៀង និងសង្ខេបដោយ រាត្រី រន្ធត់!

from: https://tnaot.com/km/m/detail/article/9537384