គ្រប់គ្នាបានដឹងស្រាប់ហើយថា មនុស្សពេលស្លាប់ទៅ នឹងក្លាយជាព្រលឹងវិលវល់ប្រសិនបើមិនមានអ្នកណាបានធ្វើបុណ្យបញ្ជូនកុសលឲ្យទៅដល់ឋានសុខសាន្តត្រាណនោះទេ។
តែអ្វីដែលលោកអ្នកមិនធ្លាប់ដឹងនោះគឺនៅក្រោយពេលដែលមនុស្សដែលធ្វើអត្តឃាតស្លាប់ទៅ គ្រប់យ៉ាងគឺខុសពីការស្លាប់ដោយគ្រោះថ្នាក់ ឬស្លាប់ដោយជំងឺ។ ពួកគេមិនអាចទៅចាប់ជាតិយូរជាងអ្នកស្លាប់ធម្មតា។ ព្រលឹងរបស់ពួកគេនៅវិលវល់នៅទីឋានដែលស្លាប់ហើយ និងលងបន្លាចអ្នកដែលជាប់ពាក់ព័ន្ធក្នុងខ្សែជីវិតពួកគេកាលពីព្រលឹងនៅរស់ ដូចជាអ្នកដែលធ្លាប់ឈ្លោះជាមួយ អ្នកធ្លាប់មាននិស្ស័យ ឬក៏អ្នកដែលមិនធ្លាប់ស្គាល់សោះក៏ដោយ។ ឋាននរកមិនបានកំណត់ឱ្យនរណាម្នាក់ផ្ដាច់ជីវិតខ្លួនឯងដោយការសម្លាប់ខ្លួនឡើយ ដូច្នេះទម្រាំតែនឹងអាចបញ្ជូនព្រលឹងទៅកាត់ទោសនៅឋាននរកបាន នឹងត្រូវចំណាយពេលមួយចំនួន។ ដូច្នេះហើយទើបជាញឹកញាប់គេតែងជួបនឹងការលងបន្លាចពីព្រលឹងរបស់អ្នកដែលបានស្លាប់ដោយការធ្វើអត្តឃាតនានា ដែលភាគច្រើនគឹឃើញនៅត្រង់ទីឋានដែលជនរងគ្រោះបានផ្ដាច់ជីវិតខ្លួនឯងនោះ។
ប្រិយមិត្តយើងម្នាក់ឈ្មោះស័ង បានរ៉ាយរ៉ាប់មកថា គាត់បានទៅចូលរួម ពិធីមង្គលការបងប្អូននៅស្រុកកំណើត ដែលមានគ្នា 12 នាក់ តែដោយសារចំនួនច្រើនពេកមិនអាចគេងនៅផ្ទះខាងស្រីបាន
ទើបគេបានអញ្ជើញឱ្យអ្នកទាំងអស់នោះទៅគេងនៅផ្ទះខាងប្រុសវិញ។ គ្រប់គ្នាហាក់ដូចជាបានគេងលក់យ៉ាងស្កប់ស្កល់តែហើយដោយសារតែអស់កម្លាំងនៃការធ្វើដំណើរមកស្រុកនេះកាលពីថ្ងៃមិញ ប្លែកតែស័ងដែលមិនអាចគេងលក់ទាល់តែសោះ ចេះតែរសាប់រសល់រវើរវាយដោយហាក់ដូចជាប្លែកកន្លែងគេង។ គ្រប់ពេលដែល ព្យាយាមបិទភ្នែកក៏តែងតែឮសំឡេងអ្វីម្យ៉ាងដូចជានរណាម្នាក់ចេះតែនិយាយ រអ៊ូរទាំតែម្នាក់ឯងអត់ឈប់ឈរធ្វើឲ្យមិនអាចគេងលក់បានទាល់តែសោះ។ ស័ងងើបឡើង ហើយក៏ដើរចេញទៅយកខ្យល់អាកាសនៅខាងក្រៅស្រាប់តែឃើញនារីម្នាក់កំពុងអង្គុយយំតែម្នាក់ឯងនៅខាងក្រោមដើមស្វាយនៅមុខផ្ទះ។ ស័ងបានដើរទៅជិតនារីនោះហើយសួរនាំ។ នាងស្ងាត់មួយសន្ទុះស្រាប់តែងើបមុខឡើងបង្ហាញមុខមាត់រលួយរឡេះដង្កូវចោះ ប្រហោងភ្នែកគ្មានគ្រាប់
ហើយស្រាប់តែមកសង្គ្រប់ច្របាច់កគាត់មួយទំហឹង ដោយកម្លាំងយ៉ាងខ្លាំង។ គាត់ព្យាយាមប្រើកម្លាំងទាំងអស់លើប៉ុន្តែស្ត្រី ព្រាយម្នាក់នោះ លើករូបរាងកាយរបស់គាត់ឡើង ហើយចាប់ព្យួរទៅនឹងខ្សែពួរមួយដែលចងភ្ជាប់ទោងទៅនឹងដើមស្វាយ។ គាត់ប្រឹងស្រែកតែស្រែកមិនចេញ ហើយព្យាយាមប្រតាយរើបម្រាស់រករួចជីវិត តែឥតប្រយោជន៍ ករបស់គាត់បានជាប់ដល់ខ្សែពួរនោះទៅហើយ។ គាត់ត្រូវបានចងព្យួរកមួយសន្ទុះ តែជាសំណាងល្អ មិត្តរបស់គាត់ម្នាក់ឈ្មោះសាន់ដា ដែលបានចេញតាមរកក្រោយពីមិនឃើញវត្តមានគាត់នៅកន្លែងដេក បានឃើញទាន់ក៏ស្រែកឆោឡោឡើង ហើយគ្រប់គ្នាក៏នាំគ្នាចេញមក និងប្រញាប់ស្រាយខ្សែដែលភ្ជាប់ករបស់ស័ង។ មួយសន្ទុះក្រោយពីរួចជីវិតយ៉ាងគ្រោះថ្នាក់មក, គាត់បានរ៉ាយរ៉ាប់គ្រប់យ៉ាងឱ្យគ្រប់គ្នា ព្រមទាំងម្ចាស់ផ្ទះបានដឹង ហើយក្រោយពីរៀបរាប់ពីភិនភាគរបស់ខ្មោចស្រីម្នាក់នោះម្ចាស់ផ្ទះមើលមុខគ្នាហើយលាន់មាត់ទាំងព្រឺសម្បុរថាស្រីម្នាក់នឹងបានចង ក សម្លាប់ខ្លួន កាលពីខែមុន។ អ្វីដែលកាន់តែភ្ញាក់ផ្អើល និងគួរឱ្យព្រឺឆ្អឹងខ្នងជាងនេះទៅទៀតនោះគឺទីតាំងដែលស្ត្រីនោះចងក គឺនៅនឹងដើមស្វាយដែលកើតហេតុអម្បាញ់មិញនេះឯង។ យប់នោះ ពួកគេសម្រេចចិត្តមិនគេងនោះទេហើយរង់ចាំរហូតទាល់តែព្រឹក។
ក្រោយមកម្ចាស់ផ្ទះនៅបានសម្រេចកាប់ដើមស្វាយនោះចោលដោយខ្លាចបារម្ភពីសុវត្ថិភាពនៅណាម្នាក់ដែលអាចនឹងត្រូវខ្មោចលងអន្ទងព្រលឹងយកទៅសម្លាប់ដើម្បីបន្តតំណែងសណ្ឋិតនៅលើដើមស្វាយនោះ។ មិនតែប៉ុណ្ណោះគាត់ថែមទាំងបានដាក់កាមេរ៉ាសុវត្ថិភាពនៅក្បែរនឹងទៀតផង ជៀសវាងមានរឿងអាក្រក់អកុសល្យនឹកស្មានមិនដល់នានាកើតឡើង។
វាដូចទៅនឹងជំនឿដែលចាស់បុរាណតែងជឿតគ្នាមកថា អ្នកដែលសម្លាប់ខ្លួន តែងតែចង់ទាញនរណាម្នាក់ឱ្យមកស្លាប់ជាមួយខ្លួន ហើយអ្នកដែលប្រឈមនឹងគ្រោះថ្នាក់ ច្រើនតែជាអ្នកដែលមានរាសីទាប ដែលមានយីអ៊ុនដាក់ អាចនឹងត្រូវប្រឈមនឹងការបាត់បង់ជីវិត ហើយការបាត់បង់ជីវិតនោះគឺកើតឡើងដោយការសម្លាប់ខ្លួននោះឯង។ បែបនេះហើយទើបបានជាមានករណី អ្នកខ្លះដែលមិនមានរឿងហេតុផលអ្វីសោះក៏ចងក ឬលោតទឹកសម្លាប់ខ្លួនដោយឯកឯង ដែលតាមពិតគេជឿថាគឺព្រលឹងជាអ្នកនាំទៅស្លាប់តែប៉ុណ្ណោះ។ ជំនឿទាំងនេះគឺជាការពិតដែលជឿតរៀងមកនៅក្នុងបេះដូងចាស់ជំនាន់ដើម។
គេជឿទៀតថា នរណាដែលមិនជឿហើយប្រមាថនោះ មិនយូរមិនឆាប់នឹងត្រូវស្លាប់យ៉ាងវេទនាមិនខាន៕