នាយឧត្តមសេនីយ៍ នេត សាវឿន ជំរុញស្នងការខេត្តកំពង់ធំថ្មី ត្រូវពង្រឹងបញ្ហាអសន្តិសុខ នៅក្នុងមូលដ្ឋាន
លោកនាយឧត្តមសេនីយ៍ នេត សាវឿន បានលើកយកបញ្ហាអសន្តិសុខសណ្តាប់ធ្នាប់សង្គម មកជជែកនៅក្នុងពិធីប្រកាសផ្ទេភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្ត កំពង់ធំកាលពីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ ដើម្បីបង្កភាពកក់ក្តៅដល់ប្រជាពលរដ្ឋ។
ជុំវិញរឿងនេះ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានផ្តល់ការណែនាំទៅកាន់ស្នងការថ្មីដើម្បីធ្វើយ៉ាងណា ត្រូវជួយដោះស្រាយបញ្ហាទុក្ខកង្វល់របស់ប្រជាពលរដ្ឋ។
អ្វីដែលជាទុក្ខព្រួយរបស់ប្រជាពលរដ្ឋនៅក្នុងពេលនេះ គឺករណីបទល្មើស លួច ឆក់ ប្លន់នៅក្នុងមូលដ្ឋាន ត្រូវតែអនុវត្តនូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ជួយទប់ស្កាត់បញ្ហាគ្រឿងញៀន ទប់ស្កាត់កុំ ឱ្យមានការរីករាលដាល មកដល់ទីជនបទ ។
ជាមួយគ្នានេះ លោកអគ្គស្នងការនគរបាលជាតិ បានស្នើឱ្យស្នងការ ដែលទើបទទួលបានភារកិច្ចថ្មី ត្រូវរួមគ្នាគិត រួមសហការគ្នា គិតពីបញ្ហាប្រយោជន៍ជាតិ និងបំរើប្រជា ពលរដ្ឋជាធំ នឹងត្រូវចេះព្យាករណ៍នូវសភាពការ ដែលកើតមានឡើងនៅពេលខាងមុខ ។
លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត បានមាន ប្រសាសន៍ថា ខេត្តកំពង់ធំ នៅមានបញ្ហាប្រឈមខ្លះដែរ ដូចជាបញ្ហាបទល្មើសនេសាទ បទល្មើស ព្រៃ ឈើ ទំនាស់សហគមន៍ និងបទល្មើសបំផ្លាញធនធានធម្មជាតិ។ រីឯបញ្ហាសន្តិសុខ និងសុវត្ថិភាព ពិសេសគ្រោះថ្នាក់ចរាចរណ៍ និងបទល្មើសផ្សេងៗមានការកើនឡើងផងដែរ ដូច្នេះត្រូវរួម គ្នាដោះ ស្រាយ។
ជាវិធានការលោកនាយឧត្តមសេនីយ៍បានអំពាវនាវ ឱ្យមានការពង្រឹងគុណភាពស្នងការ និងមន្ត្រីនគរបាលទាំងអស់ ដែលជាកងកម្លាំងត្រូវ មានសមត្ថភាព វិន័យ គុណធម៌ សីលធម៌ និងយកចិត្តទុកដាក់ក្នុងការចូលរួមបំប៉នវគ្គបណ្តុះបណ្តាល និងការរៀនសូត្រ៕ ដោយ៖ ឃួន លក្ខិណា