រាជធានីភ្នំពេញ ៖ សាលក្រមផ្តន្ទាទោសលើជនជាតិចិនម្នាក់ ក្នុងសំណុំរឿងសម្លាប់សង្សារមានផ្ទៃពោះ ហើយដឹកសពយកទៅដុតកម្ទេចចោលនៅក្បែរស្ពានព្រែកព្នៅនោះ នឹងប្រកាសនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ខាងមុខ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញបើកសវនាការសាកសួរដេញដោលចប់សព្វគ្រប់ កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ។
សវនាការដឹកនាំដោយលោក ទិត សុទ្ធី បូរ៉ាឆាត ជាចៅក្រមជំនុំជម្រះ និងលោក សឿន មុនីរ័ត្ន តំណាងអយ្យការ ។ ជនជាប់ចោទ ឈ្មោះ Yang Yang ភេទប្រុស អាយុ៣២ឆ្នាំ ត្រូវបាន ចោទប្រកាន់ពីបទឃាតកម្ម និងបទលាក់កំបាំងសាកសព ប្រព្រឹត្តកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ នៅបន្ទប់លេខ២០៦ ក្នុងផ្ទះសំណាក់ប៉ារីស រាជធានីភ្នំពេញ ។
នៅចំពោះមុខក្រចកសេះ ជនជាប់ចោទឈ្មោះ Yang Yang បានសារភាពថា ខ្លួនគេពិតជាបានធ្វើឲ្យសង្សារស្លាប់មែន ។ ក្រោយមកខ្លួនក៏រត់ទៅស្រុកកំណើត លុះមួយខែក្រោយមក ទើបត្រឡប់មកស្រុកខ្មែរវិញ ដើម្បីសារភាពពីករណីសម្លាប់សង្សារនោះ ។
នៅថ្ងៃកើតហេតុ ពេលព្រឹកខ្លួនបាននាំសង្សារទៅមន្ទីរពេទ្យរ៉ូយ៉ាល់ដើម្បីពិនិត្យសុខភាព លុះដល់ថ្ងៃត្រង់ក៏ទៅហូបអាហារនៅផ្ទះសំណាក់ប៉ារីស រួចហើយនាំគ្នាឡើងទៅបន្ទប់លេខ២០៦ដែលពួកគេជួលស្នាក់នៅ ។ នៅក្នុងបន្ទប់ សង្សារបានប្រាប់ថានាងមានផ្ទៃពោះ២ខែហើយ ពេលឮដូច្នោះខ្លួនបានប្រាប់នាងឲ្យទៅយកកូនចេញ ជាហេតុធ្វើឲ្យនាងខឹង ក៏ស្ទុះមកប្រវាយប្រតប់ជាមួយខ្លួន ។ ពេលនោះ ខ្លួនគេក៏បានរុញនាងចេញ បណ្ដាលឲ្យដួលបោកក្បាលផ្ទប់នឹងជ្រុងគ្រែស្លាប់ភ្លាមតែម្ដង ។
ដោយគិតអ្វីមិនចេញខ្លួនបានអង្គុយជក់បារីអស់២ដើម ហើយក៏ទៅទិញវ៉ាលីសធំមួយនៅផ្សារធំថ្មី ដើម្បីយកមកដាក់សពសង្សារ រួចខ្ចីរថយន្តមិត្តភក្តិនៅក្រុមហ៊ុនដឹកសពយកទៅប្លុងចោលនៅក្បែរស្ពានមួយ និងបានទិញសាំងចាក់ស្រោចដុតសពចោល ។ បន្ទាប់មក ខ្លួនបានទៅស្រុកចិនវិញ លុះមួយខែក្រោយមកក៏ត្រឡប់មកវិញ ទើបត្រូវនគរបាលចាប់ខ្លួនតែម្ដងទៅ ។
សំណុំរឿងនេះ តំណាងអយ្យការនៅតែរក្សាការចោទប្រកាន់លើជនជាប់ចោទឈ្មោះ Yang Yang ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន ជាបុគ្គលិកក្រុមហ៊ុនដឹផាកវេ ស្ថិតនៅផ្លូវលេខ២៧៣សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ពីបទឃាតកម្ម និងបទលាក់កំបាំងសាកសព ដើម្បីឲ្យប្រធានក្រុមប្រឹក្សាជំនុំសម្រេច និងផ្តន្ទាទោសជនជាប់ចោទតាមច្បាប់ជាធរមាន ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព