សហរដ្ឋអាមេរិក ៖ តម្រួតកាណាដារាយការណ៍កាលពីថ្ងៃទី១៩ កញ្ញា ថា សំបុត្រមួយច្បាប់ដែលផ្ញើមកកាន់សេតវិមាន មានដាក់សារធាតុពុលមួយប្រភេទ ដែលគេស្គាល់ថា ជាសារធាតុRICINE ដែលជាពុលដ៏ខ្លាំងបំផុតរហូតដល់បាត់បង់ជីវិតបាន ។
សំបុត្រនោះ ដែលហាក់ដូចជាមកពីកាណាដា ត្រូវចាប់បាននៅក្នុងមជ្ឈមណ្ឌលប្រៃសណីមួយរបស់រដ្ឋាភិបាល មុនពេលមកដល់សេតវិមាន ។អ្នកនាំពាក្យម្នាក់របស់កងតម្រួតកាណាដាថ្លែងថា បានទាក់ទងជាមួយប៉ូលិស FBI អាមេរិក ដើម្បីឲ្យជួយខ្លួនក្នុងការស៊ើបអង្កេត ទាក់ទិននឹងសំបុត្រសង្ស័យនោះ ដែលផ្ញើមកកាន់សេតវិមាន។ FBI បានធ្វើការវិភាគសារធាតុនេះដែលរកឃើញក្នុងស្រោមសំបុត្រ ។ បណ្ដាលទ្ធផលបង្ហាញពីវត្តមាននៃសារធាតុពុល RICINE ជាសារធាតុពុលខ្លាំងបំផុតមួយ ។
ពេលសួរពីព័ត៌មាននេះរបស់សារព័ត៌មាន FBI និយាយថា ខ្លួនបានធ្វើការស៊ើបអង្កេតជាមួយភ្នាក់ងារសម្ងាត់ និងភ្នាក់ងារត្រួតពិនិត្យប្រៃសណីអាមេរិកលើសំបុត្រនោះដែលទទួលនៅឯមជ្ឈមណ្ឌលប្រៃសណីរបស់រដ្ឋាភិបាល ។ សម្រាប់ពេលនេះពុំមានការគំរាមកំហែងចំពោះសន្តិសុខសាធារណៈឡើយ ។ ចំណែកសេតវិមាន និងភ្នាក់ងារសម្ងាត់មិនចង់ធ្វើអត្ថាធិប្បាយឡើយ ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព