មីយ៉ាន់ម៉ាពន្យាពេលការចាក់សោរសម្រាប់ទីក្រុងYANGONបន្ទាប់ពីករណីឆ្លងកូវីដ១៩នៅតែបន្តកើនឡើងជារៀងរាល់ថ្ងៃ
(មីយ៉ាន់ម៉ា)៖ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ប្រទេសមីយ៉ាន់ម៉ាបានប្រកាសពីវិធានការណ៍ឲ្យប្រជាពលរដ្ឋស្ថិតនៅក្នុងផ្ទះ សម្រាប់ទីក្រុងYANGON ដែលជាទីក្រុងធំបំផុតរបស់ខ្លួន បន្ទាប់ពីបានរាយការណ៍ពីការកើនឡើងជារៀងរាល់ថ្ងៃនូវករណីថ្មីនៃជំងឺរាតត្បាតសកលកូវីដ១៩។នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន ChannelNewsAsia នៅថ្ងៃចន្ទ ទី២១ខែកញ្ញា ឆ្នាំ២០២០។
បទបញ្ជាសម្រាប់ទីក្រុងYANGON ដែលជារដ្ឋធានីពាណិជ្ជកម្មរបស់ប្រទេសមីយ៉ាន់ម៉ាបានចូលជាធរមាននៅថ្ងៃចន្ទនេះ ហើយនឹងបង្ខំឱ្យនិយោជិកទាំងអស់ធ្វើការពីផ្ទះ។ ដោយឡែកសាលារៀនត្រូវបានបិទរួចមកហើយក្រោមវិធានការបិទទ្វារកន្លងមក។ ក្រសួងសុខាភិបាលមីយ៉ាន់ម៉ាបានឲ្យដឹងថា ករណីឆ្លងវីរុសថ្មីចំនួន ៦៧១ករណីដោយមិនបានបញ្ជាក់ពីទីកន្លែង ប៉ុន្តែភាគច្រើននៃការឆ្លងថ្មីបានកើតឡើងនៅទីក្រុងYANGON។
សូមជម្រាបថា រហូតមកដល់ពេលនេះប្រទេសមីយ៉ាន់ម៉ាបានរាយការណ៍ថាករណីឆ្លងកូវីដ១៩សរុបចំនួន ៥,៥៤១ ករណី និងមានអ្នកស្លាប់ចំនួន ៩២ នាក់។ ការឆ្លងបានកើនឡើងដល់រាប់រយករណីថ្មីៗក្នុងមួយថ្ងៃៗក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមក បន្ទាប់ពីជំងឺនេះបានកើតឡើងដំបូងនៅរដ្ឋរ៉ាក់ឃីន (Rakhine)ភាគខាងលិចនៃប្រទេស៕