កងកម្លាំងប្រដាប់អាវុធរបស់តៃវ៉ាន់បានព្រមានទៅកាន់ប្រទេសចិនថា ខ្លួនមានសិទ្ធិការពារខ្លួន និងការប្រឆាំងតបទៅនឹងការរំខាន ឬការគំរាមកំហែងពីចិន។ កាលពីសប្តាហ៍មុន ប្រទេសចិនបានបញ្ជូនយន្ដហោះជាច្រើនគ្រឿង នៅពាក់កណ្តាលបន្ទាត់នៃចំណុចច្រកសមុទ្រតៃវ៉ាន់។
ភាពតានតឹងបានកើនឡើងយ៉ាងខ្លាំងក្នុងប៉ុន្មានខែថ្មីៗនេះ រវាងតៃប៉ិ និងប៉ីជិង។ បញ្ហានេះ ត្រូវបានគេអះអាងឱ្យដឹងថា ជាបញ្ហាដណ្តើមការគ្រប់គ្រងកោះតៃវ៉ាន់។
យន្តហោះចិនជាច្រើនគ្រឿងបានហោះឆ្លងកាត់ខ្សែបន្ទាត់នៃច្រកសមុទ្រតៃវ៉ាន់ និងចូលតំបន់ការពារដែនអាកាសរបស់កោះនេះ នៅថ្ងៃសុក្រនិងថ្ងៃសៅរ៍។ ដែលហេតុការណ៍នេះ ត្រូវបានប្រធានាធិបតី Tsai Ing-wen ហៅថាជាការគំរាមកំហែងដល់តំបន់។
នៅឆ្នាំនេះ ក្រសួងការពារជាតិតៃវ៉ាន់បានលើកឡើង ក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានកំណត់យ៉ាងច្បាស់នូវនីតិវិធីរបស់កោះនេះ បន្ទាប់ពីទទួលបានការគំរាមកំហែងជាញឹកញាប់ពីនាវាចម្បាំង និងយន្តហោះរបស់សត្រូវ។កោះតៃវ៉ាន់បន្តថា នឹងមិនបង្កជម្លោះអ្វីឡើយ ប៉ុន្តែខ្លួនក៏បានបញ្ជាក់ថា មិនខ្លាចការគំរាមកំហែងនោះទេ។
គួរបញ្ជាក់ឱ្យដឹងផងដែរថា កាលពីសប្តាហ៍មុនសមយុទ្ធរបស់ចិនបានធ្វើឡើងម្តងរួចហើយទៅហើយ។ សមយុទ្ធនេះដែរ គឺធ្វើបង្ហាញនូវការមិនពេញចិត្តចំពោះដំណើរទស្សនកិច្ចរបស់មន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិកទៅកាន់ទីក្រុងតៃប៉ិ។
កាសែតផ្លូវការរបស់ចិនមួយបានផ្សាយនៅក្នុងបទវិចារណកថាមួយថា សហរដ្ឋអាមេរិកកំពុងព្យាយាមប្រើកោះតៃវ៉ាន់ដើម្បីទប់ទល់នឹងប្រទេសចិន។ ប៉ុន្តែតៃវ៉ាន់ ក៏អះអាងដែរថា គ្មាននរណាម្នាក់ប្រើប្រាស់ការប្តេជ្ញាចិត្តក្នុងអធិបតេយ្យភាពរបស់ខ្លួនលើកោះនេះឡើយ។
ប្រទេសចិនមានការខឹងសម្បារយ៉ាងខ្លាំង ដោយសហរដ្ឋអាមេរិកបង្កើនការគាំទ្រ ដល់កោះតៃវ៉ាន់។ ក្នុងនោះរួមមានការធ្វើទស្សនកិច្ចចំនួន ២ លើកក្នុងរយៈពេលជាច្រើនខែដោយមន្រ្តីជាន់ខ្ពស់មួយរូបកាលពីខែសីហា និងរដ្ឋមន្រ្តីក្រសួងសុខាភិបាល Alex Azar ហើយនិងមួយសប្តាហ៍ចុងក្រោយដោយលោក Keith Krach អនុរដ្ឋលេខាធិការផ្នែកកិច្ចការសេដ្ឋកិច្ច។
សហរដ្ឋអាមេរិកដែលមិនមានទំនាក់ទំនងការទូតជាផ្លូវការជាមួយកោះនេះប៉ុន្តែជាអ្នកគាំទ្រអន្តរជាតិខ្លាំងបំផុតរបស់ខ្លួនក៏កំពុងមានគម្រោងលក់អាវុធថ្មីធំៗ ដល់កោះតៃវ៉ាន់ដែរ។
ប្រទេសចិននៅខែនេះបានធ្វើសមយុទ្ធទ្រង់ទ្រាយធំដ៏កម្រនៅក្បែរកោះតៃវ៉ាន់ ដែលតៃប៉ិបានហៅថាជាការបង្កហេតុធ្ងន់ធ្ងរ។ ប៉ុន្តែប្រទេសចិនបាននិយាយថាសមយុទ្ធនេះគឺជាការចាំបាច់ដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន៕