រាជធានីភ្នំពេញ ៖ ថ្មីៗនេះ រាជរដ្ឋាភិបាលរួមនឹងអង្គការដៃគូបានបន្តជម្រុញនូវការអនុវត្តគោលនយោបាយជាតិ ស្តីពីប្រព័ន្ធកិច្ចការពារកុមារ ដែលគោលនយោយបានេះជាយុទ្ធសាស្ត្របង្ហាញអំពី ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលធ្លាប់អនុវត្តកន្លងមក និងចាំបាច់ត្រូវធ្វើការពង្រឹង និងពង្រីកបន្ថែមទៀត និងជាគោលនយោបាយជាតិ ដែលត្រូវបានរៀបចំឡើងជាដំបូង សម្រាប់រយៈពេល១០ឆ្នាំ ២០១៩-២០២៨នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
ទីស្តីការក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា នាថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០២០ នេះ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានមានប្រសាសន៍ឲ្យដឹងថា «គោលនយោបាយជាតិ អាចប្រមូលផ្តុំការវិនិយោគទៅលើកុមារ ទាំងស្មារតី ទាំងធនធាន ឱ្យមានលក្ខណៈជាប្រព័ន្ធគ្រប់ជ្រុងជ្រោយជាងមុន ដើម្បីឱ្យកុមារគ្រប់គ្នាមានឱកាសស្មើៗគ្នា និងក្លាយជាធនធានមនុស្សដែលអាចរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិយើង»។
សូមជម្រាបជូនថា ក្របខណ្ឌគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារផ្អែកលើសសរស្តម្ភ៣ គឺ (១) ការបង្ការទប់ស្កាត់ (២) ការអន្តរាគម (៣) ការផ្តល់សេវានិងការឆ្លើយតប ដែលយើងត្រូវបំពេញជាលក្ខណៈប្រព័ន្ធមួយ។ សសរស្តម្ភនីមួយៗមានទិដ្ឋភាពរួមរបស់វានិងមានបញ្ហាប្រឈមដែលនាំទៅដល់បង្កើតយុទ្ធសាស្ត្រ និងវិធានការឬសកម្មភាពផ្សេងៗគ្នាទៅតាមករណីខុសៗគ្នាដែលកើតមានឡើង។ រាល់សកម្មភាពទាំងនោះ នឹងត្រូវបានអនុវត្តក្នុងក្របខណ្ឌគោលនយោបាយជាតិទៅតាមក្របខណ្ឌនិងផែនការសកម្មភាពពាក់ព័ន្ធដល់គ្រប់ក្រសួង ស្ថាប័ន និងអ្នកពាក់ព័ន្ធដែលចាំបាច់ត្រូវធ្វើការងារទាំងនោះស្របតាមគោលនយោបាយនេះ ដែលនឹងកំណត់នៅក្នុងផែនការសកម្មភាពនាពេលខាងមុខ។
នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា អ្នកស្រី គ្វីននេត វ៉ង និងនាយកប្រចាំប្រទេសនៃអង្គការឆាលហ្វាន កម្ពុជា លោក ប្រាស្សាន វើម៉ា មានប្រសាសន៍ថា «ដើម្បីឈានមកដល់ថ្ងៃនេះ ដំណើការនៃការផ្តួចផ្តើមគំនិត និងចងក្រង គោលនយោបាយនេះបានចាប់ ផ្តើមកាលពី ៣ ឆ្នាំ មុនពោលគឺក្នុងឆ្នាំ២០១៧។ អង្គការភ្លែន អង្គការឆាលហ្វានកម្ពុជា និងដៃគូរទាំងអស់ បានចូលរួមគាំទ្រក្នុងដំណើរការ នៃការចងក្រងគោលនយោបាយជាតិ ដ៏មានសារសំខាន់នេះ ក៏ដូចជាបានចូលរួមផ្សព្វផ្សាយ និងដាក់ឲ្យប្រើប្រាស់ដើម្បីធានា ឱ្យកុមារគ្រប់រូបទទួលបាននូវសិទ្ធិ ស្មើៗគ្នាដើម្បីសមធម៌ និងយុត្តិធម៌សង្គម»។
អ្នកស្រី គ្វីននេត បន្តទៀតថា «អង្គការភ្លែនអន្តរជាតិកម្ពុជា និងអង្គការឆាលហ្វាន មានសេចក្តីរីករាយដែលបានចូលរួមការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការផ្តល់សេវាការពារកុមារជាមួយរាជរដ្ឋាភិបាលកម្ពុជាឲ្យកាន់តែប្រសើរឡើងដើម្បីសម្រេចនូវសមិទ្ធផលគួរឱ្យកត់សម្គាល់ក្នុងការតស៊ូមតិដើម្បីកុមារ ទទួលបានសិទ្ធិការពារ ជួយកសាងសមត្ថភាពបុគ្គលិកសង្គមនៅគ្រប់កម្រិត និងផ្តល់សេវាដោយផ្ទាល់ដល់កុមារ គ្រួសារនិងសហគមន៍ងាយរងគ្រោះ ជាពិសេសក្មេងស្រី និងស្ត្រី»។
គួរបញ្ជាក់ផងដែរថា ការរៀបចំប្រារព្ធពិធីផ្សព្វផ្សាយអបអរសាទរ និងដាក់ឲ្យប្រើប្រាស់គោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារនេះ បានចុះហត្ថលេខាដាក់អោយប្រើប្រាស់ដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងមានការសហការគាំទ្រពី អង្គការភ្លែនអន្តរជាតិកម្ពុជា និងអង្គការឆាលហ្វាន់កម្ពុជា៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព