សហរដ្ឋអាមេរិក ៖ ប៉ូលិសរាយការណ៍ថា មនុស្សវ័យក្មេង២នាក់ ក្នុងនោះមានយុវជនម្នាក់ និងយុវតីម្នាក់ បានត្រូវបាត់បង់ជីវិត ហើយមនុស្ស១៤នាក់ទៀតរងរបួស កាលពីយប់ថ្ងៃទី១៨ មកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០២០ ក្នុងការបាញ់ប្រហារ ខណៈពេលកំពុងមានការឆ្លងរាលដាលនៃវីរុស COVID-19 ក្នុងរដ្ឋញូវយ៉ក។
មេប៉ូលិសម្នាក់លោក MARK SIMMONS នៅកន្លែងបាញ់ប្រហារ ក្នុងទីក្រុង ROCHESTERថ្លែងទៅកាន់សារព័ត៌មានថា សរុបមានជនរងគ្រោះ១៦នាក់ ក្នុងការបាញ់ប្រហារនេះ ដោយមាន២នាក់បានបាត់បង់ជីវិត។ អ្នកបាត់បង់ជីវិតទាំង២នាក់ គឺយុវជនអាយុ១៨ឆ្នាំ និងយុវតីអាយុ២២ឆ្នាំ ចំណែកអ្នករបួស១៤នាក់ មិនស្ថិតក្នុងគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។
ប៉ូលិសដែលបញ្ជូនទៅកាន់កន្លែងបាញ់ប្រហារ បានឃើញឆាកនៃការភ័យជ្រួលច្របល់ ដោយមនុស្សប្រមាណជា១០០នាក់ បានរត់ចេញប្រសាចទៅកាន់គ្រប់ទិស។ រាត្រីសមោសរដែលកើតមានការបាញ់ប្រហារនេះ ត្រូវបានរៀបចំធ្វើនៅទីលានខាងក្រោយផ្ទះមួយ ក៏ទោះបីកំពុងមានការឆ្លងរាលដាលនៃវីរុស ។ មកទល់ពេលនេះ នៅមិនទាន់មានការចាប់ខ្លួនមនុស្សណាម្នាក់ ហើយគេក៏មិនទាន់ដឹងពីមូលហេតុនៃការបាញ់ប្រហារនោះទេ ដែលកើតមានពេលរំលងអធ្រាត្រដែរ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព