ភ្នំពេញ៖ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់ខ្លួនបានប្រគល់ទៅឲ្យប៉ូលិសសាកសួរនិងកសាងសំណុំរឿងខណៈពេលចូលទៅលួចម៉ូតូ១គ្រឿង ដែលម្ចាស់ចតទុកនៅមុខផ្ទះដោយភ្លេចដកសោរចេញ។ប៉ុន្តែក្រោយពេលកាច់សោរបញ្ឆេះស្រាប់តែជិះចេញអត់រួចព្រោះម្ចាស់ចាក់សោរកង់មុខជាប់ ហើយពេលនោះម្ចាស់ឃើញទាន់ស្រែកថា៖ចោរៗបង្កឲ្យមានការភ្ញាក់ផ្អើលហើយប្រជាពលរដ្ឋបានដេញតាមចាប់បានភ្លាមៗតែម្ដង។
ហេតុការណ៍នោះបានកើតឡើង កាលពីវេលា ម៉ោង១១និង៣៥នាទីព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវបេតុងលេខ១៩៦ ក្រុមទី១ ភូមិចំការឪឡឹក១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើមានឈ្មោះ អ៊ុំ ចាន់ធឿន ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យមានស្រុកកំណើតនៅក្នុងភូមិត្រពាំងរុន ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត ។
ចំណែកឯម៉ូតូដែលជនសង្ស័យធ្វើសកម្មភាពលួចនោះម៉ាកHonda Scoopy ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HH-3045 ម្ចាស់ឈ្មោះ កង មាស អាយុ៣៣ឆ្នាំ មុខរបរពេទ្យធ្មេញ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ។
ប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុ គ្រូពេទ្យធ្មេញបានចតម៉ូតូទុកនៅមុខផ្ទះ ហើយបានភ្លេចដកសោរចេញ ប៉ុន្តែបានចាក់សោរកង់មុខត្រឹមត្រូវដែរ។បន្ទាប់មកគ្រូពេទ្យរូបនេះក៏បានចូលទៅក្នុងផ្ទះធ្វើធ្មេញឲ្យម៉ូយ ហើយរហូតដល់ពេលកើតហេតុ ក៏ស្រាប់តែជនសង្ស័យបានចូលទៅធ្វើសកម្មភាពលួចកាច់សោរបញ្ឆេះដើម្បីជិះចេញគេចខ្លួន។ ប៉ុន្តែខណៈនោះជិះចេញមិនរួច ដោយសារតែម៉ូតូជាប់សោរកង់មុខ ហើយនៅពេលឮម៉ូតូរបស់ខ្លួនបញ្ឆេះគ្រូពេទ្យបានក្រឡេកឃើញចោរកំពុងលួចម៉ូតូក៏ស្រែកឆោឡោ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជួយដេញតាមចាប់បានភ្លាមៗរួចនាំទៅប្រគល់ជូនសមត្ថកិច្ចចាត់ការបន្ត៕ដោយ៖ សួង សាម