ហ្សាការតា៖ ប្រទេសឥណ្ឌូនេស៊ីបានផ្អាកការនាំចេញគ្រឿងសមុទ្ររបស់ក្រុមហ៊ុន PT Putri Indah ទៅកាន់ប្រទេសចិន បន្ទាប់ពីផលិតផលត្រីក្លាសេរបស់ខ្លួនត្រូវបានពិនិត្យរកឃើញថា មានផ្ទុកមេរោគកូវីដ-១៩។
ករណីនេះកំពុងស្ថិតក្នុងការស៊ើបអង្កេតទាក់ទង នឹងមានការព្យួរលើការនាំចេញផលិតផលរបស់ក្រុមហ៊ុនខាងលើ ស្របពេលដែលមានការលើកឡើងថា ករណីនេះត្រូវបានពិនិត្យឃើញតែនៅលើផ្នែកខាងក្រៅនៃកញ្ចប់ប៉ុណ្ណោះមិនមែននៅក្នុងសាច់ត្រីផ្ទាល់ទេ។
រដ្ឋបាលគយរបស់ចិនបានឱ្យដឹងកាលពីថ្ងៃសុក្រថា ខ្លួននឹងបញ្ឈប់ការទទួលយកពាក្យសុំនាំចូលពីក្រុមហ៊ុន PT Putri Indah រយៈពេលមួយសប្តាហ៍ បន្ទាប់ពីត្រីក្លាសេក្រុមហ៊ុននេះមានបញ្ហាទាក់ទងនឹងមេរោគកូវីដ-១៩។
យ៉ាងណាមិញ នឹងមិនមានករណីបិទការនាំចេញទំនិញណាមួយពីប្រទេសឥណ្ឌូនេស៊ី ទៅកាន់ប្រទេសចិនឡើយ ក្រៅពីក្រុមហ៊ុន PT Putri Indah តែមួយប៉ុណ្ណោះ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភប៖ CNA