រាជធានីភ្នំពេញ៖ មន្ត្រីឧទ្យានុរក្ស ក្រសួងបរិស្ថាន អង្គការសម្ព័ន្ធមិត្តសត្វព្រៃប្រចាំស្នាក់ការល្បាតចំបក់ បានធ្វើការឆ្មក់ចូលភោជនីយដ្ឋានមួយកន្លែង និងដកហូតបានសាច់សត្វខ្ទីងទម្ងន់៧២គីឡូក្រាម ។ នេះបើតាមការចេញផ្សាយ របស់អង្គការសម្ព័ន្ធមិត្ដសត្វព្រៃ Wildlife ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ។
អង្គការសម្ព័ន្ធមិត្ដសត្វព្រៃ Wildlife បានបន្តថា «នេះគឺជាករណីទី២ ដែលសត្វខ្ទីងមួយក្បាលទៀត ត្រូវបានប្រទះឃើញថា ស្លាប់ កាលពីខែមុន បន្ទាប់ពីការឃើញមួយទៀតនោះ គឺនៅក្នុងខែមិថុនា ដោយមន្ត្រីឧទ្យានុរក្សស្នាក់ការអូរសោម ដែលពួកគាត់បានប្រទះឃើញ សត្វខ្ទីងមួយក្បាលត្រូវបានជាប់អន្ទាក់ ហើយស្នែងរបស់វាត្រូវបានគេកាត់យកទៅបាត់»។
អង្គការសម្ព័ន្ធមិត្ដសត្វព្រៃ Wildlife បានបន្ថែមថា សត្វខ្ទីងត្រូវបានគេសន្និដ្ឋានថា វានៅសេសសល់ ចំនួន២១០០០ក្បាល ប៉ុណ្ណោះដែលកំពុងរស់នៅក្នុងព្រៃ ។ យើងត្រូវតែធ្វើការរួមគ្នា ដើម្បីធានាអោយបាននូវការរស់រានមានជីវិត គ្រប់ប្រភេទសត្វព្រៃទាំងអស់ ដោយត្រូវនិយាយពាក្យថាទេ ចំពោះការបរិភោគសាច់សត្វព្រៃ និងអំពាវនាវអោយបញ្ចប់វិបត្តិអន្ទាក់នៅក្នុងប្រទេសកម្ពុជា។
យោងតាមជីវសាស្ត្រ សត្វខ្ទីងអាចរស់នៅបានពីតំបន់ទំនាបរហូតដល់រយៈកម្ពស់ខ្ពស់រហូតដល់កម្ពស់ជាង ២០០០ ម៉ែត្រ ហើយសត្វខ្ទីងរស់នៅ ក្នុងតំបន់មួយចំនួន ដូចជាភូមិភាគឦសាន ភូមិភាគខាងជើង ខេត្តកោះកុង ពោធិ៍សាត់ (ជួរភ្នំក្រវាញ) និងក្នុងខេត្តកំពង់ស្ពឺជាដើម ។ សត្វប្រភេទនេះចូលចិត្តរស់នៅក្នុងព្រៃស្រោង ព្រៃល្បោះ និងវាលស្មៅ ហើយសត្វខ្ទីងតែងតែចេញរកស៊ីនៅពេលព្រឹកនិងពេលល្ងាច។ ទាក់ទងនឹងសត្វនេះផងដែរ សត្វខ្ទីងចូលចិត្តរស់នៅជាហ្វូង ហើយអាហាររបស់វា គឺល្បះខ្ចី ទំពាំង ស្មៅ និងវល្លិ៍ជាដើម ។ សត្វខ្ទីងញីអាចបង្កើតកូនបាន ១ បន្ទាប់ពីពពោះរយៈពេល ៩ ខែ ។
សត្វខ្ទីងជាប្រភេទសត្វកម្រ ដែលងាយទទួលរងការគំរាមកំហែងយ៉ាងខ្លាំង ហើយចំនួនសត្វខ្ទីងត្រូវបានគេដឹងថា ត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ថា ជាប្រភេទសត្វព្រៃងាយរងគ្រោះថ្នាក់ជាសកលនៅឆ្នាំ១៩៨៦ ហើយនៅឆ្នាំ ២០១៦ សត្វខ្ទីងនៅលើពិភពលោកមានចំនួនប្រមាណ ២១០០០ ក្បាលដែលរស់នៅក្នុងប្រទេស ឥណ្ឌានិងតំបន់អាស៊ីអាគ្នេយ៍ ។
បន្ថែមពីនេះ សត្វខ្ទីងញីអាចមានទម្ងន់រហូតដល់ជិត ១ តោន ខណៈខ្ទីងឈ្មោលអាចមានទម្ងន់ដល់ ១តោនកន្លះ។ ចំនួនសត្វខ្ទីងមានការថយចុះគួរឱ្យកត់សម្គាល់ដោយសារតែការបាត់បង់ទីជម្រក ជាពិសេសគឺការបរបាញ់ដើម្បីយកសាច់ ស្នែង ឆ្អឹងនិងការជួញដូរផ្សេងទៀត ។ សត្វខ្ទីងស្ថិតនៅក្នុងឧបសម្ព័ន្ធទី១ នៃអនុសញ្ញាសាយតេស ៕ ត្នោត