Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តម្រូវការ​ជ្រូក​រស់​កើនឡើង​ខ្លាំង​ពេល​ភ្ជុំបិណ្ឌ​រហូត​នាំ​ចូល​ពី​បរទេស​ប្រមាណ​៣០%​នៃ​តម្រូវការ​សរុប

រាជធានី​ភ្នំពេញ ៖ តម្រូវការ​សាច់​ជ្រូក ឬ​ជ្រូក​រស់ នៅ​លើ​ទីផ្សារ​ក្នុង​កំឡុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​ក្នុង​ឆ្នាំ​២០២០​នេះ​ហាក់​មានការ​កើនឡើង​ព្រម​គ្នា ហើយ​ការ​កើនឡើង​នេះ​ផង​ដែរ បើ​តាម​អ្នកជំនាញ​នៅ​ក្នុង​វិស័យ​ធ្វើការ​ប៉ាន់​ប្រមាណ​ថា មាន​ប្រមាណ​១០% នៃ​តម្រូវការ​ជ្រូក​រស់នៅ​ទូ​ទាំង​ប្រទេស ។

លោក ស្រ៊ុ​ន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០ កញ្ញា​នេះ​ថា តម្រូវការ​ជ្រូក​រស់នៅ​លើ​ទីផ្សារ​ក្នុង​កំឡុង​ពេល​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ ចាប់ពី​ថ្ងៃ​ទី​១២ ដល់​១៥ ខែកញ្ញា មាន​ប្រមាណ​ពី​៩.០០០ ទៅ​១០.០០០​ក្បាល នៅ​ទូ​ទាំង​ប្រទេស ពោល​តម្រូវការ​កើនឡើង​ប្រមាណ​១០% ប្រៀបធៀប​ទៅ​និង​ថ្ងៃ​ធម្មតា ។

បើ​តាម​ប្រធាន​សមាគម​រូប​នេះ តម្រូវការ​ជ្រូក​រស់នៅ​ទូ​ទាំង​ប្រទេស​ក្នុង​កំឡុង​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​កន្លង​ទៅ​នេះ​ត្រូវការ​ជ្រូក​នាំ​ចូល​ប្រមាណ ៣០% នៃ​ចំនួន​ជ្រូក​រស់​សរុប​ខាងលើ ។ លោក​លើក​ឡើង​ថា «​តម្លៃ​ជ្រូក​រស់នៅ​លើ​ទីផ្សារ​មិន​មានការ​ប្រែប្រួល​នោះ​ទេ មួយ​គីឡូក្រាម​ថ្លៃ​ពី​១២.៥០០ ឬ​៣០.០០០​រៀល តែ​តម្លៃ​សាច់​ជ្រូក​សម្រាប់​អ្នក​លក់រាយ​នៅ​លើ​ទីផ្សារ​មានការ​ប្រែប្រួល​ក្នុង​កំឡុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ ហើយ​នៅ​ពេល​បុណ្យ​ទាន​ឬ​បុណ្យ​ជាតិ​ធំ​ៗ​តម្លៃ​អាច​ប្រែប្រួល​តិចតួច វា​មិន​មានការ​ប្រែប្រួល​ខ្លាំង​ធ្វើ​ឱ្យ​ប៉ះពាល់​ទីផ្សារ​ឬ​អ្នក​បរិភោគ​ទេ ព្រោះ​ការ​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក​មានការ​កើនឡើង អីចឹង​តម្លៃ​ទោះបី​យ៉ាងណា​ក៏​មិន​អាច​ហក់​ឡើង​រហូត​ធ្វើ​ឱ្យ​បរិភោគ​ទទួលយក​មិន​បាន​នោះ​ទេ​»​។

អ្នកស្រី ប៉ាវ ស្រី​ភា អាជីវករ​លក់​សាច់​ជ្រូក​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ តម្រូវការ​សាច់​ជ្រូក ឬ​ការ​លក់​សាច់​ជ្រូក​មាន​អ្នក​មក​ទិញ​ច្រើន​ជាង​កាល​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ ។ ពោល​ឆ្នាំ​នេះ ចាប់ពី​ថ្ងៃ​ទី​១២ ដល់​១៥ ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ក្នុង​មួយ​ថ្ងៃ​អាច​លក់​សាច់​ជ្រូក​អស់​៤​ក្បាល ឬ​ប្រមាណ​៥០០​គីឡូក្រាម ។អ្នកស្រី​បញ្ជាក់​ថា​« តម្លៃ​ជ្រូក​រស់​ពេល​ទិញ​យក​មក​កាប់​សាច់​មួយ​គីឡូក្រាម​ថ្លៃ​១៣.៤០០​រៀល ហើយ​លក់​ចេញ​ទៅ​វិញ​សម្រាប់​សាច់​សុទ្ធ​ថ្លៃ​២០.០០០​រៀល ហើយ​ខ្លាញ់​ថ្លៃ​៣០០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​» ។

ពាក់ព័ន្ធ និង​ការ​ចិញ្ចឹមសត្វ​ក្នុងស្រុក​នេះ នៅ​ពេល​កន្លង​ទៅ​ថ្មី​ៗ ប្រមុខ​រាជរដ្ឋាភិបាល​បាន​ជំរុញ​លើកទឹកចិត្ត​ទៅ​ដល់​ប្រជា​កសិករ​ធ្វើ​ចិញ្ចឹមសត្វ​ឡើង​វិញ ដើម្បី​ផ្គត់​ផ្គត់​ទីផ្សារ​កាត់​បន្ថយ​ការ​នាំ​ចូល​ពី​ប្រទេស​ជិតខាង ហើយ​នៅ​ឆ្នាំ​២០១៩ កម្ពុជា​មាន​លទ្ធភាព​ផ្គត់ផ្គង់​សាច់​បាន​ជាង​២៣​ម៉ឺន​តោន នៃ​តម្រូវការ​សាច់​សរុប​២៩​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ ។

លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ធ្លាប់​មាន​ប្រសាសន៍​ថា «​ក្នុង​ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ ផលិតកម្ម​សត្វ​សម្រេច​បាន​ជាង​៤៥​លាន​ក្បាល កើនឡើង​លើស​ឆ្នាំ​ជាង​៣% ជា​ហេតុ​ធ្វើ​ឱ្យ​កម្ពុជា​មាន​លទ្ធភាព​ផលិត​សាច់​សម្រាប់​បម្រើ​តម្រូវការ​ក្នុងស្រុក​បាន​ជាង​២៣​ម៉ឺន​តោន​ស្មើនឹង​៨២% នៃ​តម្រូវការ​សាច់​សរុប​ប្រមាណ​២៩​ម៉ឺន​តោន​នៅ​ក្នុង​ឆ្នាំ ។ការ​ចិញ្ចឹមសត្វ​លក្ខណៈ​ពាណិជ្ជកម្ម​មានការ​កើនឡើង​ប្រមាណ​៣៧%​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន ដោយសារ​អ្នក​ចិញ្ចឹម​មានការ​ផ្លាស់​ប្តូរ​ឥរិយា​បទ​ពី​ការ​ចិញ្ចឹម​បែប​ធម្មជាតិ មក​ចិញ្ចឹម​តាម​បែប​ពាណិជ្ជកម្ម​ដែល​ធ្វើ​ឱ្យ​កំណើន​នៃ​ប្រាក់​ចំណូល​ខ្ពស់​» ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9711383