ចាប់បានហើយ ! សមត្ថកិច្ចចាប់ឪពុកដែលប្រើហិង្សាវាយដំកូនស្រីនៅស្វាយរៀង ដើម្បីចាត់ការតាមច្បាប់
ក្រោយទទួលដំណឹងករណីហិង្សាក្នុងគ្រួសារយ៉ាងព្រៃផ្សៃពីសំណាក់ឪពុក វាយដំទៅលើកូនស្រីបង្កើត នាំឲ្យស្នងការនគរបាលខេត្តស្វាយរៀង បានបញ្ជាឱ្យកម្លាំងជំនាញធ្វើអន្តរាគមន៍បន្ទាន់ ចុះដល់កន្លែងកើតហេតុនាថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២២:០០ នាទីយប់។
តាមរយៈលោក អែម សុវណ្ណារិទ្ធ អធិការនគរបាលក្រុងបាវិត បានឲ្យដឹងថា ករណីនេះ កើតឡើងនៅក្រុងបាវិត ខេត្តស្វាយរៀង កាលពីសប្តាហ៍មុន ខណៈពេលនេះ កម្លាំងប៉ុស្តិ៍នគរបាលច្រកម្ទេស កំពុងធ្វើការសួរនាំ និងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី។
គួរបញ្ជាក់ថា អំពើហិង្សាយ៉ាងព្រៃផ្សៃពីសំណាក់ ឪពុក វាយដំទៅលើកូនស្រីបង្កើត ត្រូវគេបង្ហាះឡើយបណ្តាញសង្គម កាលពីថ្ងៃ ២០ កញ្ញា ម្សិលមិញនេះ នាំឲ្យមហាជនជាច្រើន ធ្វើការថ្កោលទោស នឹងទាមទារឲ្យសមត្ថកិច្ចធ្វើការចាប់ជន ដៃដល់មកផ្តន្ទាទោស។
វីដេអូនេះ បានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមភ្ញាក់ផ្អើល និងខឹងសម្បារ ក្រោយម្ចាស់អាខោនហ្វេសប៊ុកឈ្មោះ «Bee Nang Sad» បានសរសេររៀបរាប់ថា «ខ្ញុំសូមអោយខាងច្បាប់ជួយរកយុត្តិធម៌អោយប្អូនស្រីខ្ញុំផងចុះ។ ព្រោះឪពុកក្មេងស្រីនេះ បានបង្កបញ្ហាដល់គ្រួសារជាច្រើនលើកច្រើនសារ ។ មកពីផឹកស៊ីម្តងៗ តែងរករឿងប្រពន្ធវាយធ្វើបាបប្រពន្ធរួមទាំងកូនរហូតប្រពន្ធទ្រាំរស់នៅជាមួយលែងបាន សម្រេចចិត្តចាកចេញពីគ្រួសារមួយរយៈ។ ឥឡូវនេះធ្វើបាបប្អូនស្រីខ្ញុំទៀតហើយ តែខ្ញុំជួយអ្វីមិនបានព្រោះខ្ញុំជាស្រីមិនហ៊ានទេ បានត្រឹមលួចថតទុកជាភស្តុ តាង ជូនដល់លោកអ្នកខាងច្បាប់ជួយដោះស្រាយប៉ុណ្ណោះ ។ តើអំពើគាត់នេះសមជាឪពុកគេទេ បងប្អូនជួយមើលហើយគិតតាមការគួរផង»៕
ដោយ៖ ត្នោត