ចិន៖ យោងតាមតួលេខចេញផ្សាយដោយគណៈកម្មការសុខភាពជាតិរបស់ប្រទេសចិន កាលពីថ្ងៃពុធ ចិនបានរកឃើញករណីឆ្លងកូវីដថ្មីចំនួន១០១ករណី កាលពីថ្ងៃអង្គារ៍ ដែលជាការកើនឡើងខ្ពស់បំផុតក្នុងរយៈពេលតែមួយថ្ងៃ ចាប់តាំងពីដើមខែមេសា។
ក្នុងចំណោមករណីថ្មីនេះ ៩៨នាក់ គឺជាករណីឆ្លងក្នុងមូលដ្ឋាន ដែលមាន៨៩នាក់ជាអ្នកមកពីតំបន់ដាច់ស្រយាលនៃតំបន់ស៊ីនជាំង ដែលការផ្ទុះឡើងថ្មីបានកើតឡើងក្នុងខែនេះ។ ការឆ្លងកូវីដ១៩ មូលដ្ឋានមួយករណី ត្រូវបានរកឃើញនៅក្នុងទីក្រុងប៉េកាំង ហើយករណីសល់ពីនេះ គឺជាការឆ្លងមូលដ្ឋាននៅក្នុងស្រុក Liaoning។
កាលពីថ្ងៃអង្គារ៍ ប្រទេសចិន ក៏បានរកឃើញករណីឆ្លងកូវីដ១៩ ដែលគ្មានបង្ហាញរោគសញ្ញាចំនួន២៧ករណីបន្ថែមទៀត ដែលមិនត្រូវបានរាប់បញ្ចូលក្នុងករណីសរុប ដែលបានបញ្ជាក់នោះទេ។
នេះជាលើកទីមួយហើយ ដែលប្រទេសចិនបានរាយការណ៍ថា មានអ្នកឆ្លងថ្មីចំនួនជាង ១០០នាក់ក្នុងរយៈពេលតែមួយថ្ងៃ ចាប់តាំងពីថ្ងៃទី១២ ខែមេសា នៅពេលដែលប្រទេសនេះបានរាយការណ៍ករណីថ្មីចំនួន ១០៨ករណី ដែលភាគច្រើនជាករណីឆ្លងនាំចូលមកក្នុងស្រុក។
គួរបញ្ជាក់ផងដែរថា វាជាថ្ងៃទី៣ ជាប់ៗគ្នាហើយ ដែលប្រទេសចិន បានរកឃើញករណីឆ្លងកើនឡើងខ្ពស់បំផុត ហើយភាគច្រើនគឺជាករណីឆ្លងក្នុងមូលដ្ឋាន ចាប់តាំងពីខែមីនាមក៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព