ភ្នំពេញ ៖ ហេតុការណ៍ ភ្ញាក់ផ្អើលមួយបន្ទាប់ពីមានជនជាតិចិនមួយក្រុមបានជួលទូកទេសចរណ៍កំសាន្តនៅទន្លេមេគង្គមុខព្រះបរមរាជវាំងនិងផឹកស៊ីសប្បាយរួចក៏រអិលជើងធ្លាក់ចូលទឹកទន្លេលិចបាត់តែម្តង ហេតុការណ៍ នេះបានកើតឡើងកាលពីវេលាម៉ោង១០និង២០នាទី យប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ នៅទន្លេមេគង្គ មុខព្រះបរមរាជវាំង សង្កាត់ជ័យជំនះខណ្ឌដូនពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុមានជនជាតិចិនមួយក្រុមបានមកជួលទូក ទេសចរណ៍មួយគ្រឿងដែលមានឈ្មោះ បារីសឡីមេគង្គ ដើម្បីជិះកំសាន្តនៅលើផ្ទៃទឹកទន្លេមេគង្គ និងផឹកស៊ីសប្បាយ លុះមកដល់វេលាកើតហេតុស្រាប់តែមានបុរសជនជាតិចិនម្នាក់បានធ្លាក់ពីលើទូកជាន់ទី២
ចូលទៅក្នុងទឹកទន្លេលិចបាត់តែម្តងទើបមានការភ្ញាក់ផ្អើលនាំគ្នាចូលរុករកនិងរាយការណ៍ទៅសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗ តែទោះជាយ៉ាងណាជនរងគ្រោះនៅមិនទាន់រកឃេីញនៅឡេីយទេ៕ដោយ ផេង ភាព