ភ្នំពេញ៖ អ្នកជំងឺកូវីដ១៩ ចំនួន៧នាក់បានជាសះស្បើយ ប៉ុន្តែក៏មានអ្នកឆ្លងថ្មី៧នាក់ដែរកាលពីម្សិលមិញ។ នេះបើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២០នេះ។
ក្នុងចំណោមអ្នកឆ្លងថ្មីទាំង៧នាក់នោះ មាន៤នាក់ជាក្រុមមួកខៀវមកពីម៉ាលី កាលពីថ្ងៃទី១០ ខែកក្កដា ក្នុងចំណោម៨០នាក់។ លទ្ធផលតេស្តលើកទី៣កាលពីថ្ងៃទី២៨ ខែកក្កដា រកឃើញពួកគាត់មានវិជ្ជមានកូវីដ១៩។ ចំណែក ៣នាក់ទៀត ជាអ្នកដំណើរមកពីឥណ្ឌូណេស៊ី ដែលបានមកដល់កម្ពុជាកាលពីថ្ងៃទី២៣ ខែកក្កដា ជាមួយមនុស្ស៥៩នាក់ទៀត។
រីឯករណីជាសះស្បើយទាំង៧វិញ គឺបុរស៦នាក់ដែលមានប្រវត្តិធ្វើដំណើរពីបណ្តាប្រទេសផ្សេងៗ និងស្រ្តី១នាក់ដែលជាសមាជិកក្រុមមួកខៀវ។ ពួកគាត់មានលទ្ធផលតេស្តអវិជ្ជមាន២ដង ហើយត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ។
គិតត្រឹមព្រឹកថ្ងៃទី២៩ ខែកក្កដានេះ កម្ពុជារកឃើញអ្នកមានជំងឺកូវីដ១៩សរុបទាំងអស់ ២៣៣នាក់ ក្នុងនោះ អ្នកជាសះស្បើយសរុប ១៥៥នាក់ និងអ្នកកំពុងសម្រាកព្យាបាលមាន៧៩នាក់៕ ប៊ុនធឿន