រាជធានីភ្នំពេញ ៖ តើអ្នកដឹងទេ គំនិតអ្នកមានសព្វថ្ងៃពួកគាត់កំពុងគិតអ្វី ? តើពួកគាត់ត្រូវចំណាយបែបណា ដើម្បីចំណេញប្រាក់មកវិញ ? យើងអាចនិយាយថា យកលុយទៅទិញលុយក៏ថាបាន ។
តាមការស្តាប់ជាមួយគំនិតអ្នកមានភាគច្រើន ពួកគាត់តែងតែគិតពិចារណាខ្ពស់ក្នុងការចំណាយលុយកាក់របស់ពួកគាត់ ។ ក្នុងន័យនេះលោក លី ហាវ ជាស្ថាបនិក និងជានាយកសាលា IDEALLY អន្តរជាតិបានប្រាប់ឱ្យដឹងថា ការគិតរបស់អ្នកមានមិនចេះតែចំណាយលុយផ្តេសផ្តាស់ទៅលើសម្ភារៈថ្លៃៗនោះទេ និងគ្រប់វិនាទីនៃការគិតរបស់អ្នកមាន តែងតែប្រើលុយ ឬចំណាយលុយហើយបានលុយមកវិញ ជាជាងការចំណាយឥតប្រយោជន៍ទៅលើសម្ភារៈនិយម ។ លោកបានបន្តថា «មនុស្សដែលជោគជ័យបំផុត គឺជាមនុស្សដែលចេះបង្កើតឱកាស ហើយអ្នកដែលបរាជ័យ គឺជាអ្នកដែលរង់ចាំឱកាស ។ នេះជា ចរិតអ្នកមាន គឺគេអត់ចេះស៊ុញទេ ម្យ៉ាងវិញទៀតអ្នកមានគេមិនចេះធ្វើរឿងចៃដន្យទេ ។ អ្វីៗគ្រប់យ៉ាងសុទ្ធតែចេញមកពីការគិតទាំងអស់» ។ ហើយបើយើងនិយាយចរិតរបស់អ្នកមាន អ្នកខ្លះខ្លាចថាធ្វើឱ្យគេឈឺចាប់ ក្នុងន័យនេះ គឺចង់សំដៅលើសម្ភារៈនិយម ។
លោក ហាវ បានបន្តថា អ្នកមានពិតប្រាកដ គាត់ចេះគិតគូដល់បុគ្គលិក ហើយគាត់អត់ហ៊ានសម្ភារៈនិយមទេ ។ លោក លី ហាវ បានពន្យល់ថា «អ្នកមានពិតប្រាកដមិនហ៊ានធ្វើឱ្យអ្នកដទៃឈឺចាប់ ក៏ព្រោះតែហេតុផលថា បុគ្គលិកមួយថ្ងៃៗខំប្រឹងធ្វើការណាស់ ។ ប៉ុន្តែយើងនេះមើលទៅដូចអត់ខំប្រឹងអ្វីសោះ តែលេងឡានទំនើបសម្ភារៈប្រើប្រាស់ទំនើប ឬថ្លៃ ស្មើរាប់ម៉ឺនដុល្លារ យើងហ៊ានចំណាយលើអស់ហ្នឹង តែដល់បុគ្គលិកសុំឡើងប្រាក់ខែ ៥០ដុល្លារអាមេរិក មិនឱ្យគ្នា ។ យើងជាមេចំណាយលុយធីប និងចាយចោលរាប់រយដុល្លារ ដូចនេះសួរតើ យើងបានគិតដល់អារម្មណ៍ពួកគាត់ទេ ពេលគាត់សុំឡើងប្រាក់ខែមិនឱ្យ តែមានលុយចាយទាំងដុលៗ ។
អ្នកមានពិតប្រាកដមិនត្រឹមតែមានទ្រព្យលុយកាក់ទេ តែក៏ត្រូវមានបេះដូងដែរ ពីព្រោះបុគ្គលិកមិនមែនសត្វធាតុណា» ។ តាមពិតទៅអ្នកមានគេស្រឡាញ់លុយជាងមុខមាត់ ឯអ្នកមិនសូវមានស្រឡាញ់មុខមាត់ជាងលុយ ។ អ្នកមានមិនសូវសំញែងទ្រព្យ ឬមិនប្រើប្រាស់សំភារៈថ្លៃៗនោះទេ ប៉ុន្តែសម្រាប់អ្នកមិនសូវមានវិញ ខំប្រឹងសំញែង និងយកទ្រព្យសម្បត្តិរបស់ខ្លួនទាំងអស់មកបង្ហាញ។ លោក ហាវ បានបន្ថែមថា «អ្នកខ្លះព្រោះតែមុខមាត់ ទិញឡានរាប់ម៉ឺន ប៉ុន្តែរស់នៅផ្ទះជួលគេ ប៉ុន្តែប្រសិនបើគំនិតអ្នកមានវិញសុខចិត្តយកលុយទិញផ្ទះ ជិះម៉ូតូសិនក៏បាន ។ នេះហើយដែលយើងអាចមើលឃើញថា អ្នកមិនសូវមានទ្រព្យច្រើន តែយកលុយទៅវិនិយោគខុសរឿង» ។ ជាទូទៅអ្នកមាននឹងអ្នកក្រ ខុសគ្នាត្រង់ថា អ្នកមានគេដឹងច្រើនផ្នែកហិរញ្ញវត្ថុណាស់ គេដឹងថា លុយណាសម្រាប់ចាយ លុយណាសម្រាប់វិនិយោគ ហើយគេតែងគិតថា លុយនឹងធ្វើអ្វីដើម្បីកើនទ្រព្យគេមកវិញយ៉ាងដូចម្តេច ។ ប៉ុន្តែសម្រាប់អ្នកក្រវិញ សឹងតែជិតដាច់ខែ បើកមើលកាបូបអត់មានលុយ ប៉ុន្តែសម្ភារៈនោះមិនបាច់និយាយ ។ អ្នកមានចូលចិត្តយកលុយទៅវិនិយោគណាស់ ចាប់ពីតិចក៏ដោយច្រើនក៏ដោយក៏ត្រូវធ្វើ ហើយអ្នកក្រគិតថា ទាល់តែមានលុយច្រើនបានវិនិយោគ ។ អ្នកខ្លះនិយាយថា ប្រាក់ខែពីរបីរយយកវិនិយោគតាមណា ប៉ុន្តែបើគិតឱ្យជ្រៅមែនទែន សូម្បីតែសន្សំមួយខែ ខែ ៥០ដុល្លារអាមេរិក ហើយយកទៅទិញមាស អាហ្នឹងងក៏គេហៅថាការវិនិយោគដែរ លោកបានឧទារហ៍ថា ការវិនិយោគមួយទៀត ដែលចាប់ផ្តើមពីតូចឡើងទៅ គឺការចិញ្ចឹមមាន់ ទា ជ្រូក ដែលអាចចាប់ផ្តើមត្រឹមមួយក្បាល ពីរក្បាល រហូតដល់អាចបង្កើតបានធំ មិនមែនចាំមានលុយច្រើន ចាំចិញ្ចឹមម្តងរាប់រយក្បាលឡើងទៅនោះទេ។ ចរិតថៅកែ ចរិតសហគ្រិន ចាប់ផ្តើមពីតូច មិនមែនទាល់តែមាន ១ម៉ឺន ឬ១០ម៉ឺន ដុល្លារអាមេរិក ទេបានធ្វើបាននោះទេ៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព