ចង់ស្អាតអីតែក្មេង ! យាយយ៉យ និងយាយអឿនដឹកដៃគ្នាទៅវះកាត់កែសម្ជស្សយ៉ាងស្អាត
រាជធានីភ្នំពេញ ៖ ដោយសារតែមានភាពពេញនិយមទៅខាងការវះកាត់កែសម្ជស្សរបស់តារាប្រុស-ស្រីវ័យក្មេងៗនៅក្នុងស្រទាប់សិល្បៈ ដើម្បីជួយឲ្យសម្រស់កាន់តែស្រស់ស្អាតមួយកម្រិតទៀតនោះ ស្រាប់តែពេលនេះតារាកំប្លែងជើងចាស់ដ៏មានប្រជាប្រិយភាព២រូប គឺយាយយ៉យ និងយាយអឿន ទប់ចិត្តលែងជាប់ក៏ដឹកដៃគ្នាទៅកែសម្ជស្សអោយកាន់តែក្មេងជាងវ័យផងដែរ ។
កាលពីពេលថ្មីនេះ ដៃគូតារាកំប្លែងទាំង២រូបនេះបានធ្វើអោយមហាជន អ្នកគាំទ្រមានការភ្ញាក់យ៉ាងខ្លាំង ក្រោយពីអ្នកទាំង២ បានដឹកដៃគ្នាទៅកែសម្ជស្សនៅលើផ្ទៃមុខនោះ គឺវះកាត់ត្របកភ្នែកអោយឃើញពីរជាន់ និងលើកចម្រុះឲ្យខ្ពស់ ដើម្បីលើកសម្រស់អោយកាន់តែស្រស់ស្អាតជាងមុន ពីព្រោះតារាទាំង២ដួងនេះ វ័យកាន់តែជ្រេ សម្រស់រាងធ្លាក់បន្តិច ។
ក្រោយពីសម្រេចចិត្តវះកាត់រួចមក និងមានការបង្ហោះរូបភាពជាច្រើនសន្លឹក របស់នាយព្រែក តាមរយៈបណ្តាញសង្គមហ្វេសប៊ុកបានធ្វើអោយមហាជនសរសើរថា តារាកំប្លែងទាំង២រូបនេះ មានសម្រស់ក្មេងជាងមុន បើទោះបីជាត្រង់កន្លែងវះកាត់មិនទាន់បាត់ហើមក៏ដោយក្តី ។ គួរបញ្ជាក់ផងដែរថា នេះជាលើកទី១ហើយដែលតារាកំប្លែងដ៏មានប្រជាប្រិយទាំង២រូបនេះ សម្រេចចិត្តធ្វើការវះកាត់កែសម្ជស្សបែបនេះ តាំងពីចូលនៅក្នុងរង្វង់សិល្បៈអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព