ភ្នំពេញ: ជនសង្ស័យ ២នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកបានមកធ្វើសកម្មភាពកាច់សោរ ក ម៉ូតូនៅមន្ទីរពេទ្យមួយកន្លែងមិនបានសម្រេចត្រូវសន្តិសុខឃើញទាន់ប្រតាយប្រតប់គ្នាជនសង្ស័យដកកាំភ្លើងបាញ់១ គ្រាប់ឡើងលើកម្រាមដើម្បីរំដោះខ្លួន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២ និង ១០នាទីថ្ងៃទី ២៨ ខែកក្កដាឆ្នាំ ២០២០ ស្ថិតនៅចំណុចមន្ទីរសម្រាកព្យាបាលសុខាទំនប់ថ្មី តាមបណ្ដោយផ្លូវ ៣៧១ ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ។
ម៉ូតូដែលជនសង្ស័យធ្វើសកម្មភាពកាច់សោរ ក មិនបានសម្រេច ម៉ាកឌ្រីមសង់ស៊េរី ២០១៩ពណ៌ខ្មៅពាក់ស្លាកលេខកណ្ដាល 1AC- 44 89 ជារបស់ជនរងគ្រោះមកមើលប្រពន្ធសម្រាកព្យាបាលនៅមន្ទីរពេទ្យខាងលើ។ ចំណែកជនសង្ស័យទាំងពីរនាក់ក្រោយពីប្រតាយប្រតប់ជាមួយសន្តិសុខមន្ទីរពេទ្យរួចក៏បាញ់មួយគ្រាប់ឡើងលើគំរាមរួចជិះម៉ូតូគេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុ។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចនគរបាលស្ទឹងមានជ័យទី ២ និងកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ដង្កោសហការជាមួយកម្លាំងសមត្ថកិច្ចអធិការខណ្ឌដង្កោបានចុះមកដល់ទីតាំងកន្លែងកើតហេតុធ្វើការស្រាវជ្រាវដើម្បីតាមរកចាប់ជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។ចំណែកជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចឱ្យទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍ដង្កោផងដែរ៕ ដោយ៖ សួង សាម