
រាជធានីភ្នំពេញ ៖ តារាចម្រៀងសំឡេងស្រាលប្រហើរ ប៉ិនលួងលោម សុគន្ធ នីសា បានប្រឡូកលើឆាកសិល្បៈក្បែរ២០ឆ្នាំមកហើយ គឺពោរពេញទៅដោយភាពតស៊ូ និងរងការប៉ះឧបសគ្គជាច្រើន។ ទោះបីជាយ៉ាងណា ប្រហែលជាដល់ពេលវេលាមួយសម្រាប់ប៉ះប៉ូវជីវិតនីសា បានសម្រេចចិត្តកាត់បន្ថយការប្រឡូកសិល្បៈមួយផ្នែកណាមួយហើយ។
បើនៅចាំបាន សុគន្ធ នីសា សម្រុកថតភាពយន្ដដល់ទៅ៤រឿងជាប់គ្នា ក្នុងតំណែងជាតួឯក គឺមានដូចជារឿង «សិសិររដូវក្នុងបេះដូង», «រាជិនីភូមិគ្រឹះ», «ព្រះវេស្សន្ដជាតក» និងរឿង «ចំណតថ្មីនៃសុភមង្គល» ខណៈដែលអំឡុងនៅផលិតកម្មថោន ធ្លាប់ធ្លាយព័ត៌មានថា នាងបានថតរឿង «ចងចាំ» ជាមួយលោក ករុណា ពេជ្រ តែភាពយន្ដនោះបែរជាប់គាំង មិនទាន់ឃើញដាក់បញ្ចាំងទៅវិញ។
ហែលឆ្លងជាជីវិត តារាសម្តែងលើភាពយន្តយ៉ាងលំបាកនេះ ហើយទើបបង្កអោយ នីសា បង្ហាញចិត្តហត់នឿយ ហើយសម្រេចចិត្តថា នឹងកាត់ផ្តាច់ខ្លះ។ សុគន្ធ នីសា ដែលស្រឡាញ់សិល្បៈ រហូតផ្អាកយកកូនទាំងបានរៀបការយូរឆ្នាំបានព្រលយពាក្យថា នាងទុកតែចម្រៀង និងថតស្បតខ្លីៗប៉ុណ្ណោះ ហើយផ្អាកថតរឿង។ នាងទទួលស្គាល់ថា ការថតភាពយន្ត គឺប្រមូលអារម្មណ៍ ចូលតួណាស់ ហើយថតវិញ គឺប្រើពេលជាច្រើនថ្ងៃ រហូតយប់ជ្រៅក៏ឃើញ។ ជាក់ស្តែងរឿងចុងក្រោយថតជាមួយ ឆន សុវណ្ណារាជ ប្រើពេល៥ខែ ទើបថតចប់ ដែលជាវេលាយូរ។ យ៉ាងណានាង សូមលើកទឹកចិត្តដល់តារាភាពយន្តរលកក្រោយត្រូវចេះតស៊ូលើអាជីពដែលខ្លួនស្រឡាញ់។ ម្យ៉ាងនាងក៏ចាស់ទុំលើសិល្បៈ ទើបចង់សម្រាកទុកពេលខ្លះ ដើម្បីខ្លួនឯង និងគ្រួសារវិញម្តង។ សុគន្ធ នីសា បានរៀបការកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ជាមួយអាណិកជនខ្មែរមកពីរដ្ឋឡូវែលល៍ សហរដ្ឋអាមេរិក លោក ចៅ សម្បត្តិ ដែលជានាយកផ្នែកប្រតិបត្តិរបស់ក្រុមហ៊ុនមែនញូឡាយ នៅកម្ពុជា តែក្រោយការជិត៣ឆ្នាំនេះ នីសា នៅមិនទាន់ពពោះកូនដំបូងឡើយ៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព