ខេត្តបាត់ដំបង៖ ស្ពានស្ទឹងសង្កែ (ស្ពានសម្ដេចហ៊ុន សែន) ដែលស្ថិតនៅខាងជើងស្ពានថ្មចាស់ប្រហែល១០០ម៉ ក្នុងក្រុងបាត់ដំបង ពេលនេះកំពុងប្រឈមនឹងការបាក់ស្រុតដីក្បាលស្ពានត្រើយខាងកើតយ៉ាងធ្ងន់ធ្ងរ ខណៈទឹកស្ទឹងរីងនៅដល់បាតនៅឡើយ ដែលមតិភាគច្រើនបានសន្និដ្ឋានថា ទំនងបណ្ដាលមកពីការប្រើគ្រឿងចក្រ កាយធ្វើច្រាំងស្ទឹងសង្កែ «គ្មានបច្ចេកទេសត្រឹមត្រូវ» ប៉ុន្តែផ្ទុយពីនេះ ប្រធានមន្ទីរសាធារណៈការខេត្ត បានអះអាងថា បណ្ដាលមកពីការសាងសង់មិនបាន «បុកគ្រឹះ»។
បើពិនិត្យជាក់ស្ដែងនៅពេលនេះ គេឃើញស្នាមបាក់ស្រុតដីច្រាំងស្ទឹងនេះ ចាប់ពីគល់ស្ពានស្ទឹងសង្កែ ត្រើយខាងកើតលាតសន្ធឹងទៅប៉ែកខាងត្បូង ឆ្ពោះទៅកាន់ក្បាលស្ពានថ្មចាស់ដែលកំពុងទ្រុឌទ្រម មានប្រវែងជិត១០០ម៉។ ទឹកនៅក្នុងស្ទឹងរីងដល់បាត តែដីច្រាំងស្ទឹងចេះតែបាក់ស្រុតស្ទើររាល់ថ្ងៃ បើទោះជាគ្មានភ្លៀងធ្លាក់ក្ដី។ គេឃើញស្នាមបាក់ស្រុតត្រង់កន្លែងខ្លះមានជម្រៅជាង១ម៉។ ជាពិសេសត្រង់ចំណុចក្បាលស្ពានតែម្ដង ដែលបាក់ស្រុតកាន់តែខ្លាំងទៅៗ ធ្វើឲ្យខូចខាតស្ទើរទាំងស្រុង នូវបង្កាន់ដៃនិងការ៉ូឡាដែលក្រាលលំអរតាមមាត់ស្ទឹង។
កាលពីសប្ដាហ៍មុន មន្ត្រីជំនាញបានកាត់ស្ទូចយកក្បាលនាគ នៅក្បាលស្ពាន ដើម្បីយកទៅរក្សារទុកចៀសវាងការខូចខាត។ មន្ត្រីខ្លះ និយាយថា តាំងពីដើមមកដីក្បាលស្ពាននេះ មិនធ្លាប់បាក់ស្រុតទេ។ ប៉ុន្តែក្រោយពីអាជ្ញាធរខេត្ត និងមន្ទីរសាធារណៈការខេត្ត ប្រើគ្រឿងចក្រកាយធ្វើច្រាំងស្ទឹងសង្កែ ឲ្យមានសោភណ្ឌឌភាព ដើម្បីស្វាគមន៍បុណ្យទន្លេ កាលពីដើមឆ្នាំ២០២០ នេះ ស្រាប់តែច្រាំងស្ទឹង ត្រង់ចំណុចនេះ ចាប់ផ្ដើមបាក់ស្រុតយ៉ាងធ្ងន់ធ្ងរ រហូតមកដល់ពេល ខណៈនៅក្នុងស្ទឹងគ្មានទឹកជំននបន្តិចសោះ។
មតិភាគច្រើនបានធ្វើការសន្និដ្ឋានប្រហាក់ប្រហែលគ្នាថា «ការបាក់ស្រុតដីច្រាំងស្ទឹង ត្រង់គល់ស្ពានស្ទឹងសង្កែ ខាងលើនេះ ទំនងបណ្ដាលមកពីការកាយដីធ្វើច្រាំងស្ទឹង គ្មានបច្ចេកទេសត្រឹមត្រូវ»។ ប៉ុន្តែផ្ទុយពីការសន្និដ្ឋានបែបព្រាវៗរបស់មហាជន លោកចាន់ សំបូរ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត បានបំភ្លឺប្រាប់កោះសន្តិភាព នៅព្រឹកថ្ងៃទី២៨ កក្កដា ថា «ការបាក់ស្រុតដីច្រាំងស្ទឹង ឬ ដីក្បាលស្ពានខាងលើនេះ មិនមែនបណ្ដាលមកពីការកាយដីធ្វើច្រាំងស្ទឹងទេ គឺ ដោយសារតែការសាងសង់មិនបានបុកគ្រឹះ »។
លោកប្រធានមន្ទីរជំនាញរូបនេះ មិនបានប្រាប់អំពីវិធានការទប់ទល់នឹងការបាក់ស្រុតដីយ៉ាងគំហុកនេះបែបណានោះទេ។ ប៉ុន្តែលោកបានបញ្ជាក់ថា «នៅរសៀលថ្ងៃនេះ ( ២៨ ០៧ ២០ ) ខាងក្រសួងនឹងចុះទៅពិនិត្យ កន្លែងបាក់ស្រុតនោះហើយ»។ ស្ពានស្ទឹងសង្កែ ជាគម្រោងរបស់ក្រសួងសាធារណៈការនិងដឹកជញ្ជូន និង ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមានប្រវែង៩១,៥ម៉។
ស្ពាននេះស្ថាបនាដោយបញ្ជាការវិស្វកម្ម នៃអគ្គបញ្ជាការ ដែលបានសាងសង់រួច និង ដាក់ឲ្យប្រើប្រាសកាលពីឆ្នាំ២០០៨។ កន្លងទៅស្ពាននេះ រួមទាំងស្ពានដទៃទៀត ដែលឆ្លងកាត់ស្ទឹងសង្កែ បានប្រឈមយ៉ាងធ្ងន់ធ្ងរ ទៅនឹងទឹកជំនន់ដែលបានកើតឡើងស្ទើររាល់ឆ្នាំ តែមិនមានបញ្ហាកើតឡើងទេ រាប់ទាំងស្ពានថ្មចាស់ដ៏ទ្រុឌទ្រម នៅក្បែរនោះផង។ ប៉ុន្តែនៅដើមឆ្នាំ២០២០ ក្រោយពីមានការប្រើគ្រឿងចក្រកាយដីកែលំអរច្រាំងស្ទឹងសង្កែ ដើម្បីស្វាគមន៏បុណ្យទន្លេ ស្រាប់តែដីច្រាំងស្ទឹងត្រង់ចំណុចក្បាលស្ពានស្ទឹងសង្កែ ខាងលើ បែរជាបាក់ស្រុតកាន់តែជ្រៅទៅៗ និង ប្រែប្រូលស្ទើររាល់ថ្ងៃ ខណៈទឹកស្ទឹងសង្កែរីងដល់បាត។
បច្ចុប្បន្ន មានស្ពានថ្មចំនួន២ខ្សែក្នុងចំណោមស្ពានថ្មជាច្រើនខ្សែដែលឆ្លងកាត់ស្ទឹងសង្កែ បាននិងកំពុងប្រឈមនឹងការបាក់ស្រុតដីក្បែរក្បាលស្ពាន។ ស្ពានថ្មទាំង២ខ្សែរនោះ មាន«ស្ពានវត្តគរ និង ស្ពានស្ទឹងសង្កែ» ខាងលើនេះ។ ប៉ុន្តែស្ពានវត្តគរ កំពុងសាងសង់គ្រឹះទប់ច្រាំងនៅឡើយ ដែលចំណាយគម្រោងថវិការប្រចាំឆ្នាំរបស់រដ្ឋអស់រាប់រយលានរៀល និង បានធ្វើច្រើនលើកច្រើនសារកន្លងមកហើយ តែហាក់គ្មានបានប្រយោជន៍ទេ។
ផ្ទុយទៅវិញ ធ្វើអស់តែប្រាក់គម្រោងពីមួយឆ្នាំទៅមួយឆ្នាំ តែការចាក់គ្រឹះគ្មានគុណភាព ដែលនាំឲ្យមានការសង្ស័យថា មន្ទីរជំនាញនេះ ទំនងមានការលួចបន្លំកិបគេងនូវប្រាក់គម្រោងនោះផង ទើបចំណាយប្រាក់គម្រោងប្រចាំឆ្នាំ អស់រាប់រយលានរៀលទៅហើយ នៅតែធ្វើមិនទាន់រួចរហូតដល់សព្វថ្ងៃនេះ។ នេះបើតាមប្រភពពីមន្ត្រីសាធារណៈការ ដែលបានហែកទម្លាយរឿងនេះ។ ប្រភពដដែលបាននិយាយថា ពេលនេះស្ពានវត្តគរ មិនទាន់សាងសង់គ្រឹះទប់ដីដែលបាក់ស្រុតត្រង់ក្បាលស្ពាននោះរួចរាល់ផង ស្រាប់តែស្ពានស្ទឹងសង្កែ បែរជាត្រូវប្រឈមនឹងការបាក់ស្រុកដីក្បាលស្ពានយ៉ាងធ្ងន់ធ្ងរដូចគ្នាដែរ។
មន្ត្រីរូបនេះបានបញ្ជាក់ដែរថា ការបាក់ស្រុតដីក្បាលស្ពានស្ទឹងសង្កែ និង ដីច្រាំងស្ទឹងមួយចំនួនទៀត ខាងលើនេះ អាចបណ្ដាលមកពីការប្រើគ្រឿងចក្រកាយធ្វើច្រាំងស្ទឹង ដោយខ្វះបច្ចេកទេស ច្រើនជាងបណ្ដាលមកពីការមិនបានបុកគ្រឹះ ពេលសាងសង់ស្ពាន។ ព្រោះចាប់តាំងពីស្ពាននេះ សាងសង់រួចនៅឆ្នាំ២០០៨ រហូតមកច្រាំងស្ទឹង ឬ ក្បាលស្ពាននេះ មិនដែលជួយហានិភ័យអ្វីទេ។ ប៉ុន្តែក្រោយពីប្រើគ្រឿងចក្រកាយដីធ្វើច្រាំងស្ទឹងកាលពីដើមឆ្នាំ២០២០មក ស្រាប់តែដីច្រាំងស្ទឹង និង ដីក្បែគល់ស្ពានបានបាក់ស្រុត និង ប្រែប្រូលរាល់ថ្ងៃ ទាំងទឹកនៅបាតស្ទឹងនៅឡើយ៕ ផ្តល់សិទ្ធិដោយ៖កោះសន្តិភាព