រាជធានីភ្នំពេញ៖ ជោគវាសនាឧកញ៉ា ប៉ែន នួន នឹងត្រូវប្រកាសសាលក្រមផ្តន្ទាទោស នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ ដូច្នោះរង់ចាំមើល តើបទល្មើសឆបោកដែលបានចោទប្រកាន់លើឧកញ៉ារូបនេះ នឹងជាប់ពន្ធនាគារប៉ុន្មានឆ្នាំ ?
នាររសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ លោក សេង រិទ្ធី ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ និងមានកញ្ញា សុង ឆវ័ន្ត ជាតំណាងអយ្យការ បានលើកយកសំណុំរឿងឆបោកដែលមានទឹកប្រាក់ជាង១០ម៉ឺនដុល្លារអាមេរិក មកបើកសវនាការដើម្បីផ្តន្ទាទោសជនជាប់ចោទ ។ ប៉ុន្តែសវនាការនោះបានបើកការសាកសួរដេញដោលអស់រយៈពេលជាច្រើនម៉ោងរហូតផុតម៉ោងរដ្ឋបាល ទើបចៅក្រមកាត់ក្តីបានលើកពេលប្រកាសសាលក្រមទៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ។
សូមរំឭកថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ បានសម្រេចចេញដីកាឃុំខ្លួនទីប្រឹក្សាលោកធំម្នាក់ដាក់ពន្ធនាគារជាបណ្តោះអាសន្នក្រោមការចោទប្រកាន់ពីបទឆបោក តាមរូបភាពលក់គម្រោងស្ថាបនាផ្លូវ ។
ជនសង្ស័យឈ្មោះ ប៉ែន នួន ភេទប្រុស អាយុ៤៧ឆ្នាំ ជាទីប្រឹក្សាអ្នកធំម្នាក់ និងជានាយកក្រុមហ៊ុនក្នុងស្រុកមួយ ដែលពីមុនមកគេស្គាល់គ្រប់គ្នាថាគាត់មានងាជាឧកញ៉ាម្នាក់ និងមានអាសយដ្ឋាននៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ចាប់ឃាត់ខ្លួនកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានមិនទាន់ផ្លូវការឲ្យដឹងថា ឧកញ៉ា ប៉ែន នួន មុនចាប់ខ្លួនគាត់ទទួលបានគម្រោងស្ថាបនាផ្លូវជាច្រើនខ្សែពីរាជរដ្ឋាភិបាលនៅខេត្តព្រៃវែង ហើយគម្រោងនោះត្រូវបានលោកឧកញ៉ាយកទៅដាក់ដេញថ្លៃឲ្យក្រុមហ៊ុនផ្សេងទៀតដើម្បីស្ថាបនាបន្ត ។
ការដាក់ដេញថ្លៃនោះ នៅដំណាក់កាលដំបូង ត្រូវបានលោកឧកញ៉ាប្រមូលប្រាក់កក់ពីក្រុមហ៊ុនដែលដេញបាន បានប្រាក់រាប់សិបម៉ឺនដុល្លារ ស្រាប់តែគម្រោងមានការជាប់គាំងមិនអាចដំណើរការទៅរួច ដែលហាក់ដូចជាគម្រោងខ្យល់ ដូច្នោះហើយទើបដើមបណ្តឹងទាំងឡាយនោះគេសុំទាមទារយកប្រាក់កក់វិញ ។
ពេលនោះ ជនជាប់ចោទក៏បានសងប្រាក់ទៅគេជាបណ្តើរៗវិញដែរ គ្រាន់តែមិនទាន់គ្រប់ចំនួន គឺនៅជាង១០ម៉ឺនដុល្លារអាមេរិកទៀត ហើយលោកឧកញ៉ាចេះតែសន្យាខ្យល់ និងគេចវេះពីម្ចាស់បំណុល ជាហេតុធ្វើឲ្យកើតមានការប្តឹងប្តល់រហូតមានដីកាតាមចាប់ខ្លួន និងឃុំខ្លួនលោកឧកញ៉ារូបនេះ ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព