ខេត្តស្ទឹងត្រែង៖ ជនសង្ស័យម្នាក់បានរត់គេចខ្លួនចូលព្រៃ ក្រោយពីប្រទះឃើញកម្លាំងជំនាញគ្រឿងញៀន និងប៉ុស្តិ៍រដ្ឋបាលសេកុង និងថ្មកែវ ចុះល្បាតតាមគោលដៅសំខាន់ៗនៃភូមិសាស្ត្រស្រុកសៀមប៉ាង កាលពីម៉ោង៩ជាងព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០។
លោក ជឹម អេន អធិការស្រុកសៀមប៉ាង បានឱ្យដឹងថា គ្រាកើតហេតុកម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុក និងប៉ុស្តិ៍បានចុះល្បាតដល់ចំណុចផ្លូវ១០១ ក៏ប្រទះឃើញជនសង្ស័យម្នាក់កំពុងដើរ។ ខណៈពេលឃើញសមត្ថកិច្ចភ្លាម ជនសង្ស័យរូបនោះក៏បានបោះកញ្ចប់ថង់ខ្មៅមួយចូលទឹកប្រឡាយក្បែរផ្លូវ រួចក៏រត់ទៅចូលព្រៃបាត់តែម្តង។
ប្រភពដដែលបន្តថា ដោយមានការសង្ស័យ កម្លាំងសមត្ថកិច្ចក៏បានចុះរាវរក ដើម្បីពិនិត្យមើល ក៏ស្រាប់តែឃើញនៅក្នុងថង់ពណ៌ខ្មៅមួយនោះ មានផ្ទុកបញ្ចប់គ្រឿងញៀនប្រភេទមេតំហ្វេមីន WY ពណ៌ទឹកក្រូច និងមានកញ្ចប់ពណ៌ខៀវចំនួន៣កញ្ចប់ធំទៀតផង ។
លោកអធិការបន្តថា ក្រោយពីយកកញ្ចប់ខ្មៅនោះបាន គឺមានមួយកញ្ចប់នៅល្អ ដែលមានគ្រឿងញៀនចំនួន១៤០គ្រាប់ ចំណែកឯ២កញ្ចប់ទៀត ចូលទឹករលាយចូលគ្នាអស់ទៅហើយ។ បើតាមការសន្និដ្ឋានប្រហែលមួយកញ្ចប់២០០គ្រាប់ ពីរកញ្ចប់អាចស្មើនឹង៤០០គ្រាប់សរុបទាំង៣កញ្ចប់ប្រហែល៤៥០គ្រាប់ ។
ក្រោយពីពិនិត្យរួច វត្ថុតាងចាប់បាននោះ បានយកមករក្សាទុក និងរៀបចំបែបបទបញ្ជូនទៅជំនាញស្នងការដ្ឋាន ហើយកម្លាំងជំនាញយើងកំពុងបន្តបើកការស៊ើបអង្កេតស្រាវជ្រាវរកមុខសញ្ញាជនល្មើស ។ ហើយបច្ចុប្បន្នវត្ថុតាងថ្នាំញៀនខាងលើ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុក បានវេចខ្ចប់បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងតាមនីតិវិធីហើយ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព