ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ ធ្វើសកម្មភាពឆក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ សហការជាមួយនគរបាលប៉ុស្តិ៍បឹងទំពុន២ ចាប់ឃាត់ខ្លួនបាន ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦និង៣០នាទីយប់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ មុខផ្ទះលេខ៣៧ដេ ផ្លូវ២៧១ ក្រុមទី៣ ភូមិ១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនសង្ស័យទី១មានឈ្មោះ នាង ដេវីត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងបាញ់ថ្នាំតុទូ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិក្បាលទំនប់៣ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងជនសង្ស័យទី២ឈ្មោះ កែវ ដួងពេជ្រ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាសិស្ស ស្នាក់នៅក្នុងភូមិជាមួយគ្នា។
ជនរងគ្រោះមានឈ្មោះ ព្រំ ឌីណា ភេទស្រី អាយុ២២ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ដកហូតបាន ទូរសព្ទដៃ ១គ្រឿង ម៉ាក iPhone 11 ពណ៌ក្រហម ប្រគល់ឲ្យជនរងគ្រោះវិញ។
មុនពេលកើតហេតុជនរងគ្រោះបានចេញពីផ្ទះជិះម៉ូតូកង់បី ដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង ម្នាក់ជាអ្នកឌុប ម្នាក់ជាអ្នកឆក់ ជិះមកអែបខាងឆ្វេងដៃកង់បីជនរងគ្រោះ រួចឆក់ទូរសព្ទដៃ ម៉ាកiPhone 11 បានសម្រេច បម្រុងជិះរត់គេចខ្លួនត្រូវបានអ្នកបើកកង់បីស្រែកចោរៗ ផ្អើលដល់សមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមថ្កូវ សហការជាមួយ នគរបាលប៉ុស្តិ៍បឹងទំពុន២ ជួយដេញតាម រហូតចាប់បានជនសង្ស័យ ទាំង២នាក់ ដកហូតបានម៉ូតូមួយគ្រឿងម៉ាកនិច ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1HX-5364 ប្រគល់ឲ្យនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវវិញ ដើម្បីចាត់ការបន្ត ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ ធ្វើការសាកសួរបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការតាមច្បាប់ ៕ដោយ៖ សួង សាម