មនុស្សជោគជ័យជុំវិញពិភពលោកកសាងទ្រព្យសម្បត្តិរបស់ពួកគេ និងបានក្លាយខ្លួនជាមនុស្សដែលទទួលបានការគោរពពីសំណាក់មនុស្សរាប់លាននាក់មិនមានថ្ងៃនេះព្រោះតែសំណាងល្អទាំងស្រុងទេ ។ ផ្ទុយមកវិញ មនុស្សជាច្រើនបានកសាងកេរ្តិ៍ឈ្មោះ និងទ្រព្យសម្បត្តិរបស់ខ្លួនតាំងពីបាតដៃទទេ ។ ទោះជារឿងខ្សែជីវិតរបស់មនុស្សម្នាក់ៗខុសៗគ្នាពិតមែនក្តី មនុស្សដែលជោគជ័យភាគច្រើនមានចំណុចខាងក្រោមដូចគ្នា៖
១. នៅជិតមនុស្សដែលអ្នកចង់ក្លាយខ្លួនដូចគេ
មនុស្សដែលនៅជុំវិញខ្លួនអ្នកអាចជះឥទ្ធិពលលើអនាគតរបស់អ្នកបាន ។ លោក ខេវីន ដូរ៉ាន់ (Kevin Durant) ដែលជាកីឡាករបាល់បោះដ៏ល្អជាឧទាហរណ៍ល្អមួយ ។ ខណៈដែលជាកីឡាករម្នាក់ លោកក៏បានក្លាយជាវិនិយោគិនដ៏សកម្មម្នាក់ដែរ ។ លោកបាននៅជិតអ្នកមានប្រចាំវិស័យបច្ចេកវិទ្យាជាច្រើន និងព្រមទាំងបានអានសៀវភៅពីមហាសេដ្ឋីធំៗដូចជាលោកជេហ្វ បេសូស (Jeff Bezos) និងអ៊ីឡុន ម៉ាស (Elon Musk) ទៀតផង ។
២. មនុស្សអាចធ្វើអ្វីបានច្រើនក្នុងជីវិត
អ្នកស្រី ឆាលីន ដេ កាវ៉ាល់ហូ (Charlene de Carvalho) មានអាយុ ៤៧ឆ្នាំ និងជាស្ត្រីមេផ្ទះម្នាក់ពេលដែលឪពុករបស់អ្នកស្រីបានទទួលមរណភាពនិងទុកក្រុមហ៊ុន Heineken ឲ្យអ្នកស្រីគ្រប់គ្រងបន្ត ។ ពលេនោះអ្នកស្រីមានពេល ១០ថ្ងៃដើម្បីសម្រេចចិត្តថា អ្នកស្រីគួរបន្តរស់នៅជីវិតជាស្ត្រីមេផ្ទះដោយស្រណុកស្រួល ឬទៅគ្រប់គ្រងក្រុមហ៊ុនស្រាប៊ៀធំជាងគេលេខបីលើពិភពលោក ។
អ្នកស្រីបានជ្រើសរើសគ្រប់គ្រងក្រុមហ៊ុន ហើយបច្ចុប្បន្ននេះអ្នកស្រីជាស្ត្រីដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភជាងគេលើលោក ។ អ្នកស្រីជាឧទាហរណ៍ជាក់ស្តែងបង្ហាញថាមនុស្សមិនដែលយឺតពេលក្នុងការផ្លាស់ប្តូរជីវិតខ្លួនទេ ។
៣. ការខិតខំប្រឹងប្រែង
មនុស្សដែលជោគជ័យជាមនុស្សដែលប្តេជ្ញាលើការងារដែលពួកគេធ្វើ និងព្យាយាមរកចំណុចខ្វះខាតដើម្បីធ្វើឲ្យវាប្រសើរឡើងបន្តិចម្តងៗ ។ ទោះជាពួកគេបរាជ័យ ពួកគេអាចនឹងសម្រេចបានលទ្ធផលល្អជាងមុននៅថ្ងៃមុខដែរ ។
៤. កេរ្តិ៍ឈ្មោះ និងលុយ គឺមិនគ្រប់គ្រាន់ឡើយ
មនុស្សភាគច្រើនចង់បានការគោរពស្រលាញ់ពីអ្នកដទៃ ប៉ុន្តែវាមិនមែនជាទស្សនៈល្អទេ ។ មនុស្សដែលជោគជ័យដឹងថា ទោះជាមនុស្សដែលមានទ្រព្យសម្បត្តិ និងកេរ្តិ៍ឈ្មោះប៉ុនណាក្តីក៏អាចជួបនឹងបញ្ហា និងមានអារម្មណ៍ឯកាបានដែរ ។ ប្រសិនបើអ្នកមិនស្រលាញ់ជីវិតរបស់អ្នកនៅពេលបច្ចុប្បន្ននេះផង អ្នកមិនអាចធានាថាអ្នកនឹងមានសុភមង្គលពេលដែលមានលុយច្រើន ឬកេរ្តិ៍ឈ្មោះល្បីល្បាញឡើយ ៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព