ខេត្តកំពង់ធំ៖ ម៉ូតូមួយគ្រឿងជិះបុកឆ្កែមួយក្បាល រេចង្កូតចូលរថយន្ត Highlander មួយគ្រឿង បណ្តាលឱ្យបាត់បង់ជីវិត៣នាក់ និងឆ្កែងាប់មួយក្បាល។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៣ និង១៥នាទីរសៀល ថ្ងៃទី២៧ កក្កដា ឆ្នាំ២០២០ ស្ថិតនៅលើផ្លូវលំក្រាលក្រួសក្រហម ក្នុងភូមិត្រពាំងជ្រូក ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។
របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា រថយន្តមានពណ៌ស មានពាក់ផ្លាកលេខភ្នំពេញ-2AM 7305 អ្នកបើកបរមិនស្គាល់សញ្ញាណ (បានចុះរត់គេចខ្លួនបាត់) ម៉ូតូម៉ាក Wave ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AD-៣៧៨៦ បើកបរឌុបគ្នាចំនួន៣នាក់។
លោកវរសេនីយ៍ទោ ឃួន វុទ្ធី អធិកានគរបាលស្រុកបករសាទសំបូរប្រាប់ថា រថយន្តម៉ាក Highlander ត្រូវបានស្គាល់បើកបរ ឈ្មោះ អួ ចន្ទ្រា ភេទប្រុស អាយុ២៧ ឆ្នាំនៅភូមិតាអោក ឃុំឈូក ស្រុកប្រាសាទសំបូរ ។ រីឯភាគីខាងម៉ូតូម៉ាកវ៉េវ បើកដោយឈ្មោះ ព្រំ នន់ ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិតាអោក ឃុំឈូក និងអ្នករួមដំណើរចំនួន២នាក់១-ឈ្មោះ លឹម វ៉ាន់ជា ភេទប្រុស អាយុ១៦ឆ្នាំ និងឈ្មោះ ព្រំ សីលា ភេទប្រុស អាយុ១៨ឆ្នាំនៅភូមិតាអោក ឃុំឈូក ។
លោកអធិកាបន្ថា មូលហេតុបឋម គឺបង្កឡើងភាគីចខាងអ្នកបើកម៉ូតូទៅបុកឆ្កែ ហើយក៏រេចង្កូតមកខាងឆ្វេងបុករថយន្តពេញទំហឹងតែម្តង ។ ក្រោយកើតហេតុ កម្លាំងជំនាញវាស់វែងរួច បានប្រគល់សាកសព ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ ត្នោត