ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី មួយនាក់ទៀតលើអ្នកដំណើរជាជនជាតិឥណ្ឌា។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០២០។
តាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា បុរសជាជនជាតិឥណ្ឌា មានអាយុ ៣២ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅបណ្តោះអាសន្នក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរចេញពីប្រទេសឥណ្ឌា ឆ្លងកាត់ប្រទេសម៉ាឡេស៊ី និងបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូងមកដល់កម្ពុជា នៅវេលាម៉ោង ២១:៥៣នាទីយប់ នាថ្ងៃទី២៦ ខែកក្តដា ឆ្នំា២០២០។
បច្ចុប្បន្ន អ្នកជំងឺកូវីដ១៩ កើនដល់ ៧៧នាក់ កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ និងនៅបន្ទប់ដាច់ដោយឡែកក្នុងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។
គិតមកដល់ពេលនេះ ស្ថានភាពកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជាសរុបចំនួន ២២៦នាក់ មានស្រ្តីចំនួន ៤៦នាក់ និងបុរស ១៨០នាក់ (គិតទាំងរលកទី១ និងរលកទី២ នៃករណីឆ្លងវីរុសកូវីដ១៩ នៅកម្ពុជា)។ ដោយឡែក កម្ពុជាបានព្យាបាលជាសះស្បើយទាំងស្រុងបានចំនួន ១៤៧នាក់ ដែលមានស្រី ៣៩នាក់ និងប្រុស ១០៨នាក់ ស្មើនឹង ៦៥,០៤%៕