ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាតឲ្យដំណើរការឡើងវិញនូវសកម្មភាពហាត់ប្រាណ និងលេងកីឡាតាមទីធ្លាសាធារណៈនៅតាមរាជធានី ខេត្ត និងក្នុងបរិវេណពហុកីឡាដ្ឋានជាតិអូឡាំពិក ប៉ុន្តែលើកលែងសកម្មភាពហាត់ប្រាណតាមក្លឹបកីឡា ដែលប្រើប្រាស់សម្ភាររួមគ្នា។
ដើម្បីលើកកម្ពស់ការថែទាំសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់បងប្អូនប្រជាពលរដ្ឋតាមរយៈការហាត់ប្រាណ និងការលេងកីឡា ក្រសួងអប់រំ យុវជន និងកីឡា ដាក់ចេញនូវវិធានការសុវត្ថិភាពសុខភាពចំនួន៤ចំណុច ដូចខាងក្រោម៖
ទី១ រក្សាអនាម័យជាប្រចាំដោយលាងសម្អាតដៃនឹងសាប៊ូ ទឹកអាសល់កុល ជែលសម្លាប់មេរោគ ពាក់ម៉ាស់ និងវាស់កម្តៅ ទី២ រក្សាគម្លាតសុវត្ថិភាពបុគ្គល ដោយរក្សាចម្ងាយពីម្នាក់ទៅម្នាក់យ៉ាងតិច ១.៥ ម៉ែត្រ ទី៣ ទីកន្លែងហាត់ប្រាណ និងកន្លែងលេងកីឡា ត្រូវបាញ់ថ្នាំសម្លាប់មេរោគ និងធ្វើអនាម័យជាប្រចាំ និងទី៤ ត្រូវធានាថា កន្លែងហាត់ប្រាណ និងកន្លែងលេងកីឡា មិនមែនជាកន្លែងឆ្លងជំងឺកូវីដ១៩។
តាមរយៈសេចក្តីជូនដំណឹងនៅព្រឹកថ្ងៃទី ២៨ ខែកក្កដា ឆ្នំា២០២០នេះ លោករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន សង្ឃឹម និងជឿជាក់ថា អស់លោក លោកស្រី បងប្អូនប្រជាពលរដ្ឋទាំងអស់នឹងចូលរួមហាត់ប្រាណ និងលេងកីឡា ព្រមទាំងបន្តអនុវត្តនូវវិធានការសុវត្ថិភាព របស់ក្រសួងសុខភិបាល និងអង្គការសុខភាពពិភពលោក ប្រកបដោយទទួលខុសត្រូវខ្ពស់៕ ប៊ុនធឿន