(ពោធិ៍សាត់)៖ ជនបែកថ្នាំម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកតាលោសែនជ័យ ធ្វើការឃាត់ខ្លួន ក្រោយពេលធ្វើសកម្មភាពយកភ្លើងទៅដុតផ្ទះម្តាយបង្កើត ឆេះខ្ទេចគ្មានសល់ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០២ នៅភូមិសំសាន្ត ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។
នគរបាលឱ្យដឹងថា ជនបង្កមានឈ្មោះ គឿន សារិន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំកើតហេតុ បានយកភ្លើងទៅដុតផ្ទះរបស់ម្តាយបង្កើតឈ្មោះ ខិន ពយ ភេទស្រី អាយុ៦៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំជាមួយគ្នា បណ្ដាលឱ្យឆេះផ្ទះទៀមមួយខ្នង (អស់ទាំងស្រុង) ផ្ទះសង់ពីឈើ មានទំហំ៥គុណ៦ម៉ែត្រ ប្រក់ស័ង្កសី ជព្ជាំងក្តារ និងក្រាលក្តារ។ ដោយឡែកសំភារៈខូចខាត រួមមាន៖ អង្ករ៥០គីឡូក្រាម, លុយខ្មែរ៣លានរៀល, ខោអាវ, ចាន, ឆ្នាំង និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
នគរបាលបន្ថែមថា ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនជនបង្ក និងបានពិនិត្យឃើញថាជនបង្កមានផឹកស្រាស្រវឹង និងបានធ្វើតេស្តឃើញវិជ្ជមាន គ្រឿងញៀន។បច្ចុប្បន្នជនបង្ក ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍តាលោ ធ្វើការឃាត់ខ្លួនបញ្ជូនទៅកាន់អធិការនគរបាល ស្រុកតាលោសែនជ័យ ចាត់ការតាមនីតិវិធី៕ផេង ភាព