ពលរដ្ឋ៥៣គ្រួសារ ក្នុងចំណោមជាង៣០០គ្រួសារ បានចាប់ផ្តើមធ្វើការរុះរើ លំនៅដ្ឋានបណ្តោះអាសន្នរបស់ខ្លួន ដែលស្ថិតនៅក្រោមស្ពានស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីចុះមកតាំងទីលំនៅសារជាថ្មី នៅលើទឹកដីស្របច្បាប់ ដែលអាជ្ញាធរចែកឱ្យ។
បើតាមប្រជាពលរដ្ឋ រស់នៅតំបន់ខាងលើ បានប្រាប់TNAOT APP នៅព្រឹកថ្ងៃទី២៧ កក្តដា ឆ្នាំ២០២០នេះថា មានអ្នកខ្លះបន្តរស់នៅក្រោមស្ពាន រីឯអ្នកខ្លះទៀតត្រូវចាកចេញទៅ ដោយសារតែដីដែលអាជ្ញាធរចែកឱ្យនោះ បានរៀបចំរួចរាល់អស់ហើយ។
ប្រភពដដែលបន្តថា អ្នកដែលបានប្លង់កម្មសិទ្ធស្របច្បាប់ហើយ គឺមិនអាចរស់នៅបន្តទៀតបានទេ គឺត្រូវតែចាកចេញពីកន្លែងនេះ។
បើតាមស្រ្តីម្នាក់ ដែលជាប្រពលរដ្ឋរស់នៅតំបន់ខាងលើនេះ បានធ្វើការបញ្ជូនសម្ភារៈ និងរបស់របរដាក់នៅលើម៉ូតូកង់បី ដើម្បីធ្វើដំណើរចេញទៅ។ “ គ្រួសារខ្ញុំចាប់ផ្តើមរុះរ៉ើក្តាបន្ទះ ដាក់គរនៅក្បែរមាត់ផ្លូវ ដើម្បីត្រៀមដឹកជញ្ជូនចេញពីទីនេះ ទៅរស់នៅពីកន្លែងថ្មី ដែលស្ថិតនៅតាមបណ្តោប្រឡាយលូទឹកស្អុយ”។
បើតាមបុរសវ័យចំណាស់ម្នាក់ ដែលជាប្រធានសហគមន៍ រស់នៅតំបន់ខាងលើបានឱ្យដឹងថា កូនក្រុមនិងសមាជិករបស់លោក មានអ្នកខ្លះស្ថិតនៅក្នុងវគ្គទី២និងទី៣។ “អ្នកខ្លះត្រូវបានចាកចេញទៅ អ្នកខ្លះទៀតនៅរង់ចាំការដោះស្រាយបន្ត របស់អាជ្ញាធរនៅទីនេះ។ ខ្ញុំមិនទាន់ទទួលបានកម្មសិទ្ធដីស្របច្បាប់នៅឡើយទេ ដូច្នេះនៅថ្ងៃនេះ អភិបាលខណ្ឌមានជ័យ រួមទាំងអាជ្ញាធរភូមិ ឃុំ បានចុះមកដោះស្រាយ បញ្ហានេះជូនប្រជាពលរដ្ឋ”។
បើតាមស្រ្តីម្នាក់ទៀតរស់នៅតំបន់ខាងលើដូចគ្នា បានឱ្យដឹងថា គាត់ពេញចិត្តក្នុងការចាកចេញពីលំនៅដ្ឋានក្រោមស្ពានស្ទឹងមានជ័យនេះ ប៉ុន្តែអ្វីដែលជាការព្រួយបារម្ភរបស់អ្នករស់នៅទីនេះ គឺបញ្ហាប្រព័ន្ធទឹក និងភ្លើង ព្រោះនេះជាតម្រូវការចាំបាច់ ខណៈពេលទៅរស់នៅក្នុងតំបន់ថ្មី។
ជុំវិញរឿងនេះ នៅព្រឹកថ្ងៃដដែល អាជ្ញាធរពាក់ព័ន្ធ បានបើកកិច្ចប្រជុំជាមួយនឹងប្រជាពលរដ្ឋ ដើម្បីដោះស្រាយទៅលើករណី២ ទី១ ប្រកាសឱ្យអ្នករស់នៅក្រោមស្ពាន៥៣គ្រួសារ ត្រូវរុះរ៉ើចេញជាបន្តបន្ទាប់ និងទី២ រៀបចំឯកសារ សម្រាប់ប្រជាពលរដ្ឋ ដែលមិនទាន់ទទួលបានប្លង់កម្មសិទ្ធ កាន់កាប់ដីស្របច្បាប់។
បើតាមលោកស្រី ស៊ឹង មុំ ចៅសង្កាត់ស្ទឹងមានជ័យ១ បានឱ្យដឹងថា អាជ្ញាធរបានទុករយៈពេល៣ថ្ងៃ ឱ្យអ្នករស់នៅខាងក្រោមបណ្តោយស្ពានស្ទឹងមានជ័យ ត្រូវរុះរ៉ើចេញចាប់ពីថ្ងៃ២៧ រហូតដល់ថ្ងៃ២៩។ “វគ្គមុនមាន១៥៣គ្រួសារ បានរុះរ៉ើនិងសង់លំនៅដ្ឋានរួចរាល់អស់ហើយ ឥឡូវនេះ៥៣គ្រួសារទៀត ក្នុងចំណោមពលរដ្ឋច្រើនជាង៣០០គ្រួសារ ត្រូវទៅជាបន្តបន្ទាប់”។
យ៉ាងណាមិញ ការតម្រូវឱ្យពលរដ្ឋ ធ្វើការផ្លាស់ប្តូរលំនៅដ្ឋាន ពីកន្លែងមួយទៅកន្លែងមួយទៀត គឺឈរលើគោលការអភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាល ដោយកំណត់យកតំបន់មិនរៀបរយនេះ ធ្វើជាតំបន់អភិវឌ្ឍន៍នៅហ្នឹងកន្លែង។ គម្រោងនេះមិនមានការជម្លៀសពលរដ្ឋ ចេញទៅរស់នៅតំបន់ណាផ្សេងទៀតនោះឡើយ។ ការរៀបចំគម្រោងអភិវឌ្ឍន៍នេះ គឺបានធ្វើឡើងតាំងពី២០១០ រហូតមកដល់ឆ្នាំ២០១៩ ទើបមានការបែងចែកដីជូនប្រជាពលរដ្ឋ ហើយអាជ្ញាធរ នៅតែរៀបចំប្លង់ដីកម្មសិទ្ធស្របច្បាប់ ជូនប្រជាពលរដ្ឋជាបន្តបន្ទាប់៕ ដោយ៖ ឃួន លក្ខិណ