ឧកញ៉ា លី ហួរ រម្លឹកប្រវត្តិជូរចត់នៃការលក់ចល័តនៅផ្សារអូរឬស្សីព្រោះគ្មានប្រាក់ជាដើមទុនច្រើន
រាជធានីភ្នំពេញ ៖ នៅពីក្រោយភាពជោគជ័យរបស់បុគ្គលនីមួយៗដែលសព្វថ្ងៃមានលុយពេញៗដៃ គឺមិនមែនកើតឡើងត្រឹមមួយរាត្រីនោះទេ តែគឺជាខិតខំយប់ថ្ងៃ ហែលឆ្លងនូវបទពិសោធន៍ជូរចត់ជាច្រើន ឬអាចនិយាយបានមុតបន្លាហូរឈាមពីខ្លួនមិនតិចឡើយ ខណៈនៅក្រៅឆាកខ្លះអាចគិតខ្លីថា បុណ្យសំណាងពីបុពេ្វ ។
ជាក់ស្តែង លោកឧកញ្ញ៉ា លី ហួរ អគ្គនាយកក្រុមហ៊ុន លី ហួរ គ្រុប បានរៀបរាប់ឲ្យដឹងថាដំណើរជីវិត គឺវែងឆ្ងាយណាស់ លោកឧកញ៉ាបានប្រឡូកក្នុងមុខជំនួញជាច្រើន តាំងពីការលក់អំបិលទុំនៅព្រំដែនវៀតណាម ការជួញដូរស្កត្នោត ការជួញដូរក្រណាត់ពីព្រំដែនថៃ ហើយពេលរកស៊ីឥវ៉ាន់នៅព្រំដែនថៃកាលនោះ (អំឡុងឆ្នាំជាង ១៩៨០) គឺមានគេបាញ់ប្លន់ស្រស់ៗពេក ប្រថុយនឹងគ្រោះថ្នាក់ដល់អាយុជីវិតខ្លាំង ទើបលោកឧកញ៉ា ដែលសល់ដើមទុនខ្លះៗយកមកបើកមុខរបរលក់ក្រណាត់នៅផ្សារកំពង់ចាម ។ «ប្រាកដណាស់ បើមិនប្រឹងមិនមាននោះទេ» នេះ គឺឃ្លាដែលជំរុញលោកឧកញ៉ាខិតខំគ្រប់ពេលវេលាដោយគ្មានគិតអំពីការនឿយហត់ឡើយ ។
លោកឧកញ៉ា លី ហួរ បានថ្លែងប្រាប់សហការីនៃសារព័ត៌មានកោះសន្តិភាពបន្តទៀតថា ដោយសារតែការលក់ដូរពិបាកពេក ក៏មានគំនិតថា ឡើងមកភ្នំពេញ មើលគេមើលឯងលក់ដូរនៅទីក្រុង ។ ព្រោះគិតថា បើបន្តរកស៊ីនៅកំពង់ចាមបែបទៅមុខអត់រួចទេ អញ្ចឹងក៏បបួលគាត់ (ភរិយា) ឡើងមករកស៊ីនៅភ្នំពេញ ក្នុងឆ្នាំ១៩៨៤ ។ មកពេលមកនៅភ្នំពេញ គឺមានលុយតែមួយតម្លឹង (មាស) គត់ ។
លោកឧកញ៉ា ពោលបន្តជាមួយទឹកមុខមាំថា សំនួរដែលត្រូវចោទសួរនាពេលនោះថា តើយើងត្រូវធ្វើដូចម្តេចជាមួយដើមទុនប៉ុណ្ណឹង?កាលនោះតម្លៃផ្ទះ គឺថោកៗទេ ។ ផ្ទះជាន់ទី២ នៅផ្លូវមុន្នីវង្សដែលខ្ញុំបានទិញ គឺមានតម្លៃ ១ ជីកន្លះ និងផ្ទះជាន់ផ្ទាល់ដីតម្លៃ ៥ជី អញ្ចឹងយើងមានលុយតែមួយតម្លឹង អញ្ចឹងតើយើងត្រូវបែងចែកយ៉ាងដូចម្តេច ? ទី១ គឺទិញផ្ទះស្នាក់នៅ អញ្ចឹងយើងសម្រេចចិត្តទិញផ្ទះថោកជាងគេ នៅខាងលើ គឺនៅផ្ទះជាន់ទី២ តម្លៃ ១ ជីកន្លះ អញ្ចឹងយើងនៅសល់ ៧ ឬ ៨ ជី គឺយើងធ្វើជាដើមទុនលក់ក្រណាត់ដដែល ។
លោកបានបញ្ជាក់ថា «ប៉ុន្តែ យើងអត់មានតូបទេ ព្រោះកាលនោះនៅផ្សារអូរឬស្សី តូបមួយតម្លៃ ៥ ជី គឺតម្លៃស្មើនឹងផ្ទះល្វែងជាន់ក្រោមតាមបណ្តោយផ្លូវព្រះមុន្នីវង្សដែរ ។ អញ្ចឹងយើងអត់មានលទ្ធភាពទិញទេ ដូច្នេះតើយើងលក់ក្រណាត់របៀបម៉េចវិញ ? អញ្ចឹងប្រពន្ធខ្ញុំក៏និយាយថា«លុយយើងមានតិច អញ្ចឹងតើយើងត្រូវធ្វើម៉េច?ទិញផ្ទះនៅអស់ខ្លះហើយ បើទិញតូបទៀត គឺអស់ដើមទុនតែម្តង គឺគ្មានសល់លុយអីទៅទិញក្រណាត់នោះទេ ? ចេះតែដេកគិតថា មកនៅភ្នំពេញតើរកស៊ីអីបាន ? ខ្ញុំថា អត់ទិញតូបទេ ព្រោះបើទិញតូបទេ ព្រោះបើទិញតូបនឹងអស់លុយហើយ អញ្ចឹងខ្ញុំក៏គិតឃើញគំនិតមួយ គឺការលក់ចល័ត ។ លក់ចល័ត គឺខ្ញុំអាចនិយាយបានថា ចាប់ផ្តើមពីរូបខ្ញុំតែម្តង ព្រោះក្រោយមកទើបបានឃើញគេលក់ចល័តតាមដែរ» ។
តើការលក់ចល័តនាពេលនោះ លក់របៀបណា ? និយាយបណ្តើរអមជាមួយនឹងការផ្ទុះជាសំណើចមួយៗផងនោះ លោកឧកញ៉ា លី ហួរ បានពោលឡើងថា «យើងលក់នៅផ្សារអូរឬស្សីចល័តនោះ គឺពីដំបូងឡើយ គឺយើងមើលម៉ោង៧ឬ ៧ កន្លះអី គឺយើងដើរមើលតូប ព្រោះអ្នកលក់ដូរគេមកពីព្រលឹមៗ ។ អញ្ចឹងម៉ោង ៧ ឬ ៧ កន្លះអីយើងចាប់ផ្តើមដើរមើលតូបណា ដែលយើងគិតថា ម្ចាស់គេអត់មកលក់ អញ្ចឹងយើងក៏លក់នៅមុខតូបគេនឹង ។
អញ្ចឹងលក់យូរៗទៅគេអាណិតយើង គេដឹងថា យើងអត់មានតូបលក់ទេ អញ្ចឹងពេលគាត់ស្គាល់យើង គាត់ដឹងថា ថ្ងៃនេះ ឬថ្ងៃនោះគាត់មានធុរៈអត់មកលក់អី គឺគាត់មកប្រាប់យើងថា «ស្អែកទៅលក់តូបខ្ញុំទៅ ខ្ញុំឈប់ពីរថ្ងៃ» អញ្ចឹងដល់យូរៗទៅ យើងចេះតែបានលក់រាល់ថ្ងៃ តែពេលខ្លះពេលកំពុងតែរៀបឥវ៉ាន់ ម្ចាស់តូបគេមកដល់ល្មម ព្រោះពេលខ្លះម្ចាស់តូបគេមកបើកតូបគេរាងយឺតជាងរាល់ដង អញ្ចឹងយើងក៏ត្រូវរើចេញវិញ ។ នឹកដល់រឿងលក់ចល័ត ខ្ញុំក៏នឹកឃើញថា ហេតុអីក៏ខ្ញុំមានបញ្ញាចេះនឹកឃើញដល់ចំនុចនៃការលក់ចល័ត ។ ពេលនោះមិនដឹងម៉េចទេ ចេះតែគិតៗក៏នឹកឃើញរឿងលក់ចល័តហ្នឹង ព្រោះពេលនោះយើងអត់លទ្ធភាពទិញតូប អញ្ចឹងយើងអត់មានតូបនៅផ្សារលក់ត្រឹមត្រូវនឹងគេទេ ។
ពេលនោះ គឺលក់ចល័ត ដើរលក់គ្រប់តូប ហើយភ្ញៀវយើងធ្លាប់ទិញឥវ៉ាន់យើងនៅតូបនេះ ស្អែកឡើងគាត់ខំដើររកទៅឃើញយើងលក់នៅតូបខាងនោះវិញ ។ អញ្ចឹងក៏ជម្រាបប្រាប់ភ្ញៀវថា យើងលក់ចល័ត ។ លោកបានបន្តថា «ទម្រាំតែយើងមានលទ្ធភាពតិចទៅ ច្រើនដែល គឺជិតមួយឆ្នាំដែលយើងបានលក់ចល័ត អញ្ចឹងក៏បែកគំនិតថា ជួលតូបគេលក់ម្តង ព្រោះដំបូងៗយើងអត់ហ៊ានជួលទេ ព្រោះខ្លាចលក់អត់ដាច់ ខ្លាចរកលុយបង់ឈ្នួលឲ្យគេអត់បាន ។ ការពិតទៅការលក់ចល័ត គឺពិបាកមែន ព្រោះពេលខ្លះម្ចាស់តូបគេរាងយឺត យើងអត់ដឹង អញ្ចឹងខណៈពេលយើងកំពុងរៀបឥវ៉ាន់មុខតូបគេ ម្ចាស់តូបគេក៏មកដល់ អញ្ចឹងត្រូវរើឥវ៉ាន់ចេញទៀតទៅ» ។ ចំណែកការលក់ដូរកាលនោះ គឺទៅទិញក្រណាត់នៅកន្លែងបោះដុំនៅផ្សារអូឡាំពិក គឺយើងទិញជាក្រណាត់មួយអាវៗ ខណៈពេលនោះឈ្មួញគេមានលុយគេនាំក្រណាត់មកទាំងឡានៗពីកោះកុង ។លោកឧកញ៉ា លី ហួរ ដែលមនុស្សភាគច្រើនស្គាល់គាត់ថា ជាសេដ្ឋីរកស៊ីលក់មាសប្ដូរប្រាក់នៅស្រុកខ្មែរបានបន្តថា «រហូតដល់ឆ្នាំ១៩៨៦ ពេលនោះយើងមានលក់ក្រណាត់ច្រើនហើយ យើងឡើងលទ្ធភាពច្រើនគួរសម ។ ពេលនោះការរកស៊ីក្រណាត់ពិតជាហត់ណាស់ ហើយខ្ញុំក៏មានអារម្មណ៍ថា ហត់ដែរ អញ្ចឹងក៏ប្រាប់ទៅភរិយាខ្ញុំថា ខ្ញុំឃើញគេលក់មាសស្រួល ហើយជំនាន់នោះការទិញដូរលក់ក្រណាត់ គឺទិញជាមាស អញ្ចឹងខ្ញុំក៏ស្គាល់រឿងមាសនឹងដែរ ៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព