ខេត្តសៀមរាប៖ កម្លាំងនគរបាលចម្រុះនៃស្នងការដ្ឋានខេត្ត ដឹកនាំដោយឧត្តមសេនីយ៍ត្រី ជា គឹមសាន្ត ស្នងការរងទទួលការិយាល័យអន្តោប្រវេសន៍ និងវរសេនីយ៍ឯក តូច សុគន្ធ នាយការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី និងសម្របសម្រួលដោយលោក ជួន សុបញ្ញា ព្រះរាជ្ញអាជ្ញារងអមសាលាដំបូងខេត្តបានដឹកនាំកម្លាំងចម្រុះ ចុះឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រីចំនួន៣០នាក់ ដែលលួចឆ្លងដែនចេញពីប្រទេសវៀតណាមចូលកម្ពុជាតាមច្រករបៀង ។
ជនជាតិវៀតណាមទាំងនេះ ខ្លះមានលិខិតឆ្លងដែន និងខ្លះលួចចូលមកស្នាក់នៅខុសច្បាប់ក្នុងក្រុងសៀមរាប ហើយត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបញ្ជូនមកការិយាល័យជំនាញដើម្បីសួរនាំ និង រៀបចំត្រៀមបណ្តេញចេញពីខេត្តសៀមរាប នៃប្រទេសកម្ពុជា ។ការឃាត់ខ្លួនជនជាតិវៀតណាមទាំង៣០នាក់នេះ ធ្វើឡើងកាលពីវេលាម៉ោងប្រមាណ២រសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ នៅតាមផ្លូវបេតុង ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ។
លោកវរសេនីយ៍ឯក តូច សុគន្ធ នាយការិយាល័យនគរបាលស៊ើបអង្កេតនិងអនុវត្តនីតិវិធីខេត្ត បានប្រាប់នៅល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ថា ដោយមានការចង្អុលបង្ហាញពីលោកស្នងការនគរបាលខេត្ត បានឱ្យលោកស្នងការរង និងរូបលោកចុះសហការជាមួយកម្លាំងមូលដ្ឋាន ឃាត់ខ្លួនជនជាតិវៀតណាមចំនួន៣០នាក់ក្នុងនោះស្រី៨នាក់ ដែលលួចឆ្លងដែនចេញពីប្រទេសវៀតណាមចូលមកស្នាក់នៅខុសច្បាប់ក្នុងក្រុងសៀមរាប ។
ជនជាតិវៀតណាមប្រុសស្រីទាំង៣០នាក់ ត្រូវបានបញ្ជូនទៅស្នាក់ការត្រៀមបណ្តេញចេញប្រចាំខេត្តសៀមរាប នាវេលាម៉ោង៥ល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព