រាជធានីភ្នំពេញ៖ ទោះបីស្ថានភាពកូវីដ១៩ មិនទាន់បានធូស្បើយ ប៉ុន្តែវិស័យមួយចំនួនបានដំណើរការឡើងវិញ។ គេសង្ឃឹមថា សេដ្ឋកិច្ចអាចនឹងើបឡើងវិញប្រសិនបើថ្នាំវ៉ាក់សាំង ត្រូវបានគេរកឃើញក្នុងពេលឆាប់ៗខាងមុខនេះ។
លោក ង៉ែត ជូ ទីប្រឹក្សាសេដ្ឋកិច្ចមួយរូបនៅកម្ពុជាបានលើកឡើងថា ដូច្នេះប្រសិនបើយ៉ាងលឿនបំផុតមានវ៉ាក់សាំងត្រឹមដើមឆ្នាំ២០២១ នោះការចែកចាយចាក់វ៉ាក់សាំងបានទូលំទូលាយទូទាំងពិភពលោកក៏ត្រឹមចុងឆ្នាំ២០២១ដែរ ។ ដូច្នេះ លោកបានបន្តថា សេដ្ឋកិច្ចនឹងមិនអាចងើបឡើងវិញមុនដើមឆ្នាំ២០២២នោះទេ ។
លោកង៉ែត ជូ បានបន្តថា ហេតុដូច្នេះម្ចាស់អាជីវកម្មនៅកម្ពុជាតោងគិតថា ៖ ១- ម្ចាស់អាជីវកម្មត្រូវត្រៀមទប់ទល់នឹងវិបត្តិនេះ រហូតដល់ដើមឆ្នាំ២០២២ ។ ២- អ្នកវិនិយោគលើវិស័យដីធ្លីមិនគួរប្រញឹកវិនិយោគលឿនពេកនោះទេ ព្រោះវិបត្តិនឹងអូសបន្លាយ រយៈពេលយូរ ហើយឱកាសវិនិយោគនឹងមានពេញ១ឆ្នាំ (ក្នុងឆ្នាំ២០២១) ។
លោកបានបន្តថា លោកមើលថា នៅពេលវិបត្តិកូវីដ ១៩ បានធូរស្បើយលោកជឿជាក់ថា នឹងមានវិស័យមួយចំនួនឆាប់ងើបឡើងវិញដូចជា វិស័យអចលនទ្រព្យ ដីធ្លី ហើយក៏អាចជាវិស័យកាត់ដេរ ការនាំចេញទាក់ទង វិស័យធ្វើដំណើរអាចមានការកើនឡើង ដោយសារអ្នកដែលប្រើប្រាស់ផលិតផលអស់នឹង គឺគាត់មិនសូវធ្វើដំណើរមិនសូវបានទិញ សំលៀកបំពាក់អ្វីច្រើន ក្នុងអំឡុងពេលវិបត្តិនេះ ។ ប៉ុន្តែដល់ពេលចាប់ផ្តើមមានស្ថានភាពល្អប្រសើរ ឬដំណើរការឡើងវិញល្អនឹង គឺថា គាត់អាចនឹងមានតម្រូវការច្រើនទាក់ទងនឹងផលិតផលទាំងអស់នឹងក៏ដូចជា ការធ្វើដំណើរអីជាដើម ។
លោក ង៉ែត ជូ បានបន្តថា ការចេញដំណើរកម្សាន្តទៅបរទេសអាចមានច្រើន ដោយសារមនុស្សចាប់ផ្តើមមានទំនុកចិត្ត ចាប់ផ្តើមជឿជាក់ថា វាមានសុវត្ថិភាព ហើយបន្ទាប់ពីគាត់មិនចេញទៅណាយូរនឹង (និយាយងាយស្តាប់ មនុស្សខានដើរលេងយូរ) អ៊ីចឹងឱ្យតែមានឱកាស ឬឱកាសហុចឱ្យនឹងធ្វើដំណើរទេសចរណ៍ចេញទៅក្រៅប្រទេស ។ ហើយបើការចេញដំណើរ ឬធ្វើដំណើរក្រៅប្រទេស គឺការចំណាយការចាយក្នុងវិស័យទេសចរណ៍នឹងមានការកើនឡើង ដូចនេះពួកគាត់អាចដើរទិញសម្ភារៈប្រើប្រាស់ សម្ភារៈធ្វើដំណើរកម្សាន្តផ្សេងៗ ម្យ៉ាងវិញទៀតខាងវិស័យអាកាសចរណ៍ មានភាពសកម្មខ្លាំងឡើងវិញ ដូចនេះស្ថានភាពសេដ្ឋកិច្ចនឹងងាកមកភាពធម្មតាវិញ៕ ត្នោត