រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sokkurng Chhoeun កំពុងផ្សព្វផ្សាយលក់ ផលិតផលគ្រឿងសម្អាងគ្មានលេខប្រវេទន៍ និងគ្មានការទទួលស្គាល់ច្បាស់លាស់ និងបានណែនាំពលរដ្ឋ កុំប្រើ ប្រាស់នូវផលិតគ្រឿងសម្អាងទាំងនោះ ដើម្បីចៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬឈានដល់បាត់បង់អាយុជីវិតរបស់អ្នកប្រើប្រាស់ ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងដែលចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ បានបញ្ជាក់ថា ផលិតផលគ្រឿងសម្អាងគ្មានលេខប្រវេទន៍ និងគ្មានការទទួលស្គាល់ច្បាស់លាស់ ដែលម្ចាស់គណនី កំពុងផ្សព្វផ្សាយលក់នោះ រួមមាន៖ ១. WHITENING Booster B3 , ២. Blue Sapphire Soap , ៣ , Blue Serum , ៤ , Ginger Bee Venom Frotect UV , ៥.LZ Princess Whitening Night , Cream , ៦.LZ Princess Anti -Acne និងផលិតផលគ្រឿងសម្អាងដទៃជាច្រើនទៀត។
ដើម្បីចៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬឈានដល់បាត់បង់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាល បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ផលិតផលគ្រឿងសម្អាងទាំងនេះ ជាបន្តទៀត។ ជាមួយគ្នានោះ ក្រសួងសុខាភិបាល បានតម្រូវឲ្យម្ចាស់គណនីហ្វេសប៊ុកខាងលើ ត្រូវបញ្ឈប់ការនាំចូល លក់ ចែកចាយ និងផ្សព្វផ្សាយ ជាបន្ទាន់ និងប្រមូលផលិតផលខាងលើនេះមកកំទេចចោល។
ក្នុងសេចក្តីជូនដំណឹងខាងលើ បានបញ្ចាក់ទៀតថា ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹង ទៅតាមផ្លូវច្បាប់ចំពោះ ម្ចាស់ គណនីហ្វេសប៊ុកដដែលនោះ ស្តីពីច្បាប់វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថជាធរមាន។ បន្ថែមលើសពីនោះ ក្រសួងបានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋណា ដែលបានជួបប្រទះឃើញជនណាកំពុងលក់ និងចែកចាយ នូវផលិតផលគ្រឿងសម្អាងខាងលើនេះ ប្រញាប់ផ្តល់ព័ត៌មានជាបន្ទាន់ដល់ក្រសួងសុខាភិបាល ដើម្បីចាត់ការតាមផ្លូវច្បាប់៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព